ក្រុងហុងកុង ៖ ប្រធានាធិបតីចិន លោកស៊ីជីនពីងអះអាងកាលពីថ្ងៃទី១៦ធ្នូ ចំពោះប្រមុខប្រតិបត្តិក្រុងហុងកុងលោកស្រីការីឡាមថា លោកគាំទ្រជានិច្ចពុំងាករេដល់រដ្ឋាភិបាលហុងកុង ក៏ទោះបីចលនាស្និទ្ធប្រជាធិបតេយ្យនៅបន្តនិងការចាញ់ ក្នុងការបោះឆ្នោតមូលដ្ឋានក្ដី។
ហុងកុងជាទីក្រុងពាក់កណ្ដាលស្វយ័តនាភាគខាងត្បូងចិន ជួបប្រទះចាប់តាំងពីខែមិថុនាមក នូវបាតុកម្មជួនកាលដោយសន្តិវិធី ជួនកាលមានការប៉ះទង្គិចគ្នាហិង្សា រវាងប៉ូលិសនិងពួកបាតុកររ៉ាឌីកាល់ ព្រមទាំងអំពើបំផ្លិចបំផ្លាញនានា។ ប្រជាប្រិយភាពរបស់លោកស្រីឡាមបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពី៦ខែមកហើយរួចបាតុករមួយចំនួនរហូតដល់ទាមទារ ឲ្យលោកស្រីលាលែងចេញពីតំណែងទៀតផង។ ក៏ប៉ុន្តែលោកស៊ីជីនពីងអះអាងជាថ្មី កាលពីថ្ងៃទី១៦ធ្នូ ពេលលោកស្រីឡាមមកបំពេញទស្សនកិច្ចប្រចាំឆ្នាំនៅក្រុងប៉េកាំង ពីការគាំទ្ររបស់លោកចំពោះលោកស្រី។
ប្រធានាធិបតីចិនថ្លែងថា រដ្ឋាភិបាលកណ្ដាលទទួលស្គាល់ពេញទំហឹង ចំពោះភាពក្លាហាននិងការទទួលខុសត្រូវរបស់មេដឹកនាំហុងកុង ចំពោះអ្វីដែលលោកស្រីខិតខំពុះពារ ក្នុងដំណាក់កាលដ៏លំបាកនេះសម្រាប់ហុងកុង។ យើងនឹងបន្តផ្ដល់ការគាំទ្រដោយមិនងាករេរបស់យើង ចំពោះរដ្ឋាភិបាលដែលលោកស្រីដឹកនាំ។
ក្នុងឱកាសនៃការជួបពិភាក្សាគ្នាក្នុងវិមានប្រជាជនលោកស្រីឡាម បានថ្លែងអំណរគុណដល់ប្រធានាធិបតីចិន ចំពោះទំនុកចិត្តនិងការគាំទ្រដល់រដ្ឋាភិបាលហុងកុង និងរូបលោកស្រីផ្ទាល់ក្នុងពេលហុងកុងជួបប្រទះវិបត្តិដ៏ធំបំផុត៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ