ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតខ្មោច ប៉ុល ពត នៅលើភ្នំដងរែក​ព្រំ​ដែន​ខ្មែរ-ថៃ

4 ឆ្នាំ មុន
  • បាត់ដំបង

សា​ឡុ​ត ស Saloth Sar (១៩ ឧសភា ១៩២៥ ដល់​១៥ មេ​សា ១៩៩៨)…

សា​ឡុ​ត ស Saloth Sar (១៩ ឧសភា ១៩២៥ ដល់​១៥ មេ​សា ១៩៩៨) ដែល​មនុស្ស​ភាគច្រើន​ស្គាល់​ថា​ឈ្មោះ ប៉ុ​ល ពត ជា​អ្នក​បដិវត្ត​កម្ពុជា តាម​លទ្ធិ​ម៉ៅ និង​ជា​អ្នកដឹកនាំ​នៅ​ក្នុង​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៦៣​និង​ស្លាប់​ក្នុងឆ្នាំ​១៩៩៨ ។ ជា​ប្រវត្តិ​ពី​ឆ្នាំ​១៩៧៦ ដល់​ឆ្នាំ​១៩៧៩ ប៉ុ​ល ពត​ជា​នាយក​រដ្ឋ​ម​ន្រី្ត​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ ។

ប៉ុ​ល ពត បាន​ក្លាយជា​អ្នកដឹកនាំ​ប្រទេស​កម្ពុជា នា​ពាក់កណ្ដាល​ឆ្នាំ​១៩៧៥ ។ អំឡុង​ពេល​ដែល​គាត់​កាន់​អំណាច​គាត់​បាន​កែប្រែ​ថ្មី​នៃ​ការ​ធ្វើស្រែ​ចម្ការ បង្ខំ​ឱ្យ​អ្នក​ទីក្រុង​ទៅ​តាំងទី​លំនៅ​ថ្មី​នៅ​ឯ​ជន​បទ ដើម្បី​ធ្វើការ​ប្រមូល​ផល​កសិកម្ម និង​បាន​បង្ខំ​ឱ្យធ្វើ​ការ​ធ្ងន់​ៗ ឆ្ពោះទៅ​រក​គោលដៅ «​ការ​រីក​ចម្រើន​ឡើង​វិញ​» ក្នុង​ឆ្នាំ​សូន្យ ។

ការ​រៀបចំ​របប​ដ៏​ឃោរឃៅ​បាន​ជះ​ឥទ្ធិពល​ដល់​កម្លាំង​ពលកម្ម ការ​ហូប​មិន​គ្រប់គ្រាន់ ខ្វះ​ពេទ្យ​ព្យាបាល​ជំងឺ និង​ការ​ប្រហារជីវិត លទ្ធផល​អត្រា​ប្រជាជន​កម្ពុជា​បាន​ស្លាប់​ប្រមាណ​ជា​២០% តែ​តួលេខ​នេះ​នៅ​តែ​មជ្ឈដ្ឋាន​ខ្លះ​ថា​អាច​លើស​នេះ ។ ក្នុង​នោះ​ប្រជាជន​ប្រមាណ​ជា​១​លាន​៧​សែន​នាក់​ទៅ​២​លាន​៥​សែន​នាក់​បាន​ស្លាប់​ក្រោម​ការ​ដឹកនាំ​របស់​គាត់ ។ ក្នុង​ឆ្នាំ​១៩៧៩ បន្ទាប់​ពី​ការ​វាយលុក​ពី​សំណាក់​ប្រទេស​វៀតណាម​ក្នុង​សង្គ្រាម​កម្ពុជា​-​វៀតណាម ប៉ុ​ល ពត បាន​ភៀសខ្លួន​ទៅ​ក្នុង​ព្រៃ ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ហើយ​រដ្ឋាភិបាល​ខ្មែរក្រហម​ក៏​បាន​ដួល​រលំ ។

ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៧ ប៉ុ​ល ពត និង​អ្នក​ដែល​នៅ​តែ​ស្មោះត្រង់​ជាមួយ​របប​ខ្មែរក្រហម​បាន​ធ្វើ​ការងារ​នៅ​ភូមិភាគ​ព្រំដែន​ប្រទេស​កម្ពុជា​និង​ថៃ ដែល​ជា​កន្លែង​ដែល​ពួក​គេ​កាន់​អំណាច​ជាមួយ​ការ​ទទួលស្គាល់​ពី​អង្គការសហប្រជាជាតិ​ជា​រដ្ឋាភិបាល​ពេញ​ច្បាប់ ។ គាត់​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​១៩៩៨ នៅ​ក្រោមផ្ទះ​ដែល​ចាប់​ខ្លួន​ដោយ​បក្សពួក តា ម៉ុ​ក នៃ​របប​ខ្មែរក្រហម ។ ចាប់តាំងពី​ការ​ស្លាប់​រប​ស់ប៉ុល ពត​មក​ក៏ មាន​ពាក្យ​ចចាមអារ៉ាម​ថា​គាត់​ត្រូវ​បាន​ដាក់​ថ្នាំ​បំពុល​ឱ្យ​ស្លាប់ តែ​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​បដិសេធ ។ អ្វី​ដែល​មជ្ឈដ្ឋាន​មានការ​សោកស្តាយ​នោះ​គឺ​មិន​បាន​នាំ​ខ្លួន​ប៉ុ​ល ពត ឡើង​តុលាការ​កាត់ទោស​ឱ្យ​សក្តិ​សម​នឹង​អំពើ​មហា​ឧក្រិដ្ឋ​របស់​ខ្លួន ។

ពី​មនុស្ស​ម្នាក់​ដែល​គេ​កោតខ្លាច​និង​បញ្ជា​ឱ្យ​សម្លាប់​សមចិត្ត​របស់​ខ្លួន​គ្មាន​ការ​យោគយល់​បាន​ក្លាយជា​មនុស្ស​ឯកោ រស់​ក្រោម​ដំបូលផ្ទះ​តូច​មួយ​ក្នុង​ព្រៃ​ជាយ​ដែន​ថៃ​ក្នុងស្រុក​អន្លង់​វែង ។

តើ​ពិធី​បូជាសព​ប៉ុ​ល ពត មាន​ទិដ្ឋភាព​បែប​ណា ?
យោង​តាម​ឯកសារ​របស់​ក្រសួងទេសចរណ៍ ដែល​មាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​គ្រប់គ្រង និង​អភិ​វឌ្ឍន៍​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់​វែង​បាន​បញ្ជាក់​ថា ផ្ទះ​របស់​មេដឹកនាំ​ប៉ុ​ល ពត និង​ខៀវ សំ​ផ​ន ក្នុង​របប​ប្រល័យពូជសាសន៍ ដែល​បាន​រត់​ចេញពី​តំបន់​ប៉ៃលិន នៅ​ពេល​មាន​សង្គ្រាម​ប្រទាញប្រទង់​គ្នា​នោះ គឺ​តា​ម៉ុ​ក បាន​រៀបចំផ្ទះ​ប្រភេទ​ក្រោម​ដី​នៅ​តំបន់​ក្បាល​ទន្សោង លើ​ភ្នំ​ដងរែក ដែល​មាន​ចម្ងាយ​ពី​ទីរួមស្រុក​អន្លង់​វែង​២៤​គីឡូម៉ែត្រ ស្ថិត​នៅ​ភូមិ​អូរ​គ្រញូង ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរ​មានជ័យ ។

ផ្ទះ​បាន​សាងសង់​នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​១៩៩៣ កម្ពស់​មួយ​ជាន់ សង់​អំពី​ឥដ្ឋ​ចាក់​បេតុង ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់ត៍ នៅ​ក្រោម​ដី​សម្រាប់​ទុកដាក់​ឯកសារ និង​សម្ភារ​សំខាន់​ៗ​មាន​តម្លៃ​មួយ​ចំនួន ។ ចំណែកឯ​ផ្ទះ ខៀវ សំ​ផ​ន សាងសង់​ដូច​គ្នា​ស្ថិត​នៅ​ក្នុង​តំបន់​នោះ​ដូច​គ្នា​ដែរ ដែល​មាន​ការិយាល័យ​១ និង​ស្រះ​ចិញ្ចឹម​ត្រី​មួយ​នៅ​ក្បែរ​នោះ​ផង ។

នៅ​តំបន់​ក្បាល​ទន្សោង​ដែល​ផ្ទះ​ប៉ុ​ល ពត​, ខៀវ សំ​ផ​ន ស្នាក់​នៅ​នេះ គឺជា​ទីបញ្ជាការ​សម្រាប់​បញ្ជា​កម្លាំង​ទាហាន​នៅ​ពេល​នោះ​ផង​ដែរ ។ អ្នកស្រី ឃឹម សុ​ន កំពុង​នៅ​ថែរក្សា​ផ្នូរ​សព​ប៉ុ​ល ពត បាន​ថ្លែង​ថា មុន​ពេល​បើក​ច្រក​ជាំ​ស្រងាំ ប្រមាណ​៦​ឆ្នាំ​មុន អ្នកស្រី​មានការ​ងារ​ផ្នែក​កាត់ទោស ហើយ​បាន​មក​ទី​នេះ​ដោយ​មាន​សុទ្ធ​តែព្រៃ​ព័ទ្ធ​ជុំវិញ ត្រូវធ្វើ​ដំណើរ​ឡើង​តាម​ជើងភ្នំ​មក​ប្រមាណ​៤​ឬ​៥​គីឡូម៉ែត្រ​តាមដាន​ផ្លូវ​ម៉ូតូ​និង​ថ្មើរ​ជើង​ឡើង​ចុះ​តាម​ជើងភ្នំ ។ សម្រាប់​រថយន្ត​មិន​អាច​បើក​ចូល​មក​បាន​ឡើយ ។ អ្នកស្រី រៀបរាប់​ថា ពេល​មក​ដល់ ឃើញ​មាន​តែ​ទាហាន​នៅ​បោសសម្អាត​ថែរក្សា​ផ្ទះ​របស់​គាត់​មិន​ឲ្យ​បាត់បង់​ដោយ​បានការ​ណែនាំ​អំពី​ការ​រក្សា​ទុកជា​ប្រវត្តិសាស្ត្រ​ផង ។ គាត់​បាន​កាប់​ឆ្ការព្រៃ​ជុំវិញ​ផ្នូរ និង​លើក​ផ្លូវ ដោយ​សុំ​ការ​អនុញ្ញាត និង​ជំនួយ​ពី​«​មិត្ត​អាត​»​ផង​មក​នោះ​ទើប​មាន​ផ្លូវ​ចេញចូល​ដល់​ពេល​នេះ ។

ទីតាំង​ដែល​បាន​បូជាសព​ប៉ុ​ល ពត ស្ថិត​នៅ​លើ​ផ្ទៃដី​ទំហំ​១,២០៧​ហិ​កតា ដែល​មាន​ចម្ងាយ​១៣​គីឡូម៉ែត្រ​ពី​រង្វង់​មូល​ស្រុក​អន្លង់​វែង ។ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៦៧ នៅ​ជាប់​ច្រកព្រំដែន​កម្ពុជា​-​ថៃ នៅ​ជាំ​សា​ងាំ ស្ថិត​នៅ​លើ​ខ្នងភ្នំ​ដងរែក ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។ តាម​ឯកសារ​ថា ប៉ុ​ល ពត​ស្លាប់​នៅ​ថ្ងៃ​ទី​១៥ មេ​សា ឆ្នាំ​១៩៩៨ ដោយ​ជំងឺ​គាំងបេះដូង ។

ពេល​នោះ​មាន​អ្នកកាសែត​អា​មេ​រិ​ក​ឈ្មោះ ណេ​ត ថា​យើ​រ៍ បាន​ផ្តល់​ថ្នាំ​សម្រាប់​ចាក់​ដើម្បី​រក្សា​សាកសព​រយៈពេល​ពីរ​បី​ថ្ងៃ ហើយ​បន្ត​មក​ក៏​មាន​អ្នកកាសែត​អន្តរជាតិ​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទី​នោះ ដើម្បី​ថតរូប​សព និង​ធ្វើ​សេចក្តីរាយការណ៍​ពី​ការ​ស្លាប់​របស់​មេដឹកនាំ​ខ្មែរក្រហម​រូប​នេះ ដោយ​ក្រុម​អ្នកកាសែត​មាន​ច​ម្ង​ល់​ថា​ហេតុ​អ្វី​បានជា​សាកសព​រប​ស់ប៉ុល ពត មាន​សក់​ពណ៌​ខ្មៅ ? ពីព្រោះ​នៅ​ពេល​ដែល ប៉ុ​ល ពត ត្រូវ​បាន​កាត់ទោស​កាលពី​មួយ​ឆ្នាំ​មុន នា​ខែមីនា ឆ្នាំ​១៩៩៧ ប៉ុ​ល ពត មាន​សក់ស្កូវ​សោះ ។

ប្រពន្ធ ប៉ុ​ល ពត បាន​ឆ្លើយ​ប្រាប់​ទៅ​អ្នកកាសែត​វិញ​ថា​៖ (​ខ្ញុំ​បាន​លាប​សក់​ឲ្យ​គាត់ ដើម្បី​ក្លែងបន្លំ​ភៀសខ្លួន​ទៅ​ជំរំ​ភូ​ណ​យ​ក្នុង​ដី​ថៃ ដែល​ជា​ជំរំ​ចុង​ក្រោយ​របស់​ខ្មែរក្រហម​នៅ​ក្នុង​ខេត្ត​ស៊ី​សាកេ​ត​) បន្ទាប់​មក អ្នកកាសែត​បាន​យក​សក់ ប៉ុ​ល ពត ដើម្បី​ធ្វើ​កោសល្យវិច័យ ដោយ​លទ្ធផល​គឺ​ដូច​អ្វី​ដែល​ប្រពន្ធ​របស់ ប៉ុ​ល ពត បាន​និយាយ​មែន ។

សព​របស់ ប៉ុ​ល ពត ត្រូវ​បាន​បូជា​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៩៨ នៅ​វេលា​ម៉ោង​១០​ព្រឹក ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​ពី​ផ្ទះ​ខ្ទម​របស់​គាត់ ។ តាម​កាលបរិច្ឆេទ​ថ្ងៃ​បូជាសព​ប៉ុ​ល ពត​នេះ​គឺ​វា​ស្របគ្នា ដែល​កាលពី​ថ្ងៃ (១៧ មេ​សា ១៩៧៥ ) គឺជា​ថ្ងៃជ័យ​ជម្នះ​រប​ស់ប៉ុល ពត ក្នុង​ការ​ផ្តួលរំលំ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនាប្រមុខ លន់ ណុ​ល ។ ការ​បូជាសព​ប៉ុ​ល ពត គ្មាន​នរណា​ម្នាក់​ចូលរួម ក្រៅ​តែ​ពី​យោធា​ខ្មែរក្រហម​ឡើយ ដោយសារ​នា​ពេល​នោះ កងកម្លាំង​រាជរដ្ឋាភិបាល​កំពុង​វាយ​សម្រុកចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​តំបន់​នោះ ហើយ​យោធា​ខ្មែរក្រហម​ភាគច្រើន​រត់គេច​ចែកផ្លូវ​គ្នា​ពី​តំបន់​នោះ​ដែរ ។

យោធា​ដែល​នៅ​សេសសល់​ជិត​ស្និទ្ធ​ការពារ​ប៉ុ​ល ពត មិន​អាច​រក​អុស​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បូជាសព​បាន​នោះ​ទេ ដែល​យោធា​ទាំងនោះ​បាន​ប្រមូល​កៅអី​ឫស្សី សា​ឡុ​ង និង​កៅអី​ធ្វើ​ពី​ផ្តៅ ព្រមទាំង​កង់​ឡាន​ចាស់​ៗ ដាក់​ដុត​ជាមួយ​គ្នា​ពេល​នោះ​ទៅ ហើយ​យោធា​ខ្មែរក្រហម​ទាំងនោះ​ក៏​មិន​បាន​រើស​ឆ្អឹង​ទុក​ដែរ ដោយ​ឆ្អឹង​ទាំងអស់​ត្រូវ​ទុក​ចោល​នៅ​កន្លែង​ដុត​សព​នោះ​ហើយ​កប់​ក្នុង​ផ្នូរ​នេះ​តែ​ម្តង ។ អ្នកស្រី ឃឹម សុ​ន​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ស្លាប់​ហើយ​អង្គរក្ស​ផ្ទាល់​(​ត្រូវជា​ឪពុកមា​របស់​អ្នកស្រី​)​បាន​នាំ​ប្រពន្ធ​កូន​គាត់​ទៅ​រស់នៅ​ឯ​ស្រុក​ម៉ា​ឡៃ រហូត​ដល់​សព្វ​ថ្ងៃនេះ ៕

អត្ថបទសរសេរ ដោយ