ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិការ​វត្ត​កំពង់ព្រះ​រក្សា​ការពារ​ទីទួល​ប្រាសាទបុរាណ​មាន​វ័យ​ចំណាស់​ជាង​១​ពាន់​ឆ្នាំ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទីទួល​បុរាណ​ប្រាសាទ​ដែល​មានឈ្មោះ​ថា «​ទីទួល​ពិ​ស្រី ជ័យ​សូរ្យ​វង្ស កំពង់ព្រះ​» ស្ថិត​នៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ គឺជា​ទីទួល​ដែល​មាន​ប្រាសាទបុរាណ​មាន​វ័យ​ចំណាស់​ជាង​មួយ​ពាន់ឆ្នាំ…

ខេត្តកំពង់ឆ្នាំង ៖ ទីទួល​បុរាណ​ប្រាសាទ​ដែល​មានឈ្មោះ​ថា «​ទីទួល​ពិ​ស្រី ជ័យ​សូរ្យ​វង្ស កំពង់ព្រះ​» ស្ថិត​នៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ គឺជា​ទីទួល​ដែល​មាន​ប្រាសាទបុរាណ​មាន​វ័យ​ចំណាស់​ជាង​មួយ​ពាន់ឆ្នាំ ។ ថ្មី​ៗ​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា គណៈកម្មការ​គ្រប់គ្រង​វត្ត​នៅ​ទីទួល​បុរាណ​ប្រាសាទ​មួយ​នេះ ហាម​ធ្វើ​កំណាយ ឬ​បញ្ចុះសព​ជា​ដាច់ខាត​។

ចៅអធិការ​វត្ត​កំពង់ព្រះ ព្រះ​នាម អ៊ុំ សុគន្ធ មាន​ថេរ​ដីកា​ថា ចាប់តាំងពី​ទទួល​បាន​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ស្ដី​ពី​ការ​បញ្ឈប់​ការ​បញ្ចុះសព ការ​ធ្វើ​កំណាយ និង​ការ​ធ្វើ​សំណង់​រឹង លើ​ទីទួល​ប្រាសាទ​មួយ​នេះ ព្រះ​អង្គ​បាន​ខិតខំ​ការពារ​តាម​ការ​ណែនាំ​របស់​ក្រសួង ដោយ​មិន​អនុញ្ញាត​ដូច​មូ​ន​ទៀត​ឡើយ ពិសេស​គឺ​ការ​បញ្ចុះសព​នៅ​ពេល​រដូវ​ទឹក​ឡើង ដែល​ជាទី​ប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ​រស់នៅ​លើ​ទឹក ហើយ​អនុញ្ញាត​ត្រឹម​ឱ្យ​បូជាសព​តែ​ប៉ុណ្ណោះ មិន​អាច​បញ្ចុះ​បាន​ទៀត​ទេ​។ បច្ចុប្បន្ន​ព្រះ​អង្គ​កំពុង​តែ​យកចិត្តទុកដាក់​ថែរក្សា​លើ​ទីទួល​បុរាណ​ប្រាសាទ ក៏​ដូច​ជា​សម្អាត​នៅ​ទីធ្លា​ជុំវិញ​ប្រាសាទ​កំពង់ព្រះ​ជាដើម គឺ​ក្នុង​គោលបំណង​ថែរក្សា​ការពារ​នូវ​មរតក​វប្បធម៌​ដ៏​មាន​តម្លៃ​ទាំងនេះ មិន​ឱ្យ​បាត់បង់ ដើម្បី ទុកជា​កេរ​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ ។

ព្រះ​អង្គ អ៊ុំ សគ​ន្ឋ ក៏​បាន​សម្តែង​ទឹក​ព្រះ​ទ័យ​សោកស្តាយ​ថា កាលពី​ក្នុង​អំឡុង​ឆ្នាំ​២០១២ មាន​ក្រុមហ៊ុនទូរស័ព្ទ​មួយ​បាន​មក​ជីក​ធ្វើ​បង្គោល​អង់​តែ​ន​ហើយ​ក៏​បាន​ប៉ះ​ដល់​គ្រឹះ​ប្រាង្គ​ប្រាសាទ​មួយទៀត​ក្នុង​ចំណោម​ប្រាសាទ​ចំនួន​ពីរ​ដែល​កំពុង​នៅ​ឈរ​សព្វថ្ងៃ ។ ក្រោយមក​មន្ទីរ​និង​ក្រសួង​ជំនាញ​មាន​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ក្រុមហ៊ុន​ខាង​ហើយ​។ ប៉ុន្តែ​អ្វី​ដែល​ព្រះ​អង្គ​បានដឹង​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​គឺ​មាន​វត្ថុ​បុរាណ​មួយ​ចំនួន ត្រូវ​បាន​ក្រុម​អ្នក​ជីក​នោះ​លួច​យក​ទៅ ពេល​ដែល​ជីក​ធ្វើ​បង្គោល​អង់​តែ​ន ។

ព្រះ​អង្គ អ៊ុំ សគ​ន្ឋ មាន​ថេ​ដីកា​បន្ត​ថា កាលនោះ​ព្រះ​អង្គ​នៅ​ជា​យោធា​នៅឡើយ មិន​បានដឹង​រឿង​នេះ​ទេ តែ​ក្រោយ​ពេល​ព្រះ​អង្គ​បាន​បួស និង​ធ្វើ​ជា​ចៅអធិការ​វត្ត ទើប​ឮ​ប្រជាពលរដ្ឋ​បាន​ប្រាប់​ពី​រឿង​នេះ ហើយ​ត្រង់​ថា​ពិត​ឬ​មិន​ពិត​យ៉ាងណា ព្រះ​អង្គ​មិន​បានដឹង​ច្បាស់​ទេ ហើយ​បើ​ពិតមែន គឺ​គួរ​ឱ្យ​សោកស្តាយ​ខ្លាំង​ណាស់​។

បច្ចុប្បន្ន ក្រសួង​វប្បធម៌​បាន​ប្រក់​ដំបូល​ការពារ​លើ​គ្រឹះ​ប្រាសាទ ដែល​ធ្វើ​កំណាយ​ទៅ​ប៉ះ​ចំ​នោះ​ហើយ ដោយ​មិន​ឱ្យ​មាន​នរណា​មក​បៀតបៀន​ទៀត​ឡើយ ។ ព្រះ​អង្គ​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​ក្នុង​មួយ​ឆ្នាំ​ម្ដង​មក​រស់នៅ​ជុំវិញ​ទីទួល​ប្រាសាទ​នេះ​ពេល​ខែ​ទឹក​ឡើង មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​យក​ថ្ម ឬ​ឥដ្ឋ​បុរាណ​ចេញពី​ទួល​ប្រាសាទ​នោះ​ឡើយ ។

សូម​រំលឹក​ដែរ​ថា តាម​ការ​បញ្ជាក់​របស់​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ប្រាសាទ​កំពង់ព្រះ​កសាង​ឡើង​ក្នុង​ចន្លោះ​សតវត្ស​ទី​៧ និង​ទី​៨ ក្នុង​រជ្ជកាល​គ្រង​រាជ​ដោយ​ព្រះ​នាង​ជ័យ​ទេវី ដែល​គិត​មក​ដល់​ពេល​នេះ​មាន​អាយុ​ជាង​១​ពាន់​ឆ្នាំ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ