ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើកភ្លើង​ខៀវ ការ​វះកាត់​ដូរ​ក្រលៀន ​និង​សរីរាង្គ​ស្របច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ បាន​ប្រកាស​ឲ្យ​ដឹង​ថា ការ​វះកាត់​ដូរ​ក្រលៀន…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ បាន​ប្រកាស​ឲ្យ​ដឹង​ថា ការ​វះកាត់​ដូរ​ក្រលៀន និង​សរីរាង្គ​មួយ​ចំនួន​របស់​មនុស្ស អាច​ធ្វើ​បានដោយ​សុវត្ថិភាព​នៅ​មន្ទីរ​ពេទ្យ​យោធា ឬ​ហៅ​ថា​មន្ទីរពេទ្យ​ព្រះ​កេតុមាលា នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​ឡើយ ។

ការ​ប្រកាស​ឲ្យ​ដឹង​បែប​នេះ គឺ​ក្នុង​ឱកាស​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ពេទ្យ​ចំនួន​២.៥៨៨​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​ប្រកបដោយ​ជោគជ័យ ។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​យក​ឱកាស​នេះ ដើម្បី​ចែករំលែក​និង​ជម្រាប​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​របស់​យើង​ឲ្យ​បាន​ជ្រាប​ថា ការ​ដូរ​ក្រលៀន​ឬ​សរីរាង្គ​មួយ​ចំនួន គឺ​ធ្វើ​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់យើង​ដោយ​សុវត្ថិភាព គឺ​នៅ​ក្នុង​មន្ទីរពេទ្យ​កងទ័ព(​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​) របស់​យើង​តែ​ម្ដង​» ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត​ដល់​បងប្អូន​ដែល​កំពុង​ជួប​បញ្ហា​ដូរ​ក្រលៀន កុំ​អស់សង្ឃឹម​ឲ្យ​សោះ ទោះបី​គ្មាន​ប្រាក់​គឺ​ឲ្យតែ​មាន​សាច់ញាតិ​បងប្អូន​កូនចៅ ឬ​គ្រួសារ​អ្នកជំងឺ​មាន​ក្រលៀន​ប្រភេទ​ដូច​គ្នា គឺ​អាច​មក​ពិភា​ក្សា​ព្យាបាល និង​ដោះ​ដូរ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​បាន ដែល​មានគុណ​ភាពល្អ​ដូច​មន្ទី ពេទ្យ​នៅ​ក្រៅប្រទេស​ដែរ ។លើស​ពី​នេះ​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ឲ្យ​កាន់តែ​មានគុណ​ភាព ប្រសិទ្ធភាព​ខ្ពស់ ជាមួយ​បច្ចេកវិទ្យា​ទំនើប​ថ្មី​ៗ ដើម្បី​ឲ្យ​ស័ក្តិ​សមជា​កន្លែងព្យាបាល​របស់​ជាតិ ក្នុង​ការ​បម្រើសេវា​សុខភាពជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ។

បច្ចុប្បន្ន អ្នកជំងឺ​ដែលស្វែងរក​ការ​ដូរ​ក្រលៀន​បាន​វេច​លុយ​យ៉ាងតិច​៥​ម៉ឺន​ដុល្លារ ទៅ​រក​សេវា​ដូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​ដែល​មាន​តម្លៃ​ថោក ។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុននៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ក៏​មានការ​ដូរ​សរីរា​ង្គ​នេះ​ដែរ តែ​ពេល​នោះ​មានការ​លួចលាក់​ទើបត្រូវ​បាន​ហាមឃាត់ មិន​ឱ្យ​មានការ​ធ្វើ​អាជីវកម្ម​ដូរ​សរីរាង្គ​តទៅ​ទៀត​នោះ ៕​

អត្ថបទសរសេរ ដោយ