ប្រទេសប្រេស៊ីល ៖ យោងតាមបណ្ដាទិន្នន័យផ្លូវការទទួលបានតាមរយៈផ្កាយរណបហើយចេញផ្សាយនាថ្ងៃទី១៤ធ្នូដោយAFPថា ការកាប់បំផ្លាញព្រៃអាម៉ាហ្សួន នៅប្រេស៊ីលមានការកើនឡើងជាងទ្វេដងក្នុងខែវិច្ឆិកា។
យោងតាមវិទ្យាស្ថានស្រាវជ្រាវអវកាស ជាអង្គការរដ្ឋមួយ ទទួលបន្ទុកវាស់ស្ទង់ទំហំនៃការកាប់បំផ្លាញព្រៃឈើថា ជាមួយការកាប់បំផ្លាញព្រៃឈើអស់៥៦៣គីឡូម៉ែត្រក្រឡា នោះជាតួលេខខ្ពស់បំផុតនៃការបំផ្លាញព្រៃឈើក្នុងរយៈពេលតែ១ខែ ពុំធ្លាប់មានចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៥មក។
សម្រាប់១១ខែដំបូងនៃឆ្នាំនេះ ដែលជួនគ្នាជាមួយការចាប់ផ្ដើមកាន់អំណាចរបស់ប្រធានាធិបតីស្ដាំនិយមជ្រុលលោកហ្សាអៀបុលសូណារ៉ូកាលពីខែមករា ការកាប់បំផ្លាញព្រៃឈើអាម៉ាហ្សួនមានដល់៨.៩៧៤,៣១គីឡូម៉ែត្រក្រឡា។ ការបំផ្លាញព្រៃឈើនេះមានដល់ជិតទ្វេដងនៃការបំផ្លាញព្រៃឈើសរុបពីខែមករាមកខែវិច្ឆិកាឆ្នាំ២០១៨(៤៨៧៨,៧គីឡូម៉ែត្រក្រឡា) ដែលមានការកើនឡើង៨៣,៩%។
ព្រៃអាម៉ាហ្សូន គឺជាព្រៃត្រូពីកាល់ធំជាងគេបំផុតលើពិភពលោក បានបាត់បង់ព្រៃឈើដល់ទៅ១០.១០០គីឡូម៉ែត្រក្រឡាក្នុងរយៈពេលតែ១ឆ្នាំទល់នឹង៧.០៣៣គីឡូម៉ែត្រក្រឡា រវាងខែសីហាឆ្នាំ២០១៧និងខែកក្កដាឆ្នាំ២០១៨៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ