ប្រទេសថៃ ៖ មនុស្សច្រើនពាន់នាក់កាលពីថ្ងៃទី១៤ធ្នូ បានលើកគ្នាធ្វើបាតុកម្មនៅក្រុងបាងកក តាមការអំពាវនាវរបស់មេដឹកនាំប្រឆាំងសំខាន់មួយរូប លោកTHANATHORN JUANGROONGRUANGKIT ដែលនោះជាបាតុកម្មធំលើកដំបូងនៅថៃចាប់តាំងពីការបោះឆ្នោតសភា ដ៏ចម្រូងចម្រាស់កាលពីខែមីនាមក។
លោកប្រាយុទ្ធចាន់អូចា ដែលកាន់អំណាចចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០១៤មក ជាអ្នកដណ្ដើមបានជ័យជម្នះ ក្នុងការបោះឆ្នោតនេះ ហើយលោកបានក្លាយជាប្រមុខរដ្ឋាភិបាលស៊ីវិល។ ពួកបាតុករបានលើកប៉ង់កាតនានា ទាមទារលទ្ធិប្រជាធិបតេយ្យ ហើយគាំទ្រគណបក្សFUTURE FORWARD ដឹកនាំដោយមហាសេដ្ឋីវ័យក្មេង លោកTHANATHORN JUANGROONGRUANGKIT។
គណបក្សនោះបានក្លាយកាលពីខែមីនា ជាកម្លាំងនយោបាយធំទី៣របស់ប្រទេស ដោយដណ្ដើមបានសំឡេងឆ្នោតដល់ទៅជាង៦លានសំឡេង ពិសេសក្នុងចំណោមយុវវ័យ ដែលមានការព្រួយបារម្ភចំពោះតួនាទីរបស់កងយោធាក្នុងនយោបាយ។ ប្រមុខគណបក្សFUTURE FORWARD បានធ្វើការអំពាវនាវឲ្យមានបាតុកម្ម របស់បណ្ដាអ្នកដែលមិនអាចអត់អោនចំពោះបណ្ដាលក្ខខណ្ឌសង្គមបច្ចុប្បន្ន។
ៅមុខពួកបាតុករលោកTHANATHORNថ្លែងថា យើងចង់បង្ហាញអំណាចរបស់ប្រជាជនដែលដាច់ខាតមិនអាចទ្រាំបានចំពោះស្ថានភាពបែបនោះ។ ពេលនេះយើងប្រមូលផ្ដុំគ្នាហើយយើងចង់និយាយថា យើងមិនខ្លាចនោះទេ។
ប៉ូលិសថៃគូសបញ្ជាក់នាថ្ងៃទី១៤ធ្នូថា ប៉ូលិសប្រមាណជា១៥០នាក់់ បានដាក់ពង្រាយ នៅកណ្ដាលក្រុងបាងកកនាឱកាសនៃបាតុកម្មនេះ។
ក្រោយរដ្ឋប្រហារឆ្នាំ២០១៤និងការឡើងកាន់អំណាចនៃរបបយោធា ពុំមានបាតុកម្មធំដុំណាមួយត្រូវបានរៀបចំធ្វើឡើយ។ ប្រជាប្រិយភាពរបស់គណបក្សFUTURE FORWARDនិងបណ្ដាអ្នកគាំទ្រគណបក្សនេះនាំឲ្យកងទ័ពក្ដៅក្រហាយ ដោយធ្វើសកម្មភាពនានានៅតុលាការប្រឆាំង ប្រមុខគណបក្សនោះចាប់តាំងពីការបោះឆ្នោតខែមីនាមក។ គណបក្សនេះរងការគំរាមរំលាយចោលទៀតផង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ