ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហ៊ុន សែន ៖ ពិព័រណ៍​ផលិត​ផល​​ខែ្ម​រ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​នឹង​ធ្វើ​​ឱ្យ​ពាណិជ្ជករ​ទាំងអស់​ចាប់​យក​ឱកាស​​ថ្មី​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​កម្ពុជា លើក​ទី​១៤ កម្រិត​អន្តរជាតិ​ឆ្នាំ​២០១៩ ដែល​មាន​ស្តង់​ដាក់​បង្ហាញ​ផលិតផល​៣៧២​ស្តង់ ដែល​បាន​បើក​សម្ពោធ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ…

រាជធានី​ភ្នំពេញ ៖ ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​កម្ពុជា លើក​ទី​១៤ កម្រិត​អន្តរជាតិ​ឆ្នាំ​២០១៩ ដែល​មាន​ស្តង់​ដាក់​បង្ហាញ​ផលិតផល​៣៧២​ស្តង់ ដែល​បាន​បើក​សម្ពោធ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ពិព័រណ៍​កម្រិត​អន្តរជាតិ​នេះ នឹង​ធ្វើ​ឱ្យ​ពាណិជ្ជករ​ទាំងអស់​នៅ​ក្នុងស្រុក និង​ក្រៅ បាន​យល់​កាន់តែ​ច្បាស់​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា ហើយ​ប្រើ​ឱ្យ​អស់​លទ្ធភាព​អាទិភាព​ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា «​តាម​រយៈ​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​អន្តរជាតិ​ថ្ងៃនេះ នឹង​ធ្វើ​ឱ្យ​ពាណិជ្ជករ​, សហគ្រិន​,​វិនិយោគិន​, ធុរជន​ទាំង​ក្នុង និង​ក្រៅប្រទេស នឹង​បាន​យល់​កាន់តែ​ច្បាស់​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា ហើយនឹង​ចាប់​យក​ឱកាស​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​នូវ​សម្បទាន​អាទិភាព​ទាំងឡាយ​ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​សម្រាប់​ធ្វើការ​វិនិយោគ និង​ធ្វើ​ធុរកិច្ច​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ថា ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​កម្ពុជា បាន​ឆ្លុះ​បញ្ចាំង​ពី​បរិយាកាស និង​វិនិយោគ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា តាម​រយៈ​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព​សង្គម ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ដែល​បាន​ផ្តល់​ឱកាស​ដល់​ធុរជន​កម្ពុជា និង​ធុរជន​បរទេស​ទាំងអស់​បាន​ជួប​ពិភាក្សា​គ្នា ដើម្បី​ជំរុញ​ការ​ធ្វើ​ធុរកិច្ច និង​ការ​វិនិយោគ និង​ការ​រៀបចំ​ពិព័រណ៍​ក្នុងស្រុក​,​ពិព័រណ៍​អន្តរជាតិ ពិព័រណ៍​ចិន​អាស៊ាន និង​ពិព័រណ៍​ពិភពលោក​ជាដើម​។

សម្តេច​សង្កត់ធ្ងន់​ថា «​ព្រឹត្តិការណ៍​ទាំង​អស់នេះ គឺជា​កាលានុវត្តភាព​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុ​ពល​វិនិយោគ​របស់​កម្ពុជា ជា​ឱកាស​ស្វែងរក​ទីផ្សារ​នាំ​ចេញ ការ​ផ្សព្វផ្សាយ​វប្បធម៌​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ដទៃ​ទៀត​ដូច​ជាមួយ​ប្រទេស​ដៃគូ​នានា​នៅ​ក្នុង​តំបន់​និង​ពិភពលោក​។ ដើម្បី​ធានា​បរិយាកាស​សម្រាប់​ធុរកិច្ច​ប្រកបដោយ​បរិ​យា​យ័ន្ន និង​តម្លាភាព ជា​ពិសេស​ការ​រក្សា​បាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ ជាមួយ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​បើកចំហរ​ចំពោះ​វិនិយោគិន​ទាំងអស់ ដើម្បី​ចូល​មក​វិនិយោគ ឬ​បង្កើត​ធុរកិច្ច​នៅ​កម្ពុជា​»​។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ថា ព្រឹត្តិការណ៍​អន្តរជាតិ​ល​ខាងលើ​នេះ រៀបចំ​ឡើង​ដោយ​មានការ​គាំទ្រ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​ដូច​ជា ប្រទេស​ចិន​, ជប៉ុន​, ឥណ្ឌូ​នេ​ស៊ី​, ថៃ​, ម៉ា​ឡេ​ស៊ី​, មី​យ៉ា​ន់​ម៉ា​, វៀតណាម និង​ប្រទេស​ឡាវ ព្រមទាំង​មន្ទីរ​ពាណិជ្ជកម្ម​កម្ពុជា​ទាំង​២៥ រាជធានី​-​ខេត្ត​, សភា​ពាណិជ្ជកម្ម​កម្ពុជា​, សហព័ន្ធ​ស្រូវ​អង្ករ​, អង្គការ​, សមាគម​អាជីវកម្ម​, ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ពិព័រណ៍​នេះ មាន​ស្ដង់​សរុប​ចំនួន​៣៧២​ស្ដង់ ហើយ​ទំនិញ និង​សេវា​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ព្រឹត្ដិការណ៍​ពាណិជ្ជកម្ម​នេះ​មាន ៖ ផលិតផល​កសិកម្ម​ក​សិ​-​ពាណិជ្ជកម្ម ផលិត​ផល​​សិប្បកម្ម ផលិតផល​ធ្វើ​ពី​សូត្រ​អង្ករ​, ម្រេច​, ដំឡូង​មី​, វត្ថុ​អនុស្សាវរីយ៍ សម្ភារៈ​ការិយាល័យ​, ក្រណាត់ និង​សម្លៀក​បំពាក់​សម្ភារៈ​ប្រើប្រាស់​ទូទៅ​ផលិតផល​សម្រាប់​តុបតែង​ក្នុង​គេហដ្ឋាន គ្រឿងអលង្ការ និង​ត្បូង​ថ្ម​មាន​តម្លៃ​ផលិតផល​ឱសថ​បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង ម្ហូបអាហារ​កែ​ច្នៃ​និង​ភេសជ្ជៈ គ្រឿង​ឧបភោគ​-​បរិភោគ ផលិតផល​បា្ល​ស្ទីក គ្រឿង​អេ​ឡិច​ត្រូ​និក គ្រឿងបន្លាស់ គ្រឿង​សង្ហា​រឹម ផលិតផល​ពាក់ព័ន្ធ​វិស័យ​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា គ្រឿង​ម៉ាស៊ីន សម្ភារៈ​សំណង់ ផលិតផល​បម្រើ​ឲ្យ​សេវា​សណ្ឋាគារ​ទេសចរណ៍ សេវា​អប់រំ​សេវា​ធនាគារ និង​គម្រោង​វិនិយោគ ជាដើម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ