ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាប្រដាល់​សេរី​យំ​អាណិត​ខ្លួន បន្ទាប់​ពី​តំណាង​អយ្យការ​សម្រេច​ទោស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​អតីត​កីឡាប្រដាល់​សេរី​ម្នាក់​នេះ​បាន​ក្លាយជា​ចោរលួច​រថយន្ត​កាលពី​រសៀល​ថ្ងៃ​ទី​១០ ធ្នូ នៅ​ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​ទី​១​នោះ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​អតីត​កីឡាប្រដាល់​សេរី​ម្នាក់​នេះ​បាន​ក្លាយជា​ចោរលួច​រថយន្ត​កាលពី​រសៀល​ថ្ងៃ​ទី​១០ ធ្នូ នៅ​ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​ទី​១​នោះ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ត្រូវ​បាន​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ពី​បទ លួច ។ ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​សំណុំរឿង​នេះ បាន​ចាត់​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​អតីត​កីឡាប្រដាល់​សេរី​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ អែម ចាន់​ឌី អាយុ​២៨​ឆ្នាំ មុខរបរ ដើរ​រើស​អេ​ត​ចាយ​អតីត​ជា​កីឡាប្រដាល់​សេរី ហើយ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១០ ធ្នូ នៅ​ចំណុច​បន្ទប់​លេខ​១១ (​ផ្ទះ​ជួល​មួយ​កន្លែង​) ក្នុងភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អ្វី​ដែល​គួ​ឲ្យ​កត់សម្គាល់​នោះ​ឃើញ​ថា ក្រោយ​ពេល​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់ ជនសង្ស័យ​ឈ្មោះ អែម ចាន់​ឌី បាន​អង្គុយ​យំ​ស្រណោះ​ខ្លួន​រៀបរាប់​មុន​ពេល​សមត្ថកិច្ច​នាំ​ទៅ​ពន្ធនាគារ ។

ហើយ​ជនសង្ស័យ​និយាយ​បណ្តើរ​បង្ហូរទឹកភ្នែក​បណ្តើ​រថា គេ​ជា​ក្មេង​កំព្រា​ត្រូវ​ឪពុក​ម្តាយ​បាត់បង់​ជីវិត​ចោល​តាំងពី​អាយុ​៥​ឆ្នាំ រហូត​មក​ដល់​ពេល​នេះ​សូ​ម្បី​បងប្អូន​ក៏​គ្មាន​ដែរ ។ ក្នុង​វ័យ​អាយុ​៥​ឆ្នាំ រូបគេ​ចាក​ចេញពី​ស្រុក​កំណើត​ឯ​ខេត្តកំពត មក​រស់នៅ​ភ្នំពេញ​ជាមួយ​ក្រុម​មនុស្ស​អាណា​ថា​ដូច​គ្នា ហើយ​ប្រកប​មុខរបរ​រើស​អេ​ត​ចាយ ដើម្បី​ចិញ្ចឹម​ក្រ​ពេះ ។

លុះ​ខ្លួន​ធំ​ពេញវ័យ បាន​ទៅ​សុំ​គេ​សិក្សា​មុខរបរ​ប្រដាល់សេរី​នៅ​ក្លឹ​ប ចំណែក​ខ្លួនឯង​មាន​រហ័ស​នាម​ថា «​និរោធ​សែន​ជ័យ​» ការ​ស្នាក់​នៅ និង​ហូប​ចុក​នៅ​ក្លិប​នោះ​តែ​ម្តង ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​ជីវិត​គេ​មាន​រស្មី និង​បាន​បោះបង់​ចោល​មុខរបរ​ដើរ​រើស​អេ​ត​ចាយ ។ ក៏​ប៉ុន្តែ​ការ​រស់នៅ​ក្នុង​ក្លិប​មិនសូវ​ជា​ស្រួល​ប៉ុន្មាន​ទេ ព្រោះ​ខ្លួន​ជា​មនុស្ស​អាណា​ថា គេ​តែងតែ​ប្រើ​ឲ្យ​ធ្វើ​ការងារ​មិនសូវ​ទំនេរ​ដូច​ជា​បោស​ជូត និង​បោកគក់ ជាដើម ។

ក្នុង​ចន្លោះ​អាយុ​២០​ឆ្នាំ​តិចតួច ខ្លួន​ឡើង​លើ​សង្វៀន​ប្រដាល់​ក្នុងស្រុក​ចំនួន​ជាង​២០​លើក មាន​ឈ្នះ មាន​ចាញ់ មិនតែប៉ុណ្ណោះ​ខ្លួន​ក៏​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស គឺ​ប្រទេស​ថៃ​២ លើក ឈ្នះ​១​លើក នឹង​ចាញ់​១​លើក ។ លុះ​អាយុ​ប្រហែល​២៣ និង​២៤​ឆ្នាំ ស្រាប់តែ​ក្លិប​ប្រដាល់​បាន​បញ្ឈប់ និង​បណ្តេញ​គេ​ចេញ មូលហេតុ​ថា គេ​វ៉ៃ​លែង​កើត ។ ក្រោយ​ពេល​ក្លិប​ប្រដាល់​បណ្តេញចេញ គេ​ក៏​ធ្លាក់ខ្លួន​ទៅ​ជា​ជនអនាថា​ដើរ​រើស​អេ​ត​ចាយ​លក់​វិញ និង​ទៅ​ជួល​បន្ទប់​ស្នាក់​នៅ​ម្នាក់ឯង​ក្នុង​១​ខែ​២០​ដុល្លារ ។

និយាយ​ផង យំ​ផង អតីត​កីឡាប្រដាល់​សេរី​បន្ត​ថា ជីវិត​អ្នក​រើស​អេ​ត​ចាយ​លក់ គឺ​ក្នុង​១​ថ្ងៃ​បាន​១០ ០០០​ទៅ​១៥ ០០០​រៀល គ្រាន់​ដោះ​ដូរ​បាយ នឹង​ថ្លៃ​ឈ្នួល​ផ្ទះ តែ​យ៉ាង​ក្តី​ក៏​ខ្លួន​មិន​បាន​ប្រព្រឹត្តិ​អំពើ​ល្មើសច្បាប់​ដែរ ។

ហើយ​ចំពោះ​ការ​ចាប់ខ្លួន និង​ចោទប្រកាន់​ថា ជា​ចោរលួច​រថយន្ត​នោះ​ខ្លួន​ទទួលស្គាល់ តែ​រឿង​មិនមែន​ដូច្នោះ​ទាំងស្រុង​ទេ គឺ​នៅ​ពេល​កើតហេតុ​ខ្លួន​ចេញ​បន្ទប់​ជួល​មួយ​កន្លែង​ក្នុងភូមិ​ថ្មគោល ១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​គោលបំណង​ដើរ​រើស​អេ​ត​ចាយ​លក់ ពេល​នោះ​ឃើញ​រថយន្ត​ដឹក​ទំនិញ​១​គ្រឿង ដែល​ម្ចាស់​ចត​ទុក​នៅ​ផ្លូវ និង​មាន​កូនសោ​កង់​តាក់​ជាប់​ទៀត​ផង ។ ឃើញ​ដូច្នោះ​ខ្លួន​ក៏​ឡើង​កាច់​សោរ​បញ្ឆេះ ហើយ​បើក​ចេញ​ទៅ ប៉ុន្តែ​មិន​មាន​គោល​ដៅ​ថា បើក​ទៅ​ណា​ឲ្យ​ច្បាស់លាស់​ទេ គឺ​បើក​សាកមើល​ដែល​កន្លង​មក ខ្លួន​ចេះ​តិចតួច​ដែរ។

លុះ​បើក​បាន​មួយ​ជុំ ក៏​យក​ទៅ​ទុក​ឲ្យ​ម្ចាស់​វិញ គ្រាន់តែ​មិន​បាន​ដាក់​ដល់​កន្លែង​ដើម​ទេ ខ្លាច​ម្ចាស់​គេ​វ៉ៃ រួច​ក៏​ដើរទៅ​បន្ទប់​ជួល​ស្នាក់​នៅ​ធម្មតា​វិញ ស្រាប់តែ​៤​ថ្ងៃ​ក្រោយមក ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។ ពេល​នេះ​ខ្លួន​ទទួលខុស​ហើយ តែ​មិន​ចង់​ជាប់​ពន្ធនាគារ​ឲ្យ​មានឈ្មោះ​ជា «​ចោរ​» នោះ​ទេ និង​សុំ​មិន​ឲ្យ​កើត​មាន​ជា​លើក​ទី​២​ដែរ ព្រោះតែ​ខ្លួន​ជា​ក្មេង​កំព្រា​កុំ​ឲ្យ​អភ័ព្វ​ពេក ។

នៅ​ចំពោះ​មុខ​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ជនសង្ស័យ​អាច​ជា​មនុស្ស​ខូច​ប្រព័ន្ធ​សរសៃប្រសាទ ព្រោះ​គេ​ជា​កីឡាប្រដាល់​ឡើង​វ៉ៃ​ច្រើន​ប៉េះ​ពាល់​ក្បាល ធ្វើ​អារម្មណ៍​មិន​បាន​គិត​វែង​ឆ្ងាយ ។ ទោះជា​យ៉ាងណា ជនសង្ស័យ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ និង​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើក​ការ​ស៊ើបអង្កេត និង​ជំនុំជម្រះ​ទោស​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ