ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេក គឹ​ម​រួន កក់​កៅអី​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាន​សម្រេច ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ សេក គឹ​ម​រួន​មក​ពី​ក្លិប​មកុដ​រាជសីហ៍ កក់​កៅអី​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត​«​កម្ពុជា សង្វៀន​គុនខ្មែរ​» បាន​សម្រេច បន្ទាប់​ពី​ប្រើ​ស្នៀត​កណ្ដាប់ដៃ​វាយ​ផ្ដួល​កីឡាករ អេ​លី​ត…

រាជធានី​ភ្នំពេញ ៖ កីឡាករ សេក គឹ​ម​រួន​មក​ពី​ក្លិប​មកុដ​រាជសីហ៍ កក់​កៅអី​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត​«​កម្ពុជា សង្វៀន​គុនខ្មែរ​» បាន​សម្រេច បន្ទាប់​ពី​ប្រើ​ស្នៀត​កណ្ដាប់ដៃ​វាយ​ផ្ដួល​កីឡាករ អេ​លី​ត ភក្ដី មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​ទី​៣ នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​សៅរ៍​ទី១៤ ខែធ្នូ ។

សម្រាប់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​២ គូ​នេះ​មានប្រៀប​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​គ្រាន់តែ​ចូល​ដល់​ដើម​ទឹក​ទី​៣​ភ្លាម កីឡាករ​ចាស់វស្សា សេក គឹ​ម​រួន បាន​សម្រុកចូល​កៀក​បញ្ជូន​ស្នៀត​កណ្ដាប់ ដៃ​វាយ​សន្ធាប់​ទៅ​លើ​ផ្ទៃមុខ​និង​ពោះ​ទឹក អេ​លី​ត ភក្ដី ផ្ទួន​ៗ ហើយ​ក៏​បាន​ម៉ាត់​ត្រូវ​ចំ​កណ្ដាល​មុខ​ពេញទំហឹង​បណ្ដាល​ឱ្យ អេ​លី​ត ភក្ដី សន្លប់​ស្ដូក​នៅ​លើ​ក្តារ​សង្វៀន​តែ​ម្ដង ។

ជាមួយនឹង​ការ​ទទួល​បាន​ជ័យជម្នះ​នេះ ធ្វើ​ឱ្យ សេក គឹ​ម​រួន ត្រូវ​ដឹក​ដៃ​កីឡាករ​ថៃ រិ​ទ្ធ​អៃ យ៉ា​រ៉ា ក​.​សិលា​ឆ័​យ ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​គ្នា បន្ទាប់​ពី​កីឡាករ​ថៃ​ម្នាក់​នេះ​យក ឈ្នះ​កីឡាករ​ថៃ​ដូច​គ្នា​ឈ្មោះ ហ្វា​ស៊ី​ថង ប៉​.​យុទ្ធភូមិ ដោយ​ពិន្ទុ ។ ទោះជា​យ៉ាងណា អេ​លី​ត ភក្ដី នៅ​មានឱកាស​ប្រកួត​ម្ដងទៀត​ជាមួយ​កីឡាករ​ថៃ ហ្វា​ស៊ី​ថង ប៉​.​យុទ្ធភូមិ ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣​ដែល​មាន​ទឹកប្រាក់​១.៥០០​ដុល្លារ​សហរដ្ឋអាមេរិក ។

គួរ​រំឭក​ថា កម្មវិធី​ប្រកួត​« កម្ពុជា សង្វៀន​គុន​ខ្មែរ​» នេះ មាន​តែ​អ្នក​ឈ្នះ​លេខ​១​ប៉ុណ្ណោះ ទើប​មានឱកាស​ឡើង​ទៅ​ប្រកួត​យក​ប្រាក់​រង្វាន់​ធំ​ដែល​មាន​ទឹកប្រាក់​៦​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ជាមួយ​កីឡាករ ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​ឈ្នះ​លេខ​១​កាលពី​វគ្គ​ទី​១ ។

ចំណែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​កីឡាករ​ឈ្នះ​ការ​ប្រកួត​ក្នុង​វគ្គ​នីមួយ​ៗ លេខ​១​ទទួល​បាន​ម៉ូតូ​ហ្សូ​៊​ម័​រ​អុ​ិ​ច​១​គ្រឿង​អម​ទៅ​ដោយ ទឹកប្រាក់​៥០០​ដុល្លារ លេខ​២​ទទួល​បាន​ទឹក ប្រាក់​២​ពាន់​ដុល្លារ លេខ​៣​ទទួល​បាន​១.៥០០​ដុល្លារ និង​លេខ​៤​បាន​១​ពាន់​ដុល្លារ​។

ដោយឡែក លទ្ធផល​គូប្រកួត​មិត្តភាព​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ កីឡាករ ធឿ​ន ធា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម យកឈ្នះ​កីឡាករ​ឡាវ ផុត​ស​ភុ​ន ផេ​ត​ចិន្ដា ដោយ​វាយ​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ។ កីឡាករ ហេង វិ​ឆ័​យមក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ចាញ់​កីឡាករ លួ​ន សុ​ខេ​ង មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ​ដោយ​ពិន្ទុ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ