ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គោល​ខៀវ នួន រ៉ា​ថេ​ប ឆ្ពោះទៅ​វគ្គ​16​នាក់​​ក្នុង​ការ​ប្រកួត​រដូវ​កាល​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៧…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៧ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ស​ប្ដា​ហ៍​បើក​ឆាក​ត្រូវ​បាន​ប្រកាស​ហើយ កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​គេ​មិននឹក​ស្មានថា​កីឡាករ​បង្គោល​ខៀវ នួន រ៉ា​ថេ​ប អាច​ឈ្នះ​គូ​ប្រកួត ហើយ​ទម្លាក់​បង្គោល​ក្រហម​ល្បីឈ្មោះ ចិត សុ​ភី ដែល​ជា​ជើង​ខ្លាំង​វ័យក្មេង​ឲ្យ​ធ្លាក់​ឱកាស​ឡើង​ប្រកួត​ទៅ​វគ្គ​នោះ​ទេ ។

នេះ​ជា​ការ​ប្រកួត​ក្នុង​វគ្គ​ស្វែងរក​២​នាក់​ទៅវគ្គ​១៦​នាក់ សម្រាប់​រដូវ​កាល​ថ្មី ដែល​ជា​ការ​ប្រកួត
ដ៏​សំខាន់​សម្រាប់​សមាសភាព​៣២​នាក់​ដែល​ត្រូវបាន​ជម្រើស ។ ជាមួយ​គ្នា​នេះ អ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​ផង​ដែរ​ថា​គូ​នេះ​ខ្លាំង និង​ទាក់ទាញ ទម្រាំ​រក​ឃើញ​ចាញ់​ឈ្នះ ។ នៅ​ដើម​ទឹក​ទី​១ គេ​មើលឃើញ​ថា កីឡាករបង្គោល​ខៀវ​មិន​អាច​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​នោះ​ទេ ដោយសារ​តែ​បង្គោល​ក្រហម​ក៏​ខ្លាំង ។ បង្គោល​ក្រហម ចិត សុ​ភី ក៏​បញ្ចេញ​សមត្ថភាព​បាន​ខ្លាំង​មិនធម្មតា​ដែរ ប៉ុន្តែ​មក​ពី​បង្គោល​ខៀវ​ក៏​ខ្លាំង​មិនធម្មតា ហើយ​វាយ​ត្រូវ​គោលដៅ​ច្រើន​ជាង ទើប​គេ​មានសំណាង​ដណ្ដើម​បាន​កៅអី​១៦​នាក់ ហើយ​ឡើង​ទៅ​វគ្គ​បន្ត បន្ទាប់​ពី​បង្គោល​ខៀវ វាយ​ឲ្យ​បង្គោល​ក្រហម​ចាញ់​ពិន្ទុ​ក្នុង​ការ​ប្រកួត​ក្រោយ​ពី​ចប់​ទឹក​ទី​៣ ។

កីឡាករ នួន រ៉ា​ថេ​ប ដែល​ជា​អ្នក​ជំនាន់​ក្រោយ​និយាយ​ថា ខ្លួន​អត់​មាន​រំពឹង​សូ​ម្បី​តែ​បន្តិច​នៅ​ពេល​ដឹង​ថា​ឈ្មោះ​របស់​គេ​ត្រូវ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ ចិត សុ​ភី ដែល​ជា​កីឡាករ​ខ្លាំង​ម្នាក់ ហើយ​ក៏​ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្ពស់​ម្នាក់​នោះ ។ បើ​ទោះជា​មុន​ឡើង​សង្វៀន រូបគេ​បាន​ហ្វឹកហាត់​ដិត​ដល់​និង​បាន​ចាក់​មើល​វី​ដេ​អូ​ឡើង​ប្រកួត​កន្លង​មក​របស់​គូ​ប្រកួត ដើម្បី​ស្វែងរក​ចំណុចខ្លាំង​និង​ចំណុច​ខ្សោយ​របស់​រៀមច្បង​រូប​នេះ​ដឹង​ច្រើន តែ​ក៏​នៅ​អត់​សង្ឃឹម​សម្រាប់​ការ​ផ្ដួល​រៀមច្បង​រូប​នេះ​ឲ្យ​ធ្លាក់​ពី​វគ្គ​ដ៏​សំខាន់ ហើយ​អាច​បាន​ឡើង​ទៅ​វគ្គ​២​នាក់ មុន​ពេល​ចំណាយ​ពេល​ប្រកួត​៣​ទឹក ហើយ​ក៏​ដឹង​តែ​ពី​វាយ​តែ​មិនដឹង​ថា​ផ្នែក​ណាមួយ​ដែល​ខ្លួន​បាន​ពិន្ទុ បើ​កុំ​តែ​គូប្រកួត​បោះបង់​ការ​ប្រកួត​ក៏​មិន​ប្រាកដ​ថា​ខ្លួន​ឈ្នះ​ដែរ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ថ្លែង​ថា ការ​ប្រកួត​រដូវ​កាល​នេះ​នឹង​កាន់តែ​ល្អមើល​ដ្បិត​ជា​វគ្គ​ជម្រុះ​ក្នុង​ជុំ​ទី​១ ។ សមាសភាព​នៅ​ក្នុង​រដូវ​កាល​ទី​៧​នេះ គឺ​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ដែល​ជា​ប្រភេទ​មធ្យម ដូច្នេះ​សម្រាប់​កីឡាករ​គឺ​មិន​ខុស​ពី​បណ្ដុះ​កីឡាករ​ក្មេង​ៗ ដើម្បី​ត្រៀម​ទៅ​កាន់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​នោះ​ទេ ។

លោក​បាន​ប្រកាស​ថា បើ​កីឡាករ​ដែល​មាន​មុខ​ប្រកួត​ក្នុង​រដូវ​កាល​ទី​៧​ទាំងអស់​ប្រឹងប្រែង ហើយ​ត​ស៑ូ​ប្រកួត​ដោយ​កុំ​ប្រហែស គឺ​ក្នុង​រង្វង់​៣​ទៅ​៤​ឆ្នាំ​ទៀត ពួក​គេ​នឹង​ក្លាយជា​កីឡាករ​ល្បី​ៗ​ជំនួស​អ្នក​ចាស់​ដែល​ល្បី​នៅ​ក្នុង​ពេល​នេះ ។

លោក​សម្រេចចិត្ត​ជ្រើសរើស​ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ដែល​លោក​យល់​ថា​គឺជា​ការ​បណ្ដុះ​ធនធាន​កីឡាករ​ក្មេង​ៗ​ស្នង​តំណែង ។

ការ​ប្រកួត​ក្នុង​វគ្គ​៣២​នាក់​ជម្រុះ​យក​១៦​នាក់​នេះ លោក​អះអាង​ថា សម្រាប់​គូប្រកួត​ក្នុង​ស​ប្ដា​ហ៍ បន្ទាប់​នឹង​កាន់តែ​ល្អមើល ដោយសារ​តែ​អ្នក​ប្រយុទ្ធ​ទាំងនោះ​ជម្រុះ​គ្នា​យ៉ាង​ស្វិតស្វាញ​នៅ​លើ​សង្វៀន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ