លោក ថោ​ង ខុន ព្រមាន​ចំពោះ​អាជីវកម្ម​ដែល​បំផ្លាញ​គោលដៅ​ទេសចរណ៍​ជាតិ


រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​លើកទឹកចិត្ត​ចំពោះ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងឡាយ​ដែល​មាន​ឆន្ទៈ​ចូលរួម​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ជាតិ ប៉ុន្តែ​ព្រមាន​ចាត់វិធានការ​យ៉ាង​ដាច់ខាត​ចំពោះ មូលដ្ឋាន អាជីវកម្ម​ណា ដែល​បោកប្រាស់​ភ្ញៀវ ដើម្បី​តែ​ផល​ចំណេញ​មួយ​ពេល​ហើយ​ប៉ះពាល់​ដល់​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា ។

ការ​លើកទឹកចិត្ត និង​ព្រមាន​បែប​នេះ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​ពិធី​បើក​សម្ពោធ​ហាង​លក់​គ្រឿងអលង្ការ ច័ន្ទ គឹ​ម​ទី ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី ម៉ៅ សេ​ទុង (​ខាងលិច​ស្ដុ​ប​បូកគោ​) នា​ថ្ងៃ​ទី​១៥ ខែធ្នូ នេះ ។

ទន្ទឹម​នោះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ហាង​លក់​គ្រឿង អលង្ការ ច័ន្ទ គឹ​ម​ទី ដែល​អាច​បម្រើ​ឱ្យ​គ្រប់​សេចក្ដី​ត្រូវការ​របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​ចូលរួម​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ជាតិ​ផង​ដែរ ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប​នៅ​លើ​ពិភពលោក​ក៏​ដូច​ជា នៅ​កម្ពុជា​មាន​ប្រមាណ​២៥% តែងតែ​ចូល​ចិត្ត​ទិញ​គ្រឿងអលង្កា វត្ថុ​អនុស្សាវរីយ៍ និង​គ្រឿង ចម្លាក់​សិល្បៈ​ផ្សេង​ទៀត ដោយ​លោក​បាន​ដាស់តឿន​ឱ្យ​អាជីវកម្ម​ទាំងឡាយ​ដែល​ប្រតិបត្តិការ​លើ​ផ្នែក​នេះ​ត្រូវ​ពង្រឹងគុណភាព​សេវាកម្ម​ធានា​គុណភាព បដិសណ្ឋារកិច្ច ពិសេស​មិន​ត្រូវ​បោកប្រាស់​ភ្ញៀវ​ជា​ដាច់ខាត ។

លោក ថោ​ង ខុន បាន​ថ្លែង​បញ្ជាក់​ថា នៅ​ពេល​មក​ទស្សនា​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ពិសេស​នៅ​គោលដៅ​សៀមរាប​-​អង្គរ ភ្ញៀវ​ទេសចរ អឺរ៉ុប ចូល​ចិត្ត​ទិញ​វត្ថុ​អនុស្សាវរីយ៍ និង​គ្រឿង​ចម្លាក់​របស់​ខ្មែរ ចំណែក​ភ្ញៀវ​ទេសចរ​អាស៊ី ពិសេស​ទេសចរណ៍​ចិន​ចូល​ចិត្ត​ទិញ​គ្រឿងអលង្ការ​ដូច​ជា មាស ពេជ្រ ត្បូង​មាន​តម្លៃ និង​គ្រឿងអលង្ការ​ដទៃ​ទៀត ។ នេះ​ជា​សក្ដានុពល​មួយ​ដែល​កម្ពុជា​ត្រូវ​បំពេញតម្រូវការ​ជូន​ភ្ញៀវ​ទេសចរ​ទាំងនោះ និង​ត្រូវ​ធានា​គុណភាព​ចំពោះ​ផលិតផល​របស់​ខ្លួន​ដាច់ខាត​មិន​ត្រូវ​បោកប្រាស់​ភ្ញៀវ ឬ​កាត់ថ្លៃ​ហួសហេតុ​ខុស​ពី​តម្លៃពិត​នោះ​ឡើយ ។

លោក​បាន​បន្ត​ថា ក្រៅពី​ផ្ដល់​នូវ​តម្រូវការ​សម្បូរ​បែប​ប​ជូន​ភ្ញៀវ និង​អតិថិជន ម្ចាស់​អាជីវកម្ម​ក៏​ត្រូវ​គិតគូរ​ចំពោះ​បុគ្គលិក​លើ​ការ​ផ្ដល់​ភាព​កក់ក្ដៅ សេវាកម្ម​ល្អ សុវត្ថិភាព និង​បដិសណ្ឋារកិច្ច​ជូន​ភ្ញៀវ ព្រោះ​ចំណុច​នេះ​ក៏​ជា​ចូលរួម​ការ​ផ្សព្វផ្សាយ​កិត្តិនាម​ល្អ​របស់​កម្ពុជា​ទៅ​កាន់​ភ្ញៀវ​ទេសចរ​បរទេស និង​អតិថិជន​ផ្សេង​ទៀត​របស់​ហាង​ផង​ដែរ ដែល​ស្រប​ទៅ​នឹង​យុទ្ធនាការ «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្ដល់​ភាព​កក់ក្ដៅ​» ។

ជាមួយ​គ្នា​នោះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​លើក​ឡើង​ពី​ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រឹង ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងឡាយ​ដែល​លក់​ផលិតផល ឬ​ទំនិញ​អន់​គុណភាព ឬ​ក្លែងក្លាយ​ជូន​ភ្ញៀវ ។ លោក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា «​ច្បាប់​ថ្មី​ដែល​ទើបនឹង​ដាក់​ឱ្យ​អនុវត្ត​នោះ​អាច​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​ទាំងមូល​ថែម​ទៀត​ផង​» ។

លោកស្រី ច័ន្ទ គឹ​ម​ទី ស្ថាបនិក និង​ជា​ម្ចាស់​ហាង​លក់​គ្រឿងអលង្ការ​នេះ​បានឱ្យ​ដឹង​ថា លោកស្រី​ធ្លាប់​មាន​ប្រវត្តិ​ជា​ជាងទង ហើយ​ការ​បើក​អាជីវកម្ម​លក់​គ្រឿងអលង្ការ​នេះ​ក៏​ដើម្បី​ចូលរួម​លើក​ស្ទួយ​កិត្យានុភាព​ជាតិ​លើ​វិស័យ​គ្រឿងអលង្ការ​ក៏​ដូច​ជា ចូលរួម​លើក​ស្ទួយ​ដល់​វិស័យ​ទេសចរណ៍​ជាតិ​ផង​ដែរ ។ លោកស្រី​បាន​ប្ដេជ្ញា​ពី​ការ​ធានា​គុណភាព​គ្រឿងអលង្ការ ការ​ផ្ដល់​ជូន​នូវ​ភាព​សម្បូរ​បែប ការ​យកចិត្តទុកដាក់​លើ​សេវាកម្ម សុវត្ថិភាព និង​បដិសណ្ឋារកិច្ច​ជូន​ភ្ញៀវ និង​អតិថិជន​ជាដើម ពិសេស​ហាង​គ្រឿងអលង្ការ​ថ្មី​នេះ ក៏​មាន​លក់​គ្រឿងអលង្ការ​ដែល​រចនា​តាម​សិល្បៈ ខ្មែរ​បុរាណ​ផង​ដែរ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ