ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករុណា ពេជ្រ បន្ត​លក់​ទ្រព្យ​យក​ព្យា​បាល​​ឪពុក​ដែល​ពិកា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​មានការ​អាណិត​លោក ករុណា ពេជ្រ ជា​អនេក​ពន់ពេក​ដែល​តស៊ូ​ប្តូរផ្តាច់​យក​ពេលវេលា​ធ្វើការ​ផង មើលថែ​លោកឪពុក​ឈឺ​ផង ដើម្បី​ឱ្យ​អ្នក​មានគុណ​កក់ក្តៅ​។ កាយវិការ​នេះ ជា​សណ្តាន​ចិត្ត​មួយ​បង្ហាញ​ឱ្យ​យុវជន​ទាំងអស់​ត្រូវ​ចេះ​ស្រឡាញ់​អាណាព្យាបាល…

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​មានការ​អាណិត​លោក ករុណា ពេជ្រ ជា​អនេក​ពន់ពេក​ដែល​តស៊ូ​ប្តូរផ្តាច់​យក​ពេលវេលា​ធ្វើការ​ផង មើលថែ​លោកឪពុក​ឈឺ​ផង ដើម្បី​ឱ្យ​អ្នក​មានគុណ​កក់ក្តៅ​។ កាយវិការ​នេះ ជា​សណ្តាន​ចិត្ត​មួយ​បង្ហាញ​ឱ្យ​យុវជន​ទាំងអស់​ត្រូវ​ចេះ​ស្រឡាញ់​អាណាព្យាបាល ហើយ​ធ្វើ​អ្វី​ដែល​ល្អ​។

ព្យាយាម​មើលថែ​ទាំ​ច្រើន​ខែ ករុណា ពេជ្រ នៅ​តែ​ប្រឈម​ការ​ចំណាយ​រហូត​លោក​នៅ​តែ​និយាយ​​ថា ខ្ទង់​ប្រើ​ថវិកា​ដើម្បី​ព្យាបាល​លោកឪពុក​នៅ​តែ​បន្ត ហើយ​ពុះពារ ទោះ​លំបាក​បែប​ណា​។ អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ ដែល​តារាចម្រៀង ករុណា ពេជ្រ បាន​មើលថែ​លោកឪពុក​ជាទី​ស្រលាញ់​របស់​ខ្លួន​ដែល​ធ្លាក់ខ្លួន​ពិកា ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ការ​ព្យាបាល​ជា​ច្រើន​ដំណាក់កាល​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ទាំង​ពេទ្យ​ក្នុងស្រុក និង​ពេទ្យ​ក្រៅប្រទេស​។

បើ​គិត​ទៅ​លើ​ថ្លៃ​ព្យាបាល​ជា​ច្រើន​ឆ្នាំ​មកនេះ អាច​និយាយ​បាន​ថា ស្ទើរតែ​មិន​អាច​ទ្រទ្រង់​ទៅ​រួច​នោះ​ទេ ដូច្នេះ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង ករុណា ពេជ្រ ធ្លាប់​បាន​បង្ហាញ​ថា រូបគេ​នឹង​លក់​ទ្រព្យសម្បត្តិ​មួយ​ចំនួន ដូច​ជា​ផ្ទះសម្បែង​ពីរ​បី​កន្លែង ត្រូវ​បាន​ដោះ​ដូរ​ដើម្បី​បាន​ថវិកា​មក​ផ្គត់ផ្គង់​ជំងឺ​ដែល​ត្រូវការ​ចាំបាច់​ជា​រៀង​រាល់​ខែ​។

តាម​ការ​បញ្ជាក់​របស់​តារាចម្រៀង ករុណា ពេជ្រ បាន​ប្រាប់​ថា ក្នុង​ការ​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​ឪពុក​របស់​លោក ជិត​២០​ម៉ឺន​ដុល្លារ​ហើយ បើ​គិត​ចាប់តាំងពី​ខែមករា រហូត​ដល់​បច្ចុប្បន្ន​នេះ​។

តាម​រយៈ​បទ​ចម្រៀង​មួយ​បទ «​ប៉ា​ខ្ញុំ​ក្លាយជា​មនុស្ស​រុក្ខជាតិ​» ដែល​ស្តាប់​ហើយ​ស្ទើរតែ​ទប់ទឹក​ភ្នែក​មិន​បាន អត្ថន័យ​ដ៏​ចាក់​ដោត ដែល​ស្តែង​ពី​ការ​ខិតខំ​ប្រឹងប្រែង​តែ​ដើម្បី​ឪពុក តែ​ផ្ទុយ​ស្រឡះ​ដែល​បាន​មក​វិញ​នូវ​អារម្មណ៍​ក្តុកក្តួល ដែល​លោក​អ្នក​មានគុណ គាត់​មិន​ទទួល​បាន​អារម្មណ៍​ដឹង​ឮ​បែប​ណា​នោះ​ឡើយ ព្រោះតែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បាន​ធ្វើ​ឱ្យ​លោកឪពុក​របស់​តារាចម្រៀង ករុណា ពេជ្រ បាន​ត្រឹម​អង្គុយ​សំលឹង​ស្ងៀម​ធ្មឹង មិន​មាត់ មិន​ករ ទទួល​ដឹង​ឭ​ឡើយ។

ថ្លែងប្រាប់​ទាំង​អួល​ដើម​ករ តារាចម្រៀង​ជួរ​មុខ​របស់​ផលិតកម្ម​ថោ​ន បាន​ប្រាប់​ថា គ្មាន​អ្វី​ដែល​ឈឺចាប់​ជាង​ការ​មើលឃើញ​ប៉ា​របស់​ខ្លួន​ធ្លាក់​ក្នុង​សភាព​បែប​នេះ​ទេ​។

សូម​រំលឹក​ថា ប៉ា​របស់ ករុណា ពេជ្រ បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល តាំងពី​ថ្ងៃ​ទី​៣ មក​រា ២០១៧ គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជិត​ពីរ​ឆ្នាំ​ហើយ ចំណែក ករុណា ពេជ្រ បាន​ស្វះ​ស្វែងរក​ពេទ្យ​ព្យាបាល​ឪពុក​ខ្លួន​រហូត​ទៅ​ដល់​ប្រទេស​វៀតណាម និង​បាន​វិល​ត្រឡប់​មក​វះកាត់​ខួរក្បាល​នៅ​មន្ទីរពេទ្យ សាន់​រ៉ា​យ ដែល​ជា​មន្ទីរពេទ្យ​របស់​ជប៉ុន​។

បច្ចុប្បន្ន ប៉ា​របស់​ករុណា ពេជ្រ នៅ​មិន​ទាន់​វិល​ត្រឡប់​មក​សភាព​ធម្មតា​វិញ​ទេ គឺ​ប្រព័ន្ធ​ប្រសាទ​មិន​អាច​ស្តាប់​ឭ និយាយ​បាន ពោល​គឺ​គាត់​ក្លាយ​ខ្លួន​ជា​មនុស្ស​រុក្ខជាតិ​ទៅ​ហើយ​។ ទាំង​អ្នកសិល្បៈ និង​ហ្វេ​ន​ៗ​ស្រឡាញ់​គាំទ្រ​រូប​លោក បាន​បន្ត​បែប​បន់​ឱ្យ​ជំងឺ​លោកឪពុក​តារា​រូប​នេះ បាន​ស្រាកស្រាន្ត​ខ្លះ ព្រមទាំង​សុខភាព​ល្អ​ប្រសើរ​។ ចំពោះ​ករុណា ពេជ្រ​វិញ ក៏​ជួប​តែ​ការងារ​ល្អ និង​មាន​អ្វី​ដែល​ថ្មី​ៗ​សម្រាប់​ពង្រីក​ស្នាដៃ​ការងារ​ប្រចាំ​ថ្ងៃ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ