ខេត្តត្បូងឃ្មុំ ៖ មានអគ្គីភ័យបានឆាបឆេះគំនរអុសដើមកៅស៊ូក្នុងរោងចក្រកែច្នៃមួយកន្លែងនៅចំណុចអូរក្តូង ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ កាលពីវេលាម៉ោងជិត២រសៀលថ្ងៃទី១៤ ធ្នូ២០១៩ បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ ហើយត្រូវបានរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿងចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់មិនឱ្យភ្លើងឆាបឆេះទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋនោះទេ។
លោកវរសេនីយ៍ឯក សួស ស៊ា ងលី អធិការនគរបាលស្រុកត្បូងឃ្មុំ ប្រាប់ឲ្យដឹងថា ក្នុងពេល អគ្គីភ័យបានឆាបឆេះឡើង មានប្រជាពលរដ្ឋរាយការណ៍មកកម្លាំងសមត្ថកិច្ចភ្លាមៗផងដែរ ហើយរថយន្តពន្លត់អគ្គីភ័យ១គ្រឿងរបស់អធិការនគរបាលស្រុកត្បូងឃ្មុំ ដែលប្រចាំការ២៤ម៉ោងលើ២៤ ម៉ោងបានចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់។
អធិការនគរបាលស្រុកត្បូងឃ្មុំបានប្រាប់បន្តថា ដោយសារតែគំនរអុសកៅស៊ូដែលគេទុកកែច្នៃរួចមានចំនួនច្រើន ជាហេតុធ្វើឱ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏សុំកិច្ចអន្តរាគមន៍ពីស្នងការនគរបាលខេត្ត ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ខេត្តចំនួន២គ្រឿង, រថយន្តពន្លត់អគ្គិភ័យក្រុងសួង១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យស្រុកអូររាំងឪ១គ្រឿង បានចេញមកជួយជាបន្តបន្ទាប់ បាញ់ទឹកពន្លត់រហូតដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល ទើបគ្រប់គ្រងស្ថានភាពបាន ដោយមិនឱ្យភ្លើងឆេះរាលដាលបន្តទៅទៀតនោះទេ។
អធិការនគរបាលស្រុកត្បូងឃ្មុំបានបញ្ជាក់ថា អគ្គីភ័យដែលកើតឡើងខាងលើនេះ គឺសង្ស័យតែកម្មករដែលបម្រើការងារនៅរោងចក្រកែច្នៃកៅស៊ូមានការធ្វើប្រហែស ដោយជក់បារីបោះចោលលើគំនរអុសដើមកៅស៊ូនោះ ទើបជាហេតុបណ្ដាលអោយភ្លើងឆេះរាលដាលកាន់តែធំឡើងៗ ក៏ប៉ុន្តែ សំណាងល្អដែលកម្លាំងសមត្ថកិច្ចនៅតាមស្រុកក្រុងបានត្រៀមរថយន្តពន្លត់អគ្គីភ័យ ដើម្បីចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា ដោយប្រើប្រាស់ទឹកអស់ចំនួន១៥រថយន្ត។
អធិការនគរបាលស្រុកត្បូងឃ្មុំបានណែនាំដល់ប្រជាពលរដ្ឋក៏ដូចជាម្ចាស់ក្រុមហ៊ុននានា មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ធ្វើយ៉ាងណាកុំឲ្យមានអគ្គីភ័យកើតឡើង៕ (ដោយ ៖ យ៉ាន់ ចាន់ថេត)
ចែករំលែកព័តមាននេះ