ប្រទេសអង់គ្លេស ៖ ពេលនេះលែងមានអ្វីរារាំងដល់ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហៅBREXITទៀតហើយ ដោយនាយករដ្ឋមន្ត្រីលោកបូរីសចនសុន ក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១២ធ្នូ ទទួលបានសំឡេងភាគច្រើនដាច់ខាតក្នុងសភា ដើម្បីឲ្យលោកអាចនាំប្រទេសលោក ចាកចេញពីសហភាពអឺរ៉ុបនាថ្ងៃទី៣១មករាខាងមុខនេះ។
ពួកអភិរក្សនិយមក្នុងការបោះឆ្នោតនេះដណ្ដើមបានសំឡេងភាគច្រើនបំផុតដល់ទៅ៣៦៨កៅអីក្នុងចំណោមកៅអីទាំង៦៥០ក្នុងសភា ទល់នឹង៣១៧កៅអីក្នុងការបោះឆ្នោតលើកមុនកាលពីឆ្នាំ២០១៧។ គណបក្សប្រឆាំងគឹគណបក្សការងាររបស់លោកJEREMY CORBYNទទួលសំឡេងបានតែ១៩១កៅអីទល់នឹងលើកមុន២៦២កៅអី។
លោកបូរីសចនសុនដែលត្រូវបន្តអាណត្តិ៥ឆ្នាំបានសរសេរតាមTWITTERថា អរគុណពលរដ្ឋទូទាំងប្រទេសដែលបានបោះឆ្នោត។ យើងកំពុងតែរស់នៅក្នុងប្រទេសដែលមានលក្ខណៈប្រជាធិបតេយ្យបំផុតមូយនៃពិភពលោក។ ប្រសិនបើលទ្ធផលជាស្ថាពរពុំមានការផ្លាស់ប្ដូរពួកអ្នកអភិរក្សនិយម ដណ្ដើមបានសំឡេងភាគច្រើនបំផុតពុំធ្លាប់មានបន្ទាប់ពីសករាជលោកស្រីម៉ាហ្គារេតថាត់ឈ័រមក ដែលនោះហាក់ដូចជាការផ្លាស់ប្ដូរនិន្នាការមួយ។
លោកបូរីសចនសុនចង់ឲ្យមានការបោះឆ្នោតសភានេះ ដែលជាលើកទី៣ក្នុងរយៈពេលត្រឹមតែ៤ឆ្នាំដើម្បីនាំប្រទេសចេញពីភាពទ័លច្រកនៃBREXIT ដែលនាំឲ្យប្រទេសមានការបែកបាក់គ្នា ក្រោយការបោះប្រជាមតិលើBREXITនេះកាលពីឆ្នាំ២០១៦ក្នុងសំឡេងគាំទ្រ៥២%មក។ រហូតមកទល់ពេលនេះដោយសារពុំមានសំឡេងភាគច្រើនក្នុងសភា មេដឹកនាំអាយុ៥៥ឆ្នាំលោកចនសុន ឡើងកាន់អំណាចកាលពីខែកក្កដាដែលគេចាត់ទុកថាជាអ្នកសង្គ្រោះBREXIT ពុំអាចឲ្យសភាអនុម័តកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុបដែលលោកចរចាជាមួយក្រុងព្រុចសែល៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ