បើសិន​​ញ៉ាំ​តែ​សាច់​សុទ្ធ តើ​ផ្តល់ផល​​​ល្អ ឬ​អាក្រក់ដល់​សុខ​ភាព?


សាច់​ជា​អាហារ​មួយ​ប្រភេទ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន វីតាមីន B ជាតិ​ដែក និង​ស័ង្កសី ព្រមទាំង​សារធាតុចិញ្ចឹម​ផ្សេង​ទៀត​ដែល​ជួយ​ក្នុង​ការ​រក្សា​បាន​នូវ​សុខ​ភាពរឹងមាំ​ប្រសើរ​។
ទោះបីជា​សាច់​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ជា​ច្រើន​ក៏​ដោយ ក៏​មិនមែន​មាន​ន័យ​ថា វា​អាច​ផ្គត់ផ្គង់​នូវ​សារធាតុចិញ្ចឹម​គ្រប់​ប្រភេទ​ពេញលេញ​ដែល​រាង​កាយ​ត្រូវការ​ចាំបាច់​រៀងរាល់ថ្ងៃ​បាន​ដែរ​។

អ្នក​គួរ​ចាំ​ថា របប​អាហារ​ដែល​ផ្សំ​ឡើង​ពី​ប្រភេទ​នៃ​អាហារ​ខុស​ៗ​គ្នា​ទើប​អាច​ផ្ដល់​នូវ​សារ​ធាតុ​ចិញ្ចឹម​ល្អ​ៗ​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា​។ ហើយ​ថា​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ការ​ទទួលទាន​តែ​សាច់​សុទ្ធ​ជា​អាហារ​ប្រចាំ​ថ្ងៃ​នឹង​ផ្ដល់​ផល​ល្អ ឬ​អាក្រក់​ចំពោះ​សុខភាព? ថ្ងៃ​នេះ​​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​អ្វី​ដែល​កើតឡើង​នៅ​ពេល​អ្នក​ទទួលទាន​តែ​សាច់​សុទ្ធ​ជា​អាហារ​ប្រចាំ​ថ្ងៃ ៖

១. កង្វះ​អាហារូបត្ថម្ភ ៖ សាច់ គឺ​មិន​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ទាំងអស់​ដែល​រាង​កាយ​ត្រូវការ​ចាំបាច់​ដើម្បី​រក្សា​បាន​នូវ​រូបរាង និង​សុខភាព​ល្អ​ប្រសើរ​ឡើយ​។ ភាគច្រើន​នៃ​សាច់ គឺ​មាន​ផ្ទុក​សម្បូរ​តែ​ជាតិ​ប្រូតេអ៊ីន ជាតិ​ដែក ម៉ា​ញ៉េ​ស្យូ​ម វីតាមីន B និង​វីតាមីន D ប៉ុណ្ណោះ​។ ដូច្នេះ​ហើយ​ទើប​ការ​ទទួលទាន​តែ​សាច់​ជា​អាហារ​ប្រចាំ​ថ្ងៃ​នឹង​ធ្វើ​អោយ​អ្នក​ជួប​ប្រទះ​នូវ​បញ្ហា​កង្វះ​អាហារូប​ត្ថម្ភ​។ នៅ​មាន​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​អាច​នឹង​កើតឡើង​ចំពោះ​អ្នក នៅ​ពេល​រាង​កាយ​មិន​ទទួល​បាន​សារធាតុចិញ្ចឹម​ចាំបាច់​គ្រប់គ្រាន់ ហើយ​ភាគច្រើន​នៃ​បញ្ហា​ទាំងនោះ គឺ​គួរ​អោយ​ព្រួយបារម្ភ​ណាស់​។

២. ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ៖ នោះ​ក៏​ព្រោះតែ​សាច់​គ្មាន​ផ្ទុក​នូវ​វីតាមីន C ដែល​ជា​សារ​ធាតុ​ចិញ្ចឹម​​ដ៏​សំខាន់​បំផុត​មួយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ប្រឆាំង​នឹង​មេរោគ​ឆ្លង​ផ្សេង​ៗ​។

៣. ឡើង​ទម្ងន់ ៖ សាច់​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាឡូរី​ខ្ពស់ ហើយ​ប្រសិនបើ​អ្នក​ចូល​ចិត្ត​ទទួលទាន​សាច់​ខ្លាញ់ និង​មិនសូវ​ជា​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ទៀត​នោះ​វា​គ្មាន​អ្វី​គួរ​អោយ​ភ្ញាក់ផ្អើល​ឡើយ​ដែល​អ្នក​នឹង​ត្រូវ​កើន​ទម្ងន់​ខ្លាំង​ឆាប់រហ័ស​។

៤. ទល់លាមក ៖ ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​ជាតិ​ស​សៃ​ដែល​រាង​កាយ​ត្រូវការ​ដើម្បី​រក្សា​បាន​នូវ​ចលនា​ពោះវៀន​ល្អ​ប្រសើរ​ជៀស​ផុត​ពី​បញ្ហា​ទល់លាមក​នោះ គឺ​បន្លែ និង​ផ្លែ​ឈើ​។ សាច់​គ្មាន​ផ្ទុក​ជាតិ​ស​សៃ​ឡើយ​! នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​នឹង​ត្រូវ​ជួប​ប្រទះ​អាកា​រៈ​ទល់លាមក ប្រសិន​បើ​អ្នក​មិន​ទទួលទាន​អ្វី​ផ្សេង​សោះ​ក្រៅពី​សាច់​។

៥. ជំងឺ​បេះដូង ៖ ការ​ទទួលទាន​សាច់​ច្រើន​អាច​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ព្រមទាំង​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែល​សុទ្ធសឹងតែ​ជា​កត្តា​ហានិភ័យ​ចម្បង​បំផុត​នៃ​ជំងឺ​បេះដូង​។

ប្រយ័ត្ន​! ការ​ញ៊ាំ​តែ​សាច់​សុទ្ធ​មិន​រួម​បញ្ចូល​អ្វី​ផ្សេង​ក្នុង​របប​អាហារ​ដូច​ជា​បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញ​ជាតិ​ជាដើម គឺ​មិនល្អ​សោះឡើយ​សម្រាប់​សុខភាព​ពិសេស​ប្រសិនបើ​អ្នក​កំពុង​មាន​ផ្ទៃពោះ កំឡុង​​ពេល​បំបៅ​ដោះ​កូន ឬ​ស្ថិត​ក្រោម​ស្ថានភាព​នៃ​ជំងឺ​ណាមួយ​។ ប្រសិនបើ​អ្នក​ចង់​ទទួលទាន​តែ​សាច់ ចូរ​ប្រាកដ​ថា​អ្នក​បាន​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជា​មុន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ