យោងតាមការការស្រាវជ្រាវមួយដែលត្រូវបានចាប់ផ្តើមឡើងដោយអ្នកស្រាវជ្រាវបីរូបមកពីប្រទេសចិន សិង្ហបុរី និង កាណាដា បានបង្ហាញឲ្យដឹងថា ចំនួននាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលមានតម្លៃខ្ពស់ជាងគេទាំង ៥០០ ក្រុមហ៊ុនក្នុងសហរដ្ឋអាមេរិក និងកើតក្នុងខែមិថុនា និងខែកក្កដា គឺមានចំនួនតិចណាស់បើធៀបនឹងចំនួននាយកប្រតិបត្តិដែលកើតក្នុងខែដទៃទៀត ។
ក្នុងចំណោមនាយកប្រតិបត្តិទាំង ៣៧៥ នៅក្រោមការសិក្សាខាងលើ មានតែ ២៣ រូបប៉ុណ្ណោះដែលកើតក្នុងខែមិថុនា និង ២២ រូបក្នុងខែកក្កដា ។ ប៉ុន្តែសម្រាប់ ១០ ខែដទៃទៀត ចំនួនជាមធ្យមគឺឡើងដល់ ៣៣ រូប ។ យោងតាមប្រព័ន្ធអប់រំរបស់សហរដ្ឋអាមេរិក ជាទូទៅក្មេងៗដែលកើតក្នុងខែមិថុនា និងកក្កដា ជាសិស្សដែលមានអាយុទាបជាងគេក្នុងថ្នាក់រៀន ដែលប៉ះពាល់ដល់ឱកាសក្នុងការធំឡើងក្លាយទៅជានាយកប្រតិបត្តិដ៏ជោគជ័យមួយរូប ។
ការស្រាវជ្រាវបានបង្ហាញមកថា សិស្សដែលមានអាយុខ្ពស់ជាងគេក្នុងថ្នាក់រៀនមានឱកាស ១១% ច្រើនជាងសិស្សដទៃក្នុងការក្លាយជាសិស្សដែលមានភាពជាអ្នកដឹកនាំល្អនៅវិទ្យាល័យ ។ ការស្រាវជ្រាវមួយទៀតបានឲ្យដឹងថា សិស្សដែលទទួលបានជំនាញដឹកនាំក្នុងកំឡុងពេលនៅវិទ្យាល័យមានឱកាសច្រើនជាងសិស្សដទៃក្នុងការទទួលបានការងារផ្នែកគ្រប់គ្រងក្នុងរយៈពេល ១០ ឆ្នាំក្រោយ ។ លើសពីនេះទៅទៀត ក្មេងដែលមានអាយុបងសិស្សដទៃប្រមាណពី ៨ ទៅ ១០ ខែក៏អាចមានភាពឆ្លាតវៃជាងសិស្សដទៃដែរ ជាពិសេសសម្រាប់កុមារតូចៗ ។
មានភស្តុតាងបញ្ជាក់មកថា ក្មេងៗដែលកើតប៉ុន្មានខែមុនពេលការចាប់ផ្តើមឆ្នាំសិក្សាថ្មីមិនមានឱកាសក្នុងការត្រូវបានជ្រើសរើសធ្វើជាប្រធានថ្នាក់ ឬអ្នកដឹកនាំសកម្មភាពផ្សេងៗក្នុងសាលារៀនទេដែលប៉ះពាល់ដល់ការអភិវឌ្ឍន៍ខ្លួនជាអ្នកដឹកនាំនៅថ្ងៃមុខដែរ ។ មានន័យថាខែកំណើតចំខែណា គឺមិនសំខាន់ទេ ។ អ្វីដែលសំខាន់គឺតើកូនៗរបស់អ្នកជាសិស្សដែលមានអាយុទាបជាងគេក្នុងថ្នាក់រៀន ឬទេ?
ដូច្នេះបើអ្នកជាឪពុកម្តាយកូនៗដែលមានអាយុទាបជាងគេក្នុងថ្នាក់ អ្នកគួរតែជំរុញឲ្យពួកគេក្លាហានក្នុងការបញ្ចេញយោបល់ ឬសកម្មភាព និងជំរុញឲ្យពួកគេស្ម័គ្រចិត្តធ្វើកិច្ចការផ្សេងៗដែលជួយឲ្យពួកគេរៀនពីភាពជាអ្នកដឹកនាំ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ