អាណិត​ណាស់ របួស​រ៉ាំរ៉ៃ​គ្មាន​លុយ​ព្យា​បាល ដេក​ឈឺ​នៅ​តាម​របង​វត្ត


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជនអនាថា​ម្នាក់​ដែល​មាន​របួស​បាក់​ថ្គាម​រ៉ាំ​រ៉ៃ​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​គ្មាន​លទ្ធភាព​ព្យាបាល​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មក​ដឹក​យក​ទៅ​សង្គ្រោះ បន្ទាប់​ពី​ឃើញ​អាកា​រៈ​របស់​គាត់​កាន់តែ​ធ្ងន់ធ្ងរ ដេក​នៅ​តាម​របង​វត្ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​នឹង​វត្ត​កៀន​ឃ្លាំង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​ឈ្មោះ វ៉េ ម៊ុំ អាយុ​៤៧​ឆ្នាំ ជា​ប្រពន្ធ​របស់​បុរស​ខាងលើ​មាន ឈ្មោះ អ៊ឺ​ង សំបូរ អាយុ​៣៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​ទាំង​២​នាក់​ចាប់ដៃ​គ្នា និង​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ ដោយ​មិន​បាន​រៀប​ការ​អ្វី​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​។ កាលពីមុន​ពេល​គាត់ និង​បុរស​ជា​ប្តី​បាន​ស្គាល់គ្នា គឺ​ប្តី​គាត់​ធ្លាប់​មាន​ប្រពន្ធ និង​កូន​រួច​មក​ហើយ​ដែរ ប៉ុន្តែ​ប្រពន្ធ និង​កូន​មុន​របស់​គាត់​បាន​ផ្តាច់ទំនាក់ទំនង​ពី​គ្នា ធ្វើ​ឲ្យ​ឱ្យ​គាត់​ក្លាយជា​ជនអនាថា​ដើរ​រើស​អេ​ត​ចាយ និង​ដេក​តាម​ទី​សាធារណៈ​។ ហើយ​ពួក​គាត់​ទាំង​ពីរ​បាន​រួម​រស់នៅ​ជាមួយនឹង​គ្នា ដោយ​ប្រកប​របស់​ដើរ​រើស​អេ​ត​ចាយ ដើម្បី​យក​ទៅ​លក់​យក​កម្រៃ​មក​ចិញ្ចឹមជីវិត​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ពួក​គាត់​បាន​រស់នៅ​ជាមួយ​គ្នា​មិនយូរ​ប៉ុន្មាន ថ្ងៃមួយ​ខណៈ​ពេល​ប្តី​គាត់​កំពុង​ដើរ​រើស​អេ​ត​ចាយ​តាម​ផ្លូវ​នៅ​ឯ​ខេត្តតាកែវ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​បាន​ជិះ​មក​កៀរ​បុរស​ជា​ប្តី បណ្តាល​ឲ្យ​ដួល​រង​របួស​បាក់​ថ្គាម​ខាងឆ្វេង ចំណែកឯ​រថយន្ត​បង្ក​នោះ​ក៏​ជិះ​គេចខ្លួន​បាត់​ស្រមោល​។ ភ្លាម​ៗ​នោះ បុរស​រង​គ្រោះ​ក៏​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ ដោយ​គ្រូពេទ្យ​ធ្វើការ​ព្យាបាល និង​ត​ឆ្អឹងថ្គាម​បុរស​រង​គ្រោះ​ឡើង​វិញ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ទទួល​បានការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​មិន​ទាន់​នឹង​ជា​សះស្បើយ​បាន​ប៉ុន្មាន​ផង គាត់​នឹង​ប្តី​ក៏​នាំ​គ្នា​ចាក​ចេញពី​មន្ទីរពេទ្យ ដោយ​ចេញ​មក​ដើរ​រើស​អេ​ត​ចាយ ដើម្បី​ចិញ្ចឹមជីវិត​ជា​បន្ត​ទៀត​។ តាំងពី​ពេល​នោះ​មក ប្តី​គាត់​មានការ​ពិបាក​ក្នុង​ហូប​ចុក​ប្រចាំ​ថ្ងៃ ដោយ​មិន​អាច​ហូប​របស់​រឹង​បាន​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា អស់​រយៈពេល​ជិត​៣​ឆ្នាំ​កន្លង​មកនេះ របួស​របស់​ប្តី​គាត់​បាន​ធ្វើ​ឲ្យ​ជើង​ទាំង​ពីរ​របស់​គាត់​ហើម​ដើរ​លែង​រួច មិន​អាច​ដើរ​រើស​អេ​ត​ចាយ​ជា​បន្ត​ទៀត​បាន​នោះ​ទេ​។ បន្ទាប់​មក​ដោយ​មានការ​អាណិតអាសូរ​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​សភាព​របស់​ប្តី ក៏​មាន​អ្នក​ជួយ​បរិច្ចាគ​ជា​រទេះរុញ​ឲ្យ​មក​ដើម្បី​ឲ្យ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។ ដោយសារ​មិន​អាច​ដើរ​រើស​អេ​ត​ចាយ​ជា​បន្ត​ទៀត​បាន គាត់​ក៏​រុញ​ប្តី​ដើរ​សុំ​លុយ​តាម​ដងផ្លូវ ដើម្បី​ចិញ្ចឹមជីវិត​ជា​បន្ត​ទៀត​។ ដោយសារ​ពិបាក​ក្នុង​ការ​បរិភោគ និង​មានការ​ឈឺចាប់​មុខរបួស​គាត់​ក៏​នាំ​ប្តី​មក​រាជធានី​ភ្នំពេញ ដើម្បី​មក​ធ្វើការ​វះ​របួស​បុរស​រង​គ្រោះ នៅ​ឯ​មន្ទីរពេទ្យ​កៀន​ឃ្លាំង​។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​អាកា​រៈ​របស់​ប្តី​មាន​សភាព​ទន់ខ្សោយ​អស់កម្លាំង ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​មិន​អាច​ធ្វើការ​វះកាត់​របួស​ឲ្យ​ប្តី​បាន​នោះ​ទេ រង់ចាំ​មាន​កម្លាំង​ឡើង​វិញ​ទើប​អាច​ធ្វើការ​វះកាត់​បាន​។ បន្ទាប់​មក​គាត់​ក៏​បន្ត​រុញ​ប្តី​ដើរ​សុំ​លុយ​តាម​ដងផ្លូវ​ជា​បន្ត​ទៀត និង​មក​ស្នាក់​នៅ​ទីតាំង​កន្លែង​កើតហេតុ រង់ចាំ​ប្តី​មាន​កម្លាំង​ឡើង​វិញ​។ ប៉ុន្តែ​អាកា​រៈ​របស់​ប្តី​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ រហូត​ធ្វើ​ឲ្យ​មិន​អាច​ហូប​បាយ​បាន និង​ដេក​សន្លប់​មិនដឹង​ខ្លួន​អស់​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​។ រហូត​ដល់​ថ្ងៃ​កើតហេតុ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ៗ​ជុំវិញ​កន្លែង​កើតហេតុ ឃើញ ក៏​បាន​ទំនាក់ទំនង​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​តែ​ម្តង​។

ក្រោយ​ពី​កើតរឿង​ខាងលើ​នេះ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មក​ដឹក​យកប្តី​របស់​គាត់​​ទៅ​ព្យាបាល​ជា​បន្ត​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ