រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នគរបាលនៃអធិការដ្ឋានខណ្ឌដង្កោបានបើកប្រតិបត្តិការស្រាវជ្រាវទៅលើក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន ហើយរយៈពេល៦ថ្ងៃឈានដល់ការបង្ក្រាបចំនួន៥ករណី និងឃាត់ខ្លួនមនុស្សបានចំនួន១១នាក់ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀន រួមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញ និងមតិណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ។ ដោយកម្លាំងនៃអធិការនគរបាលខណ្ឌដង្កោបានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០៦ ខែធ្នូ ដល់ថ្ងៃទី១២ ខែធ្នូនេះ។ ក្នុងនោះលើកទី១ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅតាមផ្លូវលេខ២១៧ ត្រង់ចំណុចមុខវត្តសំបួរមាស ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៦ ខែធ្នូនេះ ដោយដកហូតបានថ្នាំញៀន១កញ្ចប់ និងម៉ូតូ១គ្រឿង ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះរួមមាន១- ឈ្មោះ សូន សុភាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ២-ឈ្មោះ ស្រ៊ន ឆៃល័ក្ខ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា លើកទី- ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅតាមផ្លូវទំនប់សណ្តរស្ទឹង ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី០៧ ខែធ្នូនេះ ។ ដោយដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់ ក្នុងនោះ២កញ្ចប់ធំល្មម និង២កញ្ចប់តូច ម៉ូតូចំនួន០១គ្រឿង កញ្ចប់បារី១ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
ជនសង្ស័យចំនួនម្នាក់ ៖ ឈ្មោះ ជួន សុខា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លើកទី៣ -ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅតាមផ្លូវ២១៧ ត្រង់ចំណុចមុខវត្តសំបួរមាស ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ។ ដកហូតបានសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងម៉ូតូ០១គ្រឿង ។ ជនសង្ស័យខាងនោះ១- ឈ្មោះ ភ័ក្រ តូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងម៉ូតូ នៅតាមផ្លូវលេខ៣៣៦ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២- ឈ្មោះ ធី លិញ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងម៉ូតូ ផ្លូវលេខ៣៣៦ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
លោកអធិការបានបន្ថែមទៀតថា លើកទី៤- ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅត្រង់ចំណុចផ្ទះលេខ០៧ ផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ វេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។ ដោយដកហូតបានថ្នាំញៀន១កញ្ចប់ ម៉ូតូ១គ្រឿង ទូរស័ព្ទដៃចំនួន០៣គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
ជនសង្ស័យទាំង៤នាក់នោះរួមមាន ១- ឈ្មោះ អ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រៃវែងលិច សង្កាត់ព្រៃវែង រាជធានីភ្នំពេញ ។ ២- ឈ្មោះ អ៊ុយ សុផាន់ណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៣- ឈ្មោះ កន ចំរើន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
៤,ឈ្មោះ ផុន ពិសាល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ប្រភពខាងលើបានប្រាប់ឲ្យដឹងទៀតថា លើកទី៥ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅតាមផ្លូវលេខ៥០ម៉ែត្រ កែងផ្លូវលេខ៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ វេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែធ្នូនេះ ដកហូតបានម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង ។
ជនសង្ស័យទាំង២នាក់នោះ ទី១-ឈ្មោះ ញៀន វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករស្នាក់នៅរោងកម្មករ តាមផ្លូវ៦០ម៉ែត្រ ទី២- ឈ្មោះ ថន វុធថៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទាំង២នាក់នេះ ស្នាក់នៅជាមួយគ្នា ក្នុងរោងកម្មករ តាមផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកតាគង់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ក្រោយចាប់ខ្លួនបាននាំជនសង្ស័យខាងលើទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ