ប្រទេសរុស្ស៊ី ៖ កងម៉ារីនរុស្ស៊ី បានរាយការណ៍ឱ្យដឹងថា នាវិកម្នាក់បានត្រូវបាត់បង់ជីវិត ហើយនាយទាហានម្នាក់បាត់ខ្លួន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដោយសារភ្លើងឆាបឆេះលើនាវាផ្ទុកយន្តហោះតែមួយគត់របស់រុស្ស៊ី ដែលស្ថិតក្នុងការដ្ឋាននាវាមួយនៅតំបន់ MOURMANSK។ ភ្លើងពេលនេះត្រូវបានពន្លត់លើនាវាដែលជួបប្រទះជាថ្មីនូវឧប្បត្តិហេតុចម្បង។
កងម៉ារីនរុស្ស៊ីនិយាយថា នាវិកម្នាក់បានបាត់បង់ជីវិតក្នុងប្រតិបត្តិការពន្លត់ភ្លើង។ ការរុករកនៅបន្ត ដើម្បីតាមរកនាយទាហានម្នាក់របស់នាវាផ្ទុកយន្តហោះAMIRAL KOUZNETSOV ដែលបាត់ខ្លួន ខណៈដែលគេកំពុងជួយជម្លៀសបណ្ដាកម្មករដែលធ្វើការជួសជុលនាវានេះ។ ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើផ្ដោតលើលទ្ធភាពនៃការរំលោភបំពានបែបបទសន្តិសុខការងារ។
យោងតាមតុល្យការផ្ដល់ដោយរដ្ឋមន្ត្រីព័ត៌មាននៃតំបន់MOURMANSKលោកស្រី អាឡិចសាន់ដ្រាកុនដាអ៊ូរ៉ូវ៉ា ថា ក្រៅពីអ្នកបាត់បង់ជីវិតម្នាក់ និងអ្នកបាត់ខ្លួនម្នាក់ មនុស្ស១០នាក់បានរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្នុងសេចក្ដីប្រកាសមួយ ចេញផ្សាយដោយបណ្ដាទីភ្នាក់ងារព័ត៌មានរុស្ស៊ី កងម៉ារីនរុស្ស៊ីបញ្ជាក់ថា អាយុជីវិតរបស់បណ្ដាអ្នករបួសពុំស្ថិតក្នុងគ្រោះថ្នាក់ឡើយ និងថា បណ្ដាអ្នកពន្លត់ភ្លើងខិតខំខ្ទប់ផ្សែងដែលហុយចេញពីនាវា។ អគ្គិភ័យនោះពិតជាធ្ងន់ធ្ងរបំផុតក្នុងទំហំដល់ទៅ៦០០ម៉ែត្រក្រឡា។
នាវាផ្ទុកយន្តហោះខាងលើប្រើថាមពលនុយក្លេអ៊ែរតែមួយគត់របស់រុស្ស៊ី AMIRAL KOUZNETSOV ហើយត្រូវធ្វើការជួសជុលកែលម្អ ចាប់តាំងពីឆ្នាំ២០១៧មក ដែលគ្រោងដំបូងរហូតដល់ឆ្នាំ២០២១។ នេះជាឧប្បត្តិហេតុលើកទី២ហើយក្នុងរយៈពេលជាង១ឆ្នាំបន្តិច។
កាលពីខែតុលាឆ្នាំ២០១៨ ដងស្ទូចមួយមានកម្ពស់១៥ម៉ែត្រ បានបាក់ធ្លាក់លើនាវានោះ។ លើកនេះ តាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA NOVOSTI ដែលដកស្រង់ប្រភពរបស់ការដ្ឋាននាវាZVEZDOTCHKA ទទួលបន្ទុកការងារជួសជុលនាវានេះថា ភ្លើងបានឆាប់ឆេះ ខណៈកំពុងមានប្រតិបត្តិការផ្សារ ហើយកម្ទេចភ្លើងធ្លាក់មកលើកន្លែងដែលមានប្រេងឥន្ធនៈ។ ការដ្ឋាននាវាZVEZDOTCHKA ក៏រាយការណ៍ថា មានមនុស្សជាង៤០០នាក់ ស្ថិតលើនាវានេះពេលមានភ្លើងឆាបឆេះ ហើយពួកគេត្រូវបានជម្លៀសចេញ៕ (កែសម្រួលដោយ ៖ បុប្ផា) (ប្រភពវីដេអូ ៖ Sputnik France Play)
ចែករំលែកព័តមាននេះ