សាច់​ជ្រូក​ឡើងថ្លៃ​រាល់ថ្ងៃ ធ្វើ​ឱ្យ​កសិករ​ចិញ្ចឹម​ជ្រូក​ញញឹម​បិទ​មាត់​មិន​ជិត (​វី​ដេ​អូ​)


ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សាច់​ជ្រូក​រស់​ឡើងថ្លៃ​ធ្វើ​ឱ្យ​កសិករ​ម្នាក់​ៗ ដែល​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណ​:​គ្រួសារ មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​សង្ឃឹមថា នឹង​មិន​ខាតចុងខាតដើម​ដូច​ឆ្នាំ​មុន​ៗ​នោះ​ឡើយ ។ ចំណែក​ឈ្មួញ ដែល​ដើរ​រក​ទិញ​ជ្រូក​នៅ​តាម​ផ្ទះ មានការ​ពិបាក ព្រោះ​កសិករ​ម្នាក់​ៗ អត់​សូវ​មាន​ជ្រូក​លក់ដូរ ហើយ​ក៏​ទារ​លក់​ក្នុង​តម្លៃ​ខ្ពស់​។

ប្រ​ភ​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ ស៊ុន នឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ បឿន ផា​រី អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​តា​ង៉ែ​ន​លើ សង្កាត់​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ចិញ្ចឹម​ជ្រូក​ជាង​៣០​ក្បាល ក្នុង​នោះ​ជ្រូក​មេ​សម្រាប់​បង្កើតកូន​ចំនួន​៤​ក្បាល ។ ហើយ​នៅ​ចុងឆ្នាំ​២០១៩​នេះ តម្លៃ​ទីផ្សារ​ជ្រូក ពិតជា​ឡើងថ្លៃ​គួរ​ឱ្យ​កត់សម្គាល់ ដែល​ធ្វើ​ឱ្យ​លោក​ខិតខំ​ប្រឹងប្រែង​ថែបំប៉ន​ជ្រូក​ទាំងអស់​នៅ​ក្នុង​ទ្រុង​ឱ្យ​ឆាប់​ធំ​លឿន ដើម្បី​លក់​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

គាត់​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ជ្រូក​រស់​១​គីឡូក្រាម​លក់​បាន​១០០០០​រៀល ខណៈ​ជ្រូក​ក្រុមហ៊ុន ក៏​គេ​លក់​ថ្លៃ​ដែរ ដោយ​១​គីឡូក្រាម ១២០០០​រៀល​ឯណោះ ។ តម្លៃ​នេះ មានការ​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ដោយ​ពី​មុន​ឈ្មួញ​ទិញ​ត្រឹមតែ​១​គីឡូក្រាម ក្នុង​តម្លៃ​៦០០០​ទៅ​៧០០០​រៀល​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត កាលពី​ឆ្នាំ​មុន ដោយសារ​ជ្រូក​មាន​ករណី​ផ្ទុះ​ជំងឺ​ងាប់​អស់​ច្រើន ទើប​ម្នាក់​ៗ មិន​ហ៊ាន​ហូប​សាច់​ជ្រូក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សាច់​ជ្រូក​ធ្លាក់​ថ្លៃ ។ ប៉ុន្តែ​ក្រោយ​ពី​ជ្រូក​ផ្ទុះ​កើត​មាន​ជំងឺ​អស់​ជា​ច្រើន រហូត​ដល់​ឥឡូវ អត់​សូវ​មាន​ជ្រូក​រស់​លក់ដូរ ទើប​តម្លៃ​ទីផ្សារ​សាច់​ជ្រូក​មានការ​កើនឡើង​តម្លៃ​ខ្ពស់ ។

លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ចំណែក​ជ្រូក​ខ្វៃ​តូច​ៗ ដែល​១​ក្បាល​ទម្ងន់​ជាង​២០​គីឡូក្រាម ក៏​លក់​ម៉ៅ​ក្នុង​១​ក្បាល តម្លៃ​៤០​ម៉ឺន ទៅ​៥០​ម៉ឺន​រៀល ហើយ​ក៏​លំបាក​ក្នុង​ការ​រក​ជ្រូក​លក់​ឱ្យ​ឈ្មួញ ដែល​នឹង​ទិញ​យក​ទៅ​ខ្វៃ​នា​ឱកាស​សែន​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ​ផង​ដែរ ។ លោក​ពិតជា​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណៈ​សាច់​ជ្រូក​របស់​ខ្លួន​ត្រូវ​បាន​ឈ្មួញ​ចូល​មក​សួរ​រក​ទិញ​ស្ទើរតែ​រាល់ថ្ងៃ ដោយ​អ្នកខ្លះ​គេ​ចង់​កក់​ប្រាក់​ទុកជា​មុន តែ​ខាង​លោក​មិន​ទាន់​ហ៊ាន​នោះ​ទេ ព្រោះ​សាច់​ជ្រូក​ឡើងជា​រៀងរាល់ថ្ងៃ ហើយ​នៅ​ថ្ងៃ​ខាង​មុខ​នេះ ក៏​ដូចនឹង​ឡើង​ខ្ពស់​ជាង​នេះ​ថែម​ទៀត ។

ចំណែក​បុរស​ម្នាក់​ឈ្មោះ ប្រុស រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ឥឡូវនេះ លំបាក​ដើរ​រក​ទិញ​ជ្រូក ព្រោះ​មាន​តម្លៃ​ខ្ពស់ ហើយ​អត់​សូវ​មាន​ជ្រូក​លក់​នោះ​ទេ ព្រោះ​កន្លែង​ខ្លះ​ត្រូវ​គេ​កក់​ម្ចាស់​ទាំងអស់ ដើម្បី​ទិញ​យក​ទៅ​ទុក​ខ្វៃ​នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ខាង​លោក​ក៏​នឹង​នៅ​តែ​បន្ត​ដើរ​រក​ទិញ​សម្រាប់​យក​ទៅ​កាប់​លក់ ដោយនៅ​ទីផ្សារ សាច់​ជ្រូក​១​គីឡូក្រាម តម្លៃ​១៥០០០​ទៅ​១៦០០០​រៀល ហើយ​ការ​លក់ដូរ​មិនសូវ​ចំណេញ​ប៉ុន្មាន​ដូច​មុន​នោះ​ទេ តែ​ខាង​លោក​លក់​ៗ ដើម្បី​កុំឱ្យ​បាត់​ម៉ូយ​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ