រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយ និងកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើយកទៅធ្វើការសារសួរបន្ទាប់ពីជនសង្ស័យទាំងនោះបានធ្វើសកម្មភាពលួចសំភារៈរបស់អ្នកដទៃ ។ ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ជិតអតីតគណបក្សសង្គ្រោះជាតិ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ជនសង្ស័យទាំង៤នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមានទី១-ឈ្មោះ សុខ ផល្លាត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់, ទី២-ឈ្មោះ សៅ សុវណ្ណពិទូ ភេទប្រុស អាយុ ២៣ឆ្នាំ កម្មករសំណង់, ទី៣-ឈ្មោះ សន ខយ ភេទប្រុស អាយុ១៥ឆ្នាំ កម្មករសំណង់ និងទី៤-ឈ្មោះ គង់ ចាន់ឌី ហៅបុត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំង៤ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដកហូត កៅអីឈុតចំនួន៤ និងកង់ចំនួន១គ្រឿង ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះបានគឺកម្លាំងអន្តរាគមន៍នៃអធិការខណ្ឌមានជ័យបានសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើធ្វើការល្បាត ពួនស្ទាក់ក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសនិងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ២ក៏ប្រទះឃើញ បុរសជាជនសង្ស័យទាំងនោះកំពុងតែបណ្តើរកង់ដោយមានដឹកកៅអីឈើពេញនៅតាមដងផ្លូវ ហើយពេលនោះដែរសមត្ថកិច្ចបានឃាត់សួរនាំ ស្រាប់តែជនសង្ស័យទាំងនោះបានសារភាពថា បានលួចពីក្នុងភូមិយកមកទើបសមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាងយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្តង ។
តាមចម្លើយសារភាពរបស់ជនសង្ស័យថា ពិតជាលួចកៅអីឈើដែលគេទុកមុខផ្ទះចំនួន១ឈុតពិតប្រាកដមែន ។ ក្រោយពេលកើតហេតុបន្ទាប់ពីសាកសួររួចជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលចាក់អង្រែលើដើម្បីរង់ចាំស្វែងរកម្ចាស់របស់មកដាក់ពាក្យបណ្ដឹងនៅថ្ងៃស្អែកដើម្បីស្រួលចាត់ការតាមនីតិវិធីជាបន្តទៀត ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ