ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកមាន​ប័ណ្ណ​ក្រីក្រ ប័ណ្ណ​សមធម៌ និង ប​.​ស​.​ស ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មិន​​អស់ប្រាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​កាល់ម៉ែ​ត ដែល​ជា​មន្ទីរពេទ្យ​សាធារណៈទទួល​ការ​ព្យាបាល​ជំងឺ​៤​ប្រភេទ ក្នុង​នោះ ​៣​ប្រភេទ​មិន​អស់ថវិកា​…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​កាល់ម៉ែ​ត ដែល​ជា​មន្ទីរពេទ្យ​សាធារណៈទទួល​ការ​ព្យាបាល​ជំងឺ​៤​ប្រភេទ ក្នុង​នោះ ​៣​ប្រភេទ​មិន​អស់ថវិកា​ គឺ ៖ ទី​១-​អ្នក​ក្រីក្រ​ដែល​មាន​ប័ណ្ណ​ក្រីក្រ ទី​២-​អ្នកមាន​ប័ណ្ណ​សមធម៌ និងទី​៣-​អ្នកមាន​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម
(​បសស​) ។ ចំណែក​ទី​៤-​សម្រាប់​អ្នកមាន​លទ្ធភាព​គឺ​បង់​ថវិកា ។

សម្តេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់​បែប​នេះ នៅមជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា នៅ​សាកលវិទ្យាល័យ​CUS នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ។ សម្តេច​តេ​ជោ ថ្លែង​ថា ៖ «​អុ​ី​ចឹ​ង​មាន​ន័យ​ថា មន្ទីរពេទ្យ​នេះ​ត្រូវ​ប្រើប្រាស់​សេវា​ក្នុង​ហ្នឹង គឺ​យក​មន្ទីរពេទ្យ​ចិញ្ចឹម​មន្ទីរពេទ្យ យក​ថវិកា​ពី​អ្នកមាន​លទ្ធភាព​ទៅ​ជួយ​អ្នក​គ្មាន​លទ្ធភាព​» ។

សម្តេច​តេ​ជោ​បន្ត​ថា អ្នក​ដែល​មាន​ប័ណ្ណ​ទាំង​៣​ខាងលើ គឺ​មិន​ចាំបាច់​បង់ប្រាក់​ទេ តែ​បង់​ចំពោះ​អ្នកមាន​លទ្ធភាព​ដែល​ទៅ​ព្យាបាល​នៅ​វៀតណាម នៅ​ថៃ សិង្ហ​បុរី​…​ត្រូវ​បង់ថ្លៃ ។ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា សម្តេច​នឹង​រៀបចំ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ឲ្យ​បាន​ល្អ ហើយ​គ្រោង​បញ្ចប់​ការ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ខាងក្រៅ ។

សម្តេច​តេ​ជោ​គូស​ញ្ជា​ក់ថា ៖ «​ខ្ញុំ​នឹង​ប្រើប្រាស់​មន្ទីរពេទ្យ​ជំនាញ​ឯកទេស​នៅ​ក្នុង​ប្រទេស​តែ​ម្តង ព្រោះ​នៅ​មន្ទី​ពេទ្យ​កាល​ម៉ែ​ត​មាន​កន្លែង​រៀបចំ​សម្រាប់​តាំងពី​ព្រះមហាក្សត្រ ឥស្សរជន​នានា និង​ថ្នាក់ដឹកនាំ​នានា​ផង​ដែរ​» ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​សម្តេច​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ឯ​សិង្ហ​បុរី ដោយសារ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្មែរ មិន​ទាន់​មាន​សម្ភារ​បច្ចេកទេស​ទំនើប ។ ដូច្នេះ​នៅ​ពេល​ណា​យើង​មាន​សម្ភារ​ទំនើប គឺ​អ្នកឯកទេស​របស់​យើង​នឹង​មាន ហើយ​រៀបចំ​ព្យាបាល ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ថវិកា​ដែល​សប្បុរសជន​ចូលរួម​ដើម្បី​ធ្វើ​ទំនើប​កម្ម​មន្ទីរពេទ្យ​កាល​ម៉ែ​ត​បាន​ជាង​៧២​លាន​ដុល្លារ បូក​ទាំង​ថវិការដ្ឋ​៣០​លានទៀតដើម្បី​ធ្វើ​អគារ​មួយ ដែល​ចំណាយ​អស់​៣៩,៧លាន​ដុល្លារ ហើយ​មន្ទី​ពេទ្យ​បាន​រក​ថវិកា​៧​លាន​ដុល្លារ​ហើយ ។

អគារ​នេះ​ធ្វើ​១២​ជាន់ និង​២​ជាន់​ចុះ​ក្រោម ដើម្បី​ធ្វើ​ចំណតរថយន្ត និយាយ​ទៅ អគារ​មិន​អស់​៤០​លាន​ដុល្លារ​ទេ ។សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ទៀត​ថា ថវិកាដែល​បាន​មក​ពី​សប្បុរសជន​ចូលរួម នឹង​យក​ទៅ​ទិញ​សម្ភារ​ទំនើប​ៗ និង​ជួយ​សាងសង់​អគារ​ខ្លះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដែល​ជា​សហគ្រាស​សា​ធារណៈ បាន​ដំណើរការ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៩ និង​បាន​ដើរតួ​ជា​មជ្ឈមណ្ឌល​ក្នុង​ការ​ព្យាបាល​ជំងឺ ពហុឯកទេស ក្នុង​នោះ​វះ​ខួរក្បាល វះ​បេះដូង ម៉ាស៊ីន​ឡាស៊ែរ​…​។

សូម​ជម្រាប​ថា ទោះបី​ប្រមុខ​រាជរដ្ឋាភិបាល​ធ្លាប់​ប្រកាស​ថា មន្ទីរ​ពេទ្យ​រដ្ឋ​ទាំងអស់​មិន​យក​ថ​វិកា​ចំពោះ​អ្នកមាន​ប័ណ្ណ​ក្រីក្រ ប័ណ្ណ​សមធម៌ និងប័ណ្ណ ប​.​ស​.​ស យ៉ាងណា​ក្តី ក៏​មានការ​លើក​ឡើង​ថា មាន​មន្ទី​ពេទ្យ​មួយ​ចំនួន​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ​ដែល​ប្រើប្រាស់​ប័ណ្ណ​ទាំងនេះ​ទេ ។

ឆ្លង​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នេះ ប្រសិន​បើ​សម្តេច​ពិចារណា​ថា​នឹង​ត្រួតពិនិត្យ​សុខភាព​នៅ​ក្នុង​ស្រុក​នោះ ប្រហែលជា​ក្រុម​មន្ត្រី​ខ្លះ​ដែល​គ្រាន់តែ​ផ្តាសាយ​ក៏​ទៅ​ដល់​សិង្ហ​បុរី ឬ​ថៃ​នោះ ប្រហែលជា​មិន​ហ៊ាន​ហោះ​ទៅ​ក្រៅ​ប្រទេស​ទៀត​ទេ បើ​មិន​ចាំបាច់ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ