មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រវឹង​រពឹសដៃ​បាញ់​រះ​​


ខេត្តបាត់ដំបង ៖ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ម្នាក់​ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំ​រៀង បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​ស្រវឹង​ជោកជាំ ក្រោយ​ពី​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​គេឯងជា​ច្រើន​គ្រាប់ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែធ្នូ នៅ​ភូមិ​អូរ​ដា​លើឃុំ​បឹ​រាំង ស្រុក​កំ​រៀង តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ដែល​បាញ់បោះ​អនាធិបតេយ្យ​នោះ​ឈ្មោះ នៅ លី​ដា មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ត្រី ។ ជន​នេះ​បាន​ប្រើប្រាស់​កាំភ្លើងខ្លី ធុន SIG SAUER បាញ់បោះ​គំរាម​គេឯង​អស់​ជាង​១០​គ្រាប់ ខណ​:​ខ្លួន​ស្រវឹង​ជោកជាំ ។ ប៉ុន្តែ​របាយការណ៍​នោះ មិន​បាន​និយាយ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មន្ត្រី​រូប​នេះ​ផ្ទុះអាវុធ​ផ្អើល​អ្នកស្រុក​កំ​រៀង​ទាំង​កណ្ដាលអធ្រាត្រ​នោះ​ទេ ហើយ​គ្រាប់កាំភ្លើង​ជា​ច្រើន​គ្រាប់​របស់​មន្ត្រី​ស្រវឹង​ជោក​នោះ​ក៏​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​នៅ​ក្បែរ​ខាង​
ដែរ ។

មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​កោះសន្តិភាព​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ​ថា ឈ្មោះ នៅ លី​ដា បាន​ត្រូវ​នគរបាល​ស្រុក​កំ​រៀង​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ក្រោយ​ពី​បង្ក​ការ​ផ្ទុះអាវុធ ។ ចំណែក​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​បាន​រក​ឃើញ​សម្បក​គ្រាប់​ចំនួន​៩ ក្នុង​ចំណោម​ស្នូរ​ផ្ទុះ​កាំភ្លើង​ជាង​១០​គ្រាប់ ដែល​មន្ត្រី​រូប​នេះ​បាន​បាញ់ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ការឃាត់ខ្លួន​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​កំ​រៀង ក៏​បាន​ដកហូត​កាំភ្លើងខ្លី​ខាងលើ​ពី​ជន​នេះ​ដែរ រួម​ជាមួយ​គ្រាប់​ក្នុង​បង់​ចំនួន​៣​គ្រាប់ គ្រាប់​ក្នុង​ប្រអប់​ដែល​នៅ​សល់​ចំនួន​១0៦​គ្រាប់ និង​រថយន្ត​ម៉ាក​ឡិច​សុ​ី​ស RX៣០០ មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AI-៩០៤៣ ។

កោះសន្តិភាព មិន​ទាន់​ទទួល​បានការ​ឆ្លើយ​បំភ្លឺ​ពី​មន្ត្រី​អន្តោប្រវេសន៍​ឈ្មោះ នៅ លី​ដា បាននៅឡើយ​ទេ ។ រីឯ​លោក ផាត សុ​ផា​ន់​ណា ប្រធាន​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ជុំវិញ​ករណី​នេះ ដោយសារ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល ។

ការ​មិន​ទទួល​ទូរស័ព្ទ​នេះ គឺ​ផ្ទុយ​ពី​ការ​លើក​ឡើង​កាលពី​ពេល​មុន​ដែល​លោក ផាត សុ​ផា​ន់ ណា ធ្លាប់​អួត​ប្រាប់​ថ្នាក់ដឹកនាំ​ថា ខ្លួន​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយ​អ្នក​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ដូង ។ ប៉ុន្តែ​ពេលនេះ នៅ​ពេល​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាពទូរស័ព្ទ​ទៅ​សុំ​ការ​បំភ្លឺ​ពី​រឿង​មន្ត្រី​របស់​ខ្លួន​ប្រើ​អាវុ​ធ​បាញ់​គំរាម​គេឯង បែរជា​លោក​ប្រធាន​អន្តោប្រវេសន៍​រូប​នេះ​សម្ងំ​ស្ងៀមឈឹង​មិន​ខ្ចី​លើក​ទូរស័ព្ទ​ឆ្លើយ​តប​ជាមួយ​អ្នក​សារព័ត៌មាន​ទៅ​វិញ ។

ដោយឡែក លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​ថា អ្នក​បាញ់បោះ​សេរី​ឈ្មោះ នៅ លី​ដា ពិតជា​ត្រូវ​បាន​នគរបាល​ស្រុក​កំ​រៀង​ឃាត់ខ្លួន​មែន ។ ក្រោយ​ពី​យើង​សាកសួរ ពេល​នេះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ស្នើ​ឲ្យ​បញ្ជូន​ជន​ខាងលើ​ទៅ​ស្ថាប័ន​សាមី ដើម្បី​ដាក់ទោសទណ្ឌ​នៅ​អង្គភាព​របស់​គេ ហើយ​ពេល​នេះ​យើង​កំពុង​រង់ចាំ​ចំណាត់ការ​ពី​ថ្នាក់លើ​សិន ។

បើ​​តាម​ព័ត៌មាន​ថា មន្ត្រី​នគរបាល​អន្តោ​ប្រវេស​ន៍​បាញ់បោះ​រូប​នេះ កំពុង​រៀបចំ​ឡើង​តួនាទី និង​ត្រៀម​ផ្លាស់​​ពី​ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ទៅ​កាន់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ទៀត​​ផង ៕ ​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ