រាជធានីភ្នំពេញ ៖ ជនជាតិចិនចំនួន៣នាក់ដែលជាមេការសំណង់ និងប្រធានគណនេយ្យខុនដូរ សុខវីឡា ព្រមទាំងអ្នកបើករថយន្ត និងអ្នកបកប្រែម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួន បន្ទាប់ពីចាប់ជនជាតិចិនគ្នាឯងម្នាក់ចងវាយនឹងខ្សែក្រវាត់ និងរឹត.ករួចចាប់ដាក់ក្នុងគូថរថយន្ត ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បន្ទាប់ពីជនរងគ្រោះជាជនជាតិចិនម្នាក់បានរើរួចលោតចេញពីក្នុងគូថរថយន្ត ហើយភ្លាមៗនោះជនដៃដល់ត្រូវបាននគរបាលស្ទាក់ឃាត់ខ្លួនបាននៅចំណុចមុខក្រុមហ៊ុនហុងដា ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ព្រមទាំងដកហូតបានរថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រីដ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២P-៥៥៨៧ ។
ជនដៃដល់ដែលត្រូវចាប់ខ្លួនរួមមាន ១-ឈ្មោះគ័ក ជាងឡី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ជាមេការសំណង់ ២-ឈ្មោះចាវ លាងហ័រ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ជាមេការសំណង់ ៣-ឈ្មោះZHANG JIN ភេទប្រុស អាយុ៥៦ឆ្នាំ ជាប្រធានគណនេយ្យ ខុនដូរសុខវីឡា ស្នាក់នៅកន្លែងការដ្ឋានតាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ និង៤-ឈ្មោះសុខ គឹមជាង ភេទប្រុស អាយុ ៣៦ឆ្នាំ ជាជនជាតិខ្មែរ ជាអ្នកបកប្រែ និងជាអ្នកបើកបររថយន្ត ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ចំណែកជនរងគ្រោះ ឈ្មោះLUO HAOJUNភេទប្រុស អាយុ២៩ឆ្នាំ ជាជាងសំណង់ ស្នាក់នៅការដ្ឋានសំណង់ខាងលើ បានរងរបួសស្នាមពេញខ្លួន ។
តាមនគរបាលបានអោយដឹងថា ហេតុការណ៍ខាងលើកើតឡើងគឺដោយសារតែក្រុមជនដៃដល់ខឹងនឹងជនរងគ្រោះរឿងជនរងគ្រោះទារឈប់ធ្វើការត្រឡប់ទៅផ្ទះវិញ ក៏បាននាំគ្នាចាប់អូសយកដាក់ក្នុងរថយន្តរួចចាប់វាយដុំនឹងខ្សែក្រវ៉ាត់ និងចងរឹត.ក គំរាមគំហែងដោយដាក់ក្នុងឃ្លុបគូថរថយន្ត ដែលគេសង្ស័យ ថា ប្រុងយកទៅផ្តាច់ជីវិតចោល ។
តាមព័ត៌មានអោយដឹងទៀតថា ជនរងគ្រោះបានធ្វើដំណើរមកពីស្រុកចិននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ តាមរយៈក្រុមហ៊ុនមួយ ដើម្បីមកធ្វើការជាជាងសំណង់នៅក្នុងការការដ្ឋានសាងសង់ខុនដូរ សុខ វិឡាខាងលើ ។ នៅក្នុងការនាំមកធ្វើការ ក៏មានកិច្ចសន្យា២ឆ្នាំ ក្នុងតម្លៃចំនួន២២ម៉ឺនយន់ (លុយចិន) ។
តាមព័ត៌មានអោយដឹងបន្តថា បន្ទាប់ពីធ្វើការមិនបានប៉ុន្មានថ្ងៃផង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះក៏បានសុំមេការទៅផ្ទះវិញ ព្រមទាំងបំផុសកម្មករដទៃទៀត តែមេការមិនអោយទៅ ព្រោះពេលនាំមកធ្វើការត្រូវចំណាយរត់ការអស់ច្រើន ណាមួយមិនទាន់ចប់កិច្ចសន្យាផង មិនអនុញ្ញាតឱ្យទៅនោះទេ។ដោយសារតែមេការមិនអោយទៅ ទើបជនរងគ្រោះនិយាយថា បើមិនអោយទៅ នឹងប្តឹងទៅស្ថានទូត ជាហេតុធ្វើអោយជនដៃដល់ជាមេការខឹង ហើយក៏បាននាំគ្នាចាប់ជនរងគ្រោះចេញពីការដ្ឋានចូលក្នុងរថយន្តយកទៅវាយដំ។
តាមប្រភពព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីចាប់ជនរងគ្រោះដាក់រថយន្តរួចហើយ ក្រុមជនដៃដល់ក៏បាននាំទៅរោងស្នាក់របស់កម្មករនៅមាត់ទន្លេមេគង្គក្បែរម៉ាស៊ីនទឹក ហើយចាប់ចងវាយនឹងខ្សែក្រវាត់ ព្រមទាំងយកខ្សែនីឡុងរឹត.ក ហើយគំរាមផ្តាច់ជីវិតចោល រួចដាក់ចូលក្នុងឃ្លុបរថយន្តដឹកចេញទៅហើយ ដោយជិះចុះឡើងៗ ហើយក៏ត្រូវបានជនរងគ្រោះរើបំរះរួចលោតចុះពីក្នុងឃ្លុបគូថរថយន្ត បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនាំគ្នាដេញស្ទាក់ចាប់តែម្តង ។ ភ្លាមៗ ជនរងគ្រោះដែលមានស្នាមរបួសពេញខ្លួន ត្រូវបាននគរបាលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែត។ ចំណែកជនសង្ស័យទាំង៤នាក់នគរបាលកំពុងឃាត់ខ្លួន សាកសួរនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ៕ (កែសម្រួលដោយ ៖ ធីតា)
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ