ខេត្តកំពង់ស្ពឺ ៖ មានសេចក្តីរាយការណ៍ថា កាលពីពេលថ្មីៗកន្លងទៅនេះ មនុស្សមួយក្រុមបានយកគ្រឿងចក្រទៅកាយយកអាចម៍ដីដាក់លើរថយន្តយីឌុបបើកទៅលក់យ៉ាងរំភើយ ខណៈរណ្តៅដីនះពុំទាន់មានច្បាប់អាជីវកម្ម ឬអាជ្ញាប័ណ្ណនៅឡើយ សកម្មភាពល្មើសច្បាប់នេះ គឺហាក់បីដូចជាមើលស្រាលអាជ្ញាធរស្រុកខេត្តក៏ដូចជាក្រសួងយ៉ាងខ្លាំង ។ កន្លែងដែលគេកាយយកអចម៍ដីអត់ច្បាប់នេះ ស្ថិតនៅភូមិព្រៃខ្លាឃុំព្រះនិពាន្វស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចូលតាមខ្លោងទ្វារវត្តត្រពាំងក្រពើ (ចំងាយ៣០០ម៉ែត្រ) ។
មានការបង្ហើបថា ថៅកែគ្រឿងចក្រគឺជាអ្នកមកពីភ្នំពេញ បានទិញដីក្នុងទំហំជិត១០ហិកតា ក្នុងគោលបំណងកាយយកអាចម៍ដីទៅលក់នៅភ្នំពេញ ដោយតាមរយៈរថយន្តយីឌុបធំៗជាច្រើនគ្រឿង ។ បានជាថៅកែគ្រឿងចក្រ ហ៊ានកាយដឹកយកអាចម៍ដីទៅលក់ គឺដោយសារតែក្រុមអ្នកគួកជេរដីធានាថា មិនបាច់សុំច្បាប់ឬអាជ្ញាប័ណ្ណនោះទេ រឿងអាជ្ញាធរនិងជំនាញជាពិសេសខេត្ត ចាំគេដោះស្រាយឱ្យ ។
មិនតែប៉ុណ្ណោះ ក្រុមអ្នកគួកជេរថែមទាំងអួតប្រាប់ថៅកែគ្រឿងចក្រថា គេគឺជាអ្នកមានអំណាចប្រចាំខេត្តកំពង់ស្ពឺ ដូច្នេះមិនចាំបាច់ខ្លាចនោះទេ ទោះអត់ច្បាប់ក៏ដោយចេះតែកាយទៅ បើខាងក្រសួងចុះមកគ្រាន់តែអោយថ្លៃសាំងត្រឡប់ទៅវិញគឺចប់ហើយ។
បើតាមប្រជាពលរដ្ឋមួយរូបបាននិយាយមិនបញ្ចេញឈ្មោះថា «គាត់មានការបារម្ភជាខ្លាំងនៅពេលដែលគេមកកាយរណ្តៅដីដ៏ធំនៅក្បែរភូមិបែបនេះ» ។ មន្ត្រីក្រសួងរ៉ែមួយរូបបានប្រាប់ថា រណ្តៅដីដែលមានទំហំធំត្រូវឃ្លាតឆ្ងាយពីភូមិយ៉ាងតិច៥០០ ទៅ១០០០ម៉ែត្រ ។ ប៉ុន្តែ រណ្តៅដីដែលអត់ច្បាប់នេះ នៅកៀកភូមិជាទីបំផុត ដែលជាក្តីកង្វល់យ៉ាងខ្លាំងសម្រាប់ពលរដ្ឋដែលរស់នៅជិតនេះ។
ប្រជាពលរដ្ឋជាច្រើនបានប្រាប់ថា ក្រុមអ្នកគួកជេរដែលរៀបដីលក់អោយថៅកែគ្រឿងចក្រនេះ គេមានអំណាចមែន ប្រចាំតំបន់នេះ គ្មានអ្នកណាហ៊ានជាមួយឡើយ លើសពីនេះទៅទៀតថៅកែគ្រឿងចក្រ ក៏ដូច្នោះដែរ គ្រាន់តែកក់លុយសុំយកគ្រឿងចក្រមកកាយបាត់ទៅហើយ ។ មន្ត្រីសាលាឃុំមួយរួបបានប្រាប់ផងដែរថា អ្នកទិញដីហើយយកគ្រឿងចក្រមកកាយនេះ មនឈ្មោះកន ចាន់ណា រស់នៅរាជធានីភ្នំពេញ ជាថៅកែម៉ៅការចាក់ដីនៅតំបន់ព្រៃស ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ដែលភ្នាក់ងារយើងទទួលបានកន្លងទៅនេះក្រសួងរ៉ែបានណែនាំដល់ម្ចាស់អាជីវកម្មសហគ្រាសធុនតូច ដែលរកសុីកាយយកអាចម៍ដីលក់ មិនត្រូវធ្វើសកម្មភាពមុន ទើបសុំច្បាប់ធ្វើអាជ្ញាប័ណ្ណជាក្រោយបានទេ បើសិនជារកឃើញថាម្ចាស់អាជីវកម្មណាមួយប្រព្រឹត្តបែបនេះទាំងខេត្ត និងក្រសួងនឹងមិនអនុញាតិឬចេញអាជ្ញាប័ណ្ណអោយឡើយ ។
ចែករំលែកព័តមាននេះ