ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លែងឯក​ខេត្តកំពង់ឆ្នាំង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ចំណោម​២៥​រាជធានី​ខេត្ត

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នេះ​ថា ក្នុង​ឱកាស​នាំ​យក​ខ្លែងឯក​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ទៅ​ចូលរួម​ប្រកួត ក្នុង​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​២៣ នៅ​ខេត្តកោះកុង ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នេះ​ថា ក្នុង​ឱកាស​នាំ​យក​ខ្លែងឯក​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ទៅ​ចូលរួម​ប្រកួត ក្នុង​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​២៣ នៅ​ខេត្តកោះកុង ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ខ្លែង​ខេត្តកំពង់ឆ្នាំង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ចំណោម​ខ្លែង​ដែល​បាន​ចូលរួម​ទាំង​២៥​រាជធានី​ខេត្ត​ក្រុង ។

លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​កាលពី​រសៀល​ថ្ងៃ​ទី ១១​ខែធ្នូ នេះ​ថា មន្ត្រី​របស់​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ចំនួន​៤​រូប ដឹកនាំ​ដោយ​អនុប្រធាន​មន្ទីរ បាន​នាំ​យក​ខ្លែង​ខ្មែរ​របស់​ខេត្តកំពង់ឆ្នាំង​ទៅ​ចូលរួម​ការ​ប្រកួត​ថ្នាក់​ជាតិ​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង ក្នុង​រយៈពេល​មួយ​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ នៅ​ខេត្តកោះកុង ជា​លទ្ធផល​ខ្លែង​ខ្មែរ​របស់​ខេត្តកំពង់ឆ្នាំង​ទទួល​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់​ពី​ខេត្តតាកែវ​លេខ​១ ខេត្តកោះកុង​និង​ខេត្តមណ្ឌលគិរី​ទទួល​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន​។ កន្លង​ទៅ ខេត្តកំពង់ឆ្នាំង ធ្លាប់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​នៅ​រាជធានី​ភ្នំពេញ និង​លេខ​៣ នៅ​ខេត្តស្វាយរៀង ចំណែក​លើក​នេះ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ចំណោម​២៥​រាជធានី​ខេត្ត ។

លោក​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បាន​បន្ត​ថា នេះ​បាន​បង្ហាញ​ថា ខេត្តកំពង់ឆ្នាំង​មិន​អន់​ប៉ុន្មាន​នោះ​ទេ ក្នុង​ការ​ធ្វើ​ក្លែង​ទៅ​ចូលរួម​ប្រកួត ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​ជា​រៀង​រាល់​ឆ្នាំ​។ ខ្លែង​ដែល​ជាប់​ចំណាត់ថ្នាក់ ក្រសួង​បាន​ដកហូត​ទុក​តាំង​ពិ​ពណ៌​ខ្លែង​ថ្នាក់​ជាតិ ចំណែក​សម្រាប់​ការ​ប្រកួត​ឆ្នាំ​ក្រោយ​ៗ​ទៀត តាម​រាជធានី​ខេត្ត​នឹង​ត្រូវធ្វើ​ក្លែង​ថ្មី ។ ចំពោះ​ការ​ឲ្យ​ពិន្ទុ​នៃ​ការ​បង្ហោះ​ខ្លែង​ដែល​លោក​ធ្លាប់​បានដឹង​តាម​រយៈ​គណៈកម្មការ​ឲ្យ​ពិន្ទុ​ខ្លែង​គឺ ទី​១-​សោភ័ណ​ភាព ទី​២-​ការ​ហោះ​ឡើង ទី​៣-​ការ​ហោះ​សំកាំង និង​ទី​៤-​សម្លេង​ឯក​របស់​ខ្លែង ពិ​រោះ​ឬ​មិន​ពិ​រោះ ។ ខ្លែង​ខ្មែរ ឬ​ខ្លែងឯក ឬ​ខ្លែង​នគរ​ភ្នំ (​ជា​ខ្លែង​តែ​មួយ ព្រោះ​នៅ​ពេល​ខ្លែង​ខ្មែរ បំពាក់​ដោយ​អណ្តាត​សម្រាប់​បញ្ចេញ​សម្លេង «​ឯក​» គេ​ហៅ​ខ្លែងឯក និង​ក្រោយមក​ជនជាតិ​បារាំង ដាក់​ឈ្មោះ​ខ្លែង​ខ្មែរ​មិន​ច្បាស់​ទៅ​ជា​ខ្លែង​ភ្ន​ង ទើប​ក្លាយជា​ខ្លែង​នគរ​ភ្នំ​ទៅ ។

លោក​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បាន​រំលឹក​ឱ្យ​ដឹង​ពី​ប្រវត្តិ​ខ្លែង​ខ្មែរ ឬ​ខ្លែងឯក​នេះ​ថា កាល​ដើម​ឡើយ​មាន​ស្ដេច​ពីរ​អង្គជា​បងប្អូន​នឹង​គ្នា ។ ក្រោយមក​ស្ដេច​មួយ​អង្គ​បាន​សុគត​ទៅ ។ ដោយសារ​ក្តី​ស្រលាញ់ និង​អាឡោះអាល័យ​ចំពោះ​បងប្អូន ស្ដេច​ដែល​នៅ​មាន​ព្រះ​ជន្ម​បាន​ធ្វើ​ខ្លែងឯក​នេះ​បង្ហោះ​ឡើង​ដើម្បី​រំលឹក​ដល់​បងប្អូន​ដែល​បាន​សុគត ។ ទើប​តំណរ​ក្រោយមក ខ្មែរ​យើង​បាន​ចាត់​ទុក​ខ្លែង​ខ្មែរ​នោះ​ជា​ទង់ព្រលឹង​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទៅ​។

លោក​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បាន​បន្ត​ថា ហេតុនេះ​ហើយ​នៅ​ពេល​មាន​មនុស្ស​បាត់បង់​ជីវិត ខ្មែរ​យើង​ជំនាន់​នោះ ដល់​បច្ចុប្បន្ន​តែងតែ​ដោត​ទង់​នៅ​មុខ​ផ្ទះ​ដែល​មាន​មនុស្ស​បាត់បង់​ជីវិត ។ កាល​ជំនាន់​ដើម ខ្មែរ​យើង​តែង​និយម​បង្ហោះ​ខ្លែងឯក​នេះ​ណាស់ ប៉ុន្តែ​កាល​ណោះ​ខ្មែរ​យើង​ប្រកាន់​ណាស់ នៅ​ពេល​ដែល​មាន​ខ្លែងឯក ធ្លាក់​ចំ​ផ្ទះ​ណា ផ្ទះ​នោះ​នឹង​ត្រូវ​និង​មន្ត​ព្រះសង្ឃ​៧ វត្ត​ដើម្បី​រំដោះគ្រោះ​ចង្រៃ ។ ប៉ុន្តែ​បច្ចុប្បន្ន​ជំនឿ​បែប​នេះ​ត្រូវ​បាន​សាបរលាប​អស់​ទៅ​ហើយ ។ ជា​ចុង​ក្រោយ​លោក​បាន​បញ្ជាក់​ថា​ខ្លែងឯក ឬ​ខ្លែង​ខ្មែរ ត្រូវ​បាន​គេ​ទទួលស្គាល់​ពេញ​ពិភពលោក​ថា​ជា​របស់​ខ្មែរ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដូច​ខ្លែង​ព្រះ​ខែ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅឡើយ​ទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ