រាជធានីភ្នំពេញ ៖ ដើម្បីលើកកម្ពស់គុណភាពការងារព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េតនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាពេលឆាប់ៗខាងមុខ ។ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
លោក Saif Abdulla Mohammed Khalfan Alshamisi (សាអីហ្វ អាប់ឌុលឡា មហាម៉េដ ខាល់ហ្វាន អាល់ស្ហាមីស៊ី) ឯកអគ្គរដ្ឋទូតអារ៉ាប់រួម ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក កាលពីថ្ងៃទី១១ ខែធ្នូ នៅទីស្តីការក្រសួងបានលើកឡើងថា ការចុះអនុស្សរណៈយោកយល់នេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនេះ និងត្រៀមបញ្ជូន-ទទួលពលករកម្ពុជាឲ្យទៅធ្វើការនៅអារ៉ាប់រួម ខណៈបច្ចុប្បន្នការរស់នៅ និងការប្រកបការងារក្នុងប្រទេសនេះកំពុងមានសុខដុមនីយកម្មយ៉ាងល្អប្រសើរ ។
លោកថា សេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយត្រូវបានបញ្ជូនពីខាងភាគីអារ៉ាប់រួមមកកាន់ភាគីកម្ពុជារួចមកហើយ ដោយបច្ចុប្បន្នក្រុមការងារជំនាញរបស់ភាគីកម្ពុជាក៏កំពុងរួមគ្នាត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ ។ ក្នុងជំនួបនោះដែរលោកបណ្ឌិត អ៊ិត សំហេង បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ហើយក៏បានបង្ហាញការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងលើការជំរុញឱ្យមានអនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ ដែលកំពុងដំណើរការយ៉ាងល្អ ។
លោករដ្ឋមន្ត្រីបានបន្តថា នៅពេលអនុស្សរណៈត្រូវបានចុះហត្ថលេខារួចរា វាជាការផ្ដល់ឱកាសថ្មីបន្ថែមទៀតដល់ប្រជាពលរដ្ឋកម្ពុជាដែលចង់ស្វែងរកការងារធ្វើនៅក្រៅប្រទេស និងទទួលបានប្រាក់ចំណូលខ្ពស់ ។ នៅក្នុងប្រទេសកម្ពុជាក៏សម្បូរការងារធ្វើ ហើយកន្លែងខ្លះក៏ខ្វះកម្លាំងពលកម្មទៅទៀត ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែផ្ដល់ឱកាស និងស្វែងរកការងារនៅក្រៅប្រទេសសម្រាប់ប្រជាពលរដ្ឋបន្ថែមទៀតដែរ ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈការចេញទៅធ្វើការក្រៅប្រទេសនេះបានជួយឲ្យពលករទទួលបានប្រាក់ចំណូលថែមទាំងទទួលបានបទពិសោធន៍ ជំនាញវិជ្ជាជីវៈទៀតផង ។
ចំណែកលោកឯកអគ្គរដ្ឋទូតអារ៉ាប់រួម Abdulla Mohammed បានអះអាងថា នៅប្រទេសអារ៉ាប់រួមមានប្រជាជនរស់នៅយ៉ាងច្រើន ក្នុងនោះមានប្រមាណ២០០សញ្ជាតិ ដែលកំពុងរស់នៅប្រកបការងារ អាជីវកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងប្រទេសនេះប្រកបដោយសុខដុមនីយកម្ម ។ លោកបន្តថា មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៩នេះ រដ្ឋាភិបាលអារ៉ាប់រួមក៏បានដាក់ចេញគោលនយោបាយគាំពារសិទ្ធិ សេរីភាព និងផលប្រយោជន៍របស់ប្រជាជនដែលរស់នៅប្រកបការងារ អាជីវកម្ម និងធ្វើពាណិជ្ជកម្មក្នុងប្រទេសខ្លួនផងដែរ ដើម្បីធ្វើឲ្យការរស់នៅក្នុងប្រទេសនេះកាន់តែមានភាពសុខសាន្ត ។
លោកបន្តថា Abdulla Mohammed បានបង្ហាញគោលបំណងចង់ឱ្យអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងអារ៉ាប់រួមឈានទៅរកការចុះហត្ថលេខាឲ្យបានឆាប់រហ័ស ។
សូមជម្រាបថា បច្ចុប្បន្នមិនទាន់មានពលករកម្ពុជាទៅធ្វើការនៅប្រទេសអារ៉ាប់រួម តាមរយៈក្រុមហ៊ុនដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអារ៉ាប់រួមនៅឡើយទេ ប៉ុន្តែអាចមានពលករកម្ពុជាមួយចំនួនបានទៅធ្វើការនៅទីនោះដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ