ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ «​ទេ ទឹក​ពុះ​» ខ្លាច​បែក​ទ្រព្យ​ឱ្យ​កូន​បង្កើត​យក​គ្នា​ជា​ប្តី​ប្រពន្ធ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រមណីយដ្ឋាន «​ទេ ទឹក​ពុះ​» ជា​កន្លែង​ទេសចរ​មួយ​មាន​ប្រវត្តិ និង​រឿងដំណាល​ជា​យូរលុង​ណាស់​មក​ហើយ ពាក់ព័ន្ធ​នឹង​រឿងដំណាល​របស់​សេដ្ឋី​ម្នាក់​មានទ្រព្យ​ស្តុកស្តុ​ម្ភ តែ​បែរជា​ខ្លាច​បែក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ក៏​ឱ្យ​កូនបង្កើត​យក​គ្នា​ជា​ប្តី​ប្រពន្ធ ហើយ​ក៏​ត្រូវ​ព្រះធរណី​ស្រូប​យក…

ខេត្តកំពង់ស្ពឺ ៖ រមណីយដ្ឋាន «​ទេ ទឹក​ពុះ​» ជា​កន្លែង​ទេសចរ​មួយ​មាន​ប្រវត្តិ និង​រឿងដំណាល​ជា​យូរលុង​ណាស់​មក​ហើយ ពាក់ព័ន្ធ​នឹង​រឿងដំណាល​របស់​សេដ្ឋី​ម្នាក់​មានទ្រព្យ​ស្តុកស្តុ​ម្ភ តែ​បែរជា​ខ្លាច​បែក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ក៏​ឱ្យ​កូនបង្កើត​យក​គ្នា​ជា​ប្តី​ប្រពន្ធ ហើយ​ក៏​ត្រូវ​ព្រះធរណី​ស្រូប​យក ក្រោយមក​ក៏​នៅ​ទីនោះ​ក៏​ក្លាយជា​ទឹក​ពុះ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ ហើយរ​មី​យ​ដ្ឋា​ន «​ទេ ទឹក​ពុះ​» នេះ​មិនសូវ​មាន​មនុស្ស​ទៅ​លេង​ច្រើន​នោះ​ទេ តែបើ​អ្នក​ទៅ​អង្គុយ​ត្រាំ​ទឹក​ក្តៅ ដើម្បី​ព្យាបាល​ជំងឺ​វិញ គឺ​សម្បូរ​តែ​ម្តង ព្រោះ​មាន​អ្នកជំងឺ​បាន​អះអាង​ថា ពិតជា​បានជា​សះស្បើយ​ពិតប្រាកដ​មែន ។

ហើយ​បើសិន​ធ្វើ​ដំណើរ​នៅ​រមណីយដ្ឋាន «​ទេ ទឹក​ពុះ​» នេះ យើង​ត្រូវ​ចេញពី​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចម្ងាយ​ប្រហែល​៤៨​គីឡូម៉ែត្រ យើង​នឹង​ទៅ​ដល់​ផ្សារ​កំពង់ស្ពឺ​ឆ្លងកាត់​ក្រោម​ស្ពាន​អាកាស​ថ្មើរជើង​ទៅ​ខាងលិច​ប្រហែល​២០០​ម៉ែត្រ ទៅ​ដល់​ស្ថានីយ​ប្រេង​តេ​លា រួច​បត់​ស្តាំ​ទៅ​ផ្លូវជាតិ​លេខ​៤៤ ជាង​១​គីឡូម៉ែត្រ​បត់​ទៅ​ឆ្វេង​ដៃ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ដដែល ឆ្ពោះ​ទិស​ខាងលិច​ចម្ងាយ​៥០​គីឡូម៉ែត្រ និង​ទៅ​ដល់​រង្វង់​ផ្សា​រក​ន្តួ​ត (​ទីរួមស្រុក​ឱ​រ៉ា​ល់​)​។

បន្ទាប់​មក​បន្តដំណើរ​តាម​ផ្លូវលំ​ទៅ​ទិស​ខាងលិច​ចម្ងាយ​ប្រហែល​២៦​គីឡូម៉ែត្រ និង​ទៅ​ដល់​តំបន់​​ទេសចរណ៍​ប្រវត្តិសាស្ត្រ «​ទេ ទឹក​ពុះ​» ដែល​ជា​កន្លែង​ទឹក​ពុះ ស្ថិត​នៅ​ក្នុងភូមិ​ពុទ្រា ឃុំ​ត្រពាំង​​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ហើយ «​ទេ ទឹក​ពុះ​» នេះ ជា​កន្លែង​រមណីយដ្ឋាន​មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​អ្នក​ភ្នំពេញ​ទៅ​លេង​កំសាន្ត មិនតែប៉ុណ្ណោះ​ទឹក​ពុះ​នៅ​តំបន់​តេ​នេះ តាម​ជំនឿ​បុគ្គល​អាច​ព្យាបាល​ជំងឺ​ជា​សះស្បើយ​ជា​ច្រើន​មុខ​ថែម​ទៀត​ផង​។

ពាក់ព័ន្ធ​កន្លែង​ទឹក​ពុះ​នេះ​ដែរ មានរឿង​តំណាល​ថា «​ដើម​ឡើយ​មាន​សេដ្ឋី​មួយ​រូប​មាន​មាស​ប៉ុន​ដូងទុំ គឺជា​អ្នកមាន​ប្រចាំ​តំបន់​តេ សេដ្ឋី​រូប​នេះ​មានកូន​ពីរ​នាក់ ប្រុស​១ ស្រី​១ កូន​ទាំង​២​ត្រូវ​បាន​គាត់​បំបែក​ចេញពី​គ្នា​តាំងពី​តូច​ៗ រហូត​ដល់​ធំ​ពេញវ័យ​។ ដោយសារ​តែ​ខ្លាច​បែក​ទ្រព្យសម្បត្តិ គាត់​មិន​បានឱ្យ​កូន​ទៅ​យក​គ្រួសារ​ផ្សេង​នោះ​ទេ បើ​ទោះជា​គេ​មក​ដណ្តឹងកូនក្រមុំ​ក្តី ក្រោយមក​គាត់​ក៏​គិត​គ្នា​ជាមួយ​ប្រពន្ធ​ថា ចៀសវាង​បែក​ទ្រព្យសម្បត្តិ​ពុះ​មាស​ប៉ុន​ដូងទុំ​ជា​ពីរ​ចំណែក មាន​តែ​រៀប​ការកូន​របស់​ខ្លួន​ដែល​បំបែកចេញ​កាលពី​តូច​ឱ្យ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​។

គិតគូរ​រួច​ហើយ គាត់​ក៏​រៀបចំ​ការកូន​ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ដោយ​មាន​ហៅភ្ញៀវ​មក​ចូលរួម​យ៉ាងច្រើន​កុះករ លើកលែងតែ​យាយ​តី​ម្នាក់​គត់​ដែល​សេដ្ឋី​មិន​បាន​ហៅ​ឱ្យ​ចូលរួម មិនតែប៉ុណ្ណោះ​សេដ្ឋី​ថែម​ទាំង​បាន​យក​ក្រពើ​ដែល​យាយ​តី​ចិញ្ចឹម​កាប់​បំរើភ្ញៀវ​ទៀត​ផង​។

បើ​និយាយ​ពី​យាយ​តី​វិញ ក្រោយ​ពី​ដឹង​ថា សេដ្ឋី​រៀប​ការកូន​បង្កើត​ឱ្យ​យក​គ្នា​ជា​ប្តី​ប្រពន្ធ គាត់​មានការ​បា​ម្ភ​ជា​ខ្លាំង ហើយ​នៅ​ថ្ងៃ​ចូល​រោង​មិន​បាន​ទៅ​ក្បែរ​នោះ​ទេ​។ វេលា​យប់​ឡើង​ស្រាប់តែ​យាយ​តី​យល់សប្តិ​ឃើញ​យមទូត​មក​ប្រាប់​ថា ថ្ងៃស្អែក​ហាម​ដាច់ខាត​មិន​ឱ្យ​ចូល​ទៅ​ក្បែរ​កន្លែង​គេ​ការកូន​ឡើយ ភ្ញាក់​ពី​យល់សប្តិ​យាយ​តី​ភ័យ​ណាស់ គឺ​នៅ​តែ​ក្នុងផ្ទះ​តែ​ម្នាក់ឯង មិន​ចេញ​ទៅ​ណា​ឡើយ ដោយ​បាន​វួ​ង​សួង​ថា បើ​គាត់​មានជីវិត​រស់ គាត់​នឹង​កោរសក់​ថ្វាយ​ដល់​ព្រះធរណី​។

បើ​និយាយ​ពី​ផ្ទះ​សេដ្ឋី​វិញ មនុស្ស​មក​ចូលរួម​យ៉ាងច្រើន​កុះករ ពេល​ពិធីសែនព្រេន​បាន​ចាប់ផ្តើម​ឡើង ស្រាប់តែ​កើត​មាន​បាតុភូត​ចម្លែក ដោយ​ក្នុង​បរិវេណ​ផ្ទះ​សេដ្ឋី​ត្រូវ​ព្រះធរណី​ស្រូប​យក​មនុស្ស​ទាំងអស់​ចូល​ទៅ​ក្នុង​ដី​គ្មាន​សល់​ម្នាក់ លើកលែងតែ​យាយ​តី​ម្នាក់​គត់ ដោយ​ឃើញ​ទិដ្ឋភាព​បែប​នោះ​យាយ​តី​ភ័យ​ណាស់ បាន​រត់គេច​ពី​កន្លែង​នោះ​រហូត​ទៅ​ដល់​ដី​ទួល​មួយ​កន្លែង គាត់​ក៏​បាន​កោរសក់​នៅ​ទីនោះ​តាម​អ្វី​ដែល​គាត់​បាន​បន់ស្រន់​ថ្វាយ​ដល់​ព្រះធរណី ហើយ​ក៏​រស់នៅ​ទីនោះ​រហូត មានគ្រួសារ និង​កូនប្រុស​មួយ ។

ក្រោយ​ពី​កូន​កើត ប្តី​របស់​គាត់​ក៏​ទៅ​បួស​ជា​តាបស​នៅ​លើ​ភ្នំ​ខ្ជោល (​ឱ​រ៉ា​ល់​) នៅ​ពេល​ដែល​កូន​កើតមក​មានឈ្មោះ​ត្រសក់ផ្អែម​។ ភូមិ​ដែល​យាយ​តី​រស់នៅ​ក៏​មានឈ្មោះ​ថា ភូមិ​កោរ​ដូនតី រហូត​មក​ដល់​សព្វថ្ងៃ ដែល​ជា​ភូមិ​របស់​ជនជាតិ​ដើម​យាយ​តី គឺ​ជនជាតិ​សួយ​។

ចំណែក​កន្លែង​ទឹក​ពុះ​ឯណេះ​វិញ ក្រោយ​ពី​ព្រះធរណី​ស្រូប​យក​អ្នក​ដែល​មក​ចូលរួម​ពិធី​ការកូន​សេដ្ឋី​ជនជាតិ​សួយ​អស់ហើយ កន្លែង​នេះ​ក៏​ស្រាប់តែ​ក្លាយជា​មានទឹក​ហូរ​ចេញពី​ក្នុង​ដី ហើយ​មានកំ​ដៅ​ក្តៅ​រហូត​ដល់​បច្ចុប្បន្ន​។ កន្លែង «​ទេ ទឹក​ពុះ​» បច្ចុប្បន្ន​មាន​អ្នក​ទៅ​លេង​មិនសូវ​ច្រើន​នោះ​ទេ តែបើ​អ្នក​ទៅ​អង្គុយ​ត្រាំ​ទឹក​ក្តៅ គឺ​សម្បូរ​តែ​ម្តង​។

បើ​តាម​ពលរដ្ឋ​១​រូប​ឈ្មោះ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង បាន​និយាយ​ថា លោក​បាន​មក​ត្រាំ​ទឹក​ក្តៅ​នេះ ដោយសារ​តែ​កន្លង​មក លោក​បាន​ធ្វើការ​វះកាត់​ខួរក្បាល ហើយ​ដៃជើង​កំរើក​មិន​បាន​ឡើយ ប្រៀប​ដូច​មនុស្ស​រុក្ខជាតិ ស្រាប់តែ​យប់​១​លោក​បាន​គេង​យល់​សុ​បិ​ន្ត​ឃើញ​មាន​លោកតា​ម្នាក់​មក​ប្រាប់​លោក​ថា បើសិនជា​ចៅ​ចង់​ជា​សះស្បើយ​ពី​ជំងឺ​នោះ ចៅ​ត្រូវ​តែ​ទៅ​ត្រាំ​ទឹក​ក្តៅ​នោះ​ជា​រៀងរាល់ថ្ងៃ​ទៅ​។ ភ្លាម​ៗ​នោះ លោក​បានដឹង​ខ្លួន​វិញ​បាន​និយាយ​ប្រាប់​ប្រពន្ធ និង​កូន ទើប​ប្រពន្ធ​របស់​លោក​យក​មក​ត្រាំ​ទឹក​ក្តៅ​នៅ​ទី​នេះ​ជា​ប្រចាំ ដែល​រហូត​មក​ដល់​ពេល​នេះ​លោក​បាន​ធូរស្បើយ​ច្រើន​ហើយ​។

ចំណែក​លោក សៅ សា​រ៉​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ ធ្លាប់​និយាយ​ឱ្យ​អ្នក​សារព័ត៌មាន​ថា កន្លែង «​ទេ ទឹក​ពុះ​» នេះ ពិតជា​អ្នក​ព្យាបាល​ជំងឺ​ជា​ពិតមែន បើ​តាម​ជំនឿ​របស់​អ្នកជំងឺ មាន​ដូច​ជា ជំងឺ​សើ​ស្បែក ក​ន្តួ​ល​រមាស់ ជំងឺលើសឈាម ទឹកនោមផ្អែម ជាដើម​។​ហើយ​លោក​នឹង​ធ្វើការ​អភិរក្ស​ទីតាំង​ខាងលើ​នេះ ឱ្យ​ក្លាយទៅជា​កន្លែង​ទេសចរណ៍​មួយ​ទាក់ទាញ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ