ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ប្រទេស​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បាត់បង់​ចំណូល​ពន្ធគយ​ប៉ុន្តែ​ទំនិញ​មាន​តម្លៃ​ធូរ​ថ្លៃ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ប្រើប្រាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធាន​ភ្នំពេញ​៖ ប្រទេស​ដែល​ផ្តល់​នូវ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ​ហៅ​ថា​(Generalized System of Preferences/GSP) របស់​សហរដ្ឋអាមេរិក​ដែល​ផ្តល់​ដល់​ប្រទេស​កម្ពុជា ឬ​បណ្តា​ប្រទេស​ផ្សេង​ទៀត គឺ​ប្រាកដ​ណាស់​បាត់បង់​នូវ​ចំណូល​ពន្ធគយ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ប្រទេស​ដែល​ផ្តល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទទួល​បាន​ប្រយោជន៍​ធំធេង​សម្រាប់​ប្រជាពលរដ្ឋ…

​រាជធាន​ភ្នំពេញ​៖ ប្រទេស​ដែល​ផ្តល់​នូវ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ​ហៅ​ថា​(Generalized System of Preferences/GSP) របស់​សហរដ្ឋអាមេរិក​ដែល​ផ្តល់​ដល់​ប្រទេស​កម្ពុជា ឬ​បណ្តា​ប្រទេស​ផ្សេង​ទៀត គឺ​ប្រាកដ​ណាស់​បាត់បង់​នូវ​ចំណូល​ពន្ធគយ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ប្រទេស​ដែល​ផ្តល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទទួល​បាន​ប្រយោជន៍​ធំធេង​សម្រាប់​ប្រជាពលរដ្ឋ ព្រោះ​ពួក​គេ​នឹង​ទទួល​បាន​នូវ​ទំនិញប្រើប្រាស់ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​របស់​គេ​មាន​តំលៃ​ធូរ​ថ្លៃ សម្រាប់​ពលរដ្ឋ​របស់​គេ​ប្រើប្រាស់ និង​ជួយ​ធានា​មិន​ឱ្យ​មាន​អត្រា​អតិផរណា​ខ្ពស់​។ នេះ​បើ​តាម​អគ្គលេខាធិការ​រងសមាគម​កាត់ដេរ​នៅ​កម្ពុជា​។

​លោក កាំ​ង ម៉ូ​លី​កា អគ្គលេខាធិការ​ង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC បាន​សរសេរ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា GSP មិនមែន​ជា​ប្រព័ន្ធ​ដាច់​ដោយឡែក​ដែល​បង្កើត​ឡើង​ដោយ​អា​មេ​រិ​ក និង​ផ្តល់​ឱ្យ​ដោយ​អា​មេ​រិ​ក​តែ​មួយ​នោះ​ទេ​។ GSP ត្រូវ​បាន​បង្កើត​ឡើង​នៅ​សន្និសីទ UNCTAD II ក្នុង​ឆ្នាំ​១៩៦៨ ដែល​មានការ​ចូលរួម​ពី​ប្រទេស​ជា​ច្រើន ហើយ​វា​បាន​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​១៩៧១​។

លោក​បាន​បន្ត​ថា សហភាព​អឺរ៉ុប និង​ជប៉ុន​បាន​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​នេះ​មុនគេ ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ៗ​បាន​អនុម័ត​ច្បាប់​រឺ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​គេ​រៀង​ៗ​ខ្លួន​ក្នុង​ការ​អនុវត្ត​ប្រព័ន្ធ​GSP​នេះ មាន​ជា​អាទិ៍ អា​មេ​រិ​ក​នៅ​ឆ្នាំ​១៩៧៤, កា​ណា​ដា​នៅ​ឆ្នាំ​១៩៨៣ ហើយ​ដែល​មក​ដល់​ពេល​នេះ​សរុប​មាន​ជាង​១០​ប្រទេស​នៅ​EU​។ ប្រព័ន្ធ​GSP គឺជា​ការ​ផ្តល់​ឱ្យ​នូវ​ភាព​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដោយ​ឯកតោភាគី​ដោយ​គ្មាន​ការ​ចរចា​រដោះ​ដូរ​នូវ​ភាព​អនុគ្រោះ​ត្រលប់​ទៅ​វិញ​នោះ​ទេ​។

លោក​លើក​ឡើង​ថា UNCTAD គឺជា​អ្នក​បង្កើត​ឱ្យ​មាន GSP ដែល​នាំ​ឱ្យ​មានការ​កាត់​បន្ថយពន្ធ​នាំ​ចូល​ជា​ច្រើន​តាំងពី​ឆ្នាំ​១៩៧១ មក​។ ប្រព័ន្ធ GSP បាន​ផ្តល់​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​នូវ​កម្រិត​នៃ​ការ​អនុគ្រោះ​លើ​អត្រាពន្ធ​នាំ​ចូល​នៃ​ទំនិញ​របស់​គេ​ទៅ​ក្នុង​ទីផ្សារ​របស់​ប្រទេស​ជឿនលឿន ហើយដោយ​តាម​វិធី​នេះ ប្រទេស​ក្រីក្រ​និង​កំពុង​អភិវឌ្ឍ​អាច​មាន​លទ្ធភាព​ប្រកួតប្រជែង​បាន​ក្នុង​ការ​នាំ​ចេញ​។ យ៉ាងណា​ក៏​ដោយ ការ​អនុវត្ត​កម្មវិធី​GSP មាន​លក្ខណៈ​ខុស​គ្នា​ខ្លះ​ៗ​អាស្រ័យ​ទៅ​តាម​គោលនយោបាយ​របស់​ប្រទេស​អ្នក​ផ្តល់​ឱ្យ​។​ឧទាហរណ៍​ចំពោះ​សហរដ្ឋអាមេរិក គេ​មានការ​អនុវត្ត​ជា​ទូទៅ​ចំពោះ​ប្រទេស​ជា​ច្រើន​ដែល​មាន​សិទ្ធិ​ទទួល​បាន​នូវ​ភាព​អនុគ្រោះ (​ខុស​គ្នា​ខ្លះ​ៗ​លើ​មុខទំនិញ​ដែល​ត្រូវ​ទទួល​បាន​ភាព​អនុគ្រោះ​) និង​មានការ​អនុវត្ត​ជា​គោលនយោបាយ​ពិសេស​ដូច​ជា African Growth & Opportunity Act ដែល​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ​២០០០ ដើម្បី​ជួយ​ប្រទេស​ក្នុង​អនុ​តំបន់​សាហា​រ៉ា​នៃ​ទ្វីបអាហ្វ្រិក ឯ​ចំពោះ​សហភាព​អឺរ៉ុប​វិញ នៅ​ក្រោម​ប្រព័ន្ធ​GSP​នេះ គេ​មាន Standard GSP, GSP+ និង EBA​។ ចំពោះ​ប្រទេស​កា​ណា​ដា​វិញ គេ​មានការ​អនុវត្ត​អត្រាពន្ធ​អនុគ្រោះ​ទូទៅ General Preferential Tariff និង​ការ​ផ្តល់​នូវ​ប្រ​ព្រិ​ត្ត​កម្ម​ពិសេស​សម្រាប់​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច Special Treatment for Least Developed Countries​។

បើ​តាម​លោក​កាំ​ង ម៉ូ​លី​កា ទោះបីជា​មាន​ប្រព័ន្ធ GSP ក៏​ដោយ មិន​មាន​ន័យ​ថា​គ្រប់មុខ​ទំនិញ​ទាំងអស់​សុទ្ធតែ​ទទួល​បានការ​លើកលែង​ពន្ធ​ដល់​កំរិត​សូន្យ​ភាគរយ (០%) ទាំង​អស់នោះ​ទេ​។ មាន​ទំនិញ​មួយ​ចំនួន​គ្រាន់តែ​ទទួល​បានការ​បន្ធូរ​បន្ថយពន្ធ រីឯ​ទំនិញ​មួយ​ចំនួន​ទៀត​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​ដែល​អាច​ទទួល​បានការ​អនុគ្រោះ​ពន្ធ​នោះ​ទេ គឺ​ត្រូវ​បង់​តាម​អត្រា MFN ធម្មតា​សម្រាប់​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ។

លោក​បាន​បញ្ជាក់​ថា «​ជាក់ស្តែង​ចំពោះ​អា​មេ​រិ​ក GSP ផ្តល់​លទ្ធភាព​ឱ្យ​ប្រទេស
កម្ពុជា​អាច​នាំ​ផលិតផល​រាប់​ពាន់​មុខ​ចូល​ទៅ​ក្នុង​ទីផ្សារ​អា​មេ​រិ​កដោយ​មិន​ចាំបាច់​បង់ពន្ធ​នាំ​ចូល តែ​ជា​អកុសល​មុខទំនិញ​នាំ​ចេញ​ជា​ចម្បង​ដែល​កម្ពុជា​អាច​ផលិត​បាន មាន​ដូច​ជា
សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​កសិកម្ម​ជាដើម មិន​មាននៅ​ក្នុង​បញ្ជី​មុខទំនិញ​ដែល​មាន​សិទ្ធិ​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ក្រោម​ប្រព័ន្ធ GSP នេះ​ទេ​។ មុខទំនិញ​នាំ​ចេញ​ជា​ច្រើន​របស់​កម្ពុជា​ត្រូវ​តម្រូវ​អោយ​បង់ពន្ធ​នាំ​ចូល​ទៅ​គយ​អា​មេ​រិ​ក ដោយ​ពន្ធ​នាំ​ចូល​ជា​បន្ទុក​របស់​អ្នក​នាំ​ចូល (​ម្ចាស់​ម៉ាក រឺ​ក្រុមហ៊ុន​នាំ​ចូល​)»​។

លោក​បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០១៦ ក្នុង​ចំណោម​ផលិតផល​នាំ​ចេញ​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​២៨០០​លាន​ដុល្លា គឺ​ផលិតផល​នាំ​ចេញ​ដែល​មានទឹក​ប្រហែល​តែ​១៨០​លាន​ដុល្លា​ប៉ុណ្ណោះ​បាន​ទទួល​ការ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី US GSP ហើយ​បើ​គិត​ទឹកប្រាក់​ពន្ធ​ដែល​អ្នក​នាំ​ចូល​អាច​សន្សំ​បាន​គឺ​ប្រហែល​២០​លាន​ដុល្លា​ប៉ុណ្ណោះ​។ រហូត​ទាល់តែ​ដល់​ខែកក្កដា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ដាក់​ញា​តិ្ត​ទៅ​សភា​អា​មេ​រិ​ក ស្នើ​បញ្ចូល​មុខទំនិញ​ផលិតផល​ធ្វើ​ដំណើរ (Travel Goods) ទៅ​ក្នុង​បញ្ជី​មុខទំនិញ​ដែល​ត្រូវ​ទទួល​បាន​GSP​។

សំណើ​នេះ​បាន​ទទួល​ជោគជ័យ ហើយ​តាម​រយៈ​នេះ យើង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី US GSP ដោយ​ការ​វិនិយោគ​របស់​រោងចក្រ​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​ការ​នាំ​ចេញ​ក៏​បាន​កើនឡើង​យ៉ាង​កំ​ហុ​ក​។ ក្នុង​ឆ្នាំ​២០១៨ ក្នុង​ចំណោម​ផលិតផល​នាំ​ចេញ​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​៣៨០០​លាន​ដុល្លា គឺ​ផលិតផល​នាំ​ចេញ​ដែល​មានទឹក​ប្រហែល​តែ​៦០០​លាន​ដុល្លា​ប៉ុណ្ណោះ​បាន​ទទួល​ការ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី US GSP ហើយ​បើ​គិត​ទឹកប្រាក់​ពន្ធ​ដែល​អ្នក​នាំ​ចូល​អាច​សន្សំ​បាន​គឺ​ប្រហែល​៧០​លាន​ដុល្លា (​មិនមែន ៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​) ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ