ពលរដ្ឋ​បារម្ភ​ពី​ជីវភាព​ប្រចាំ​ថ្ងៃ​បន្ទាប់​ពី​ទិន្នផល​ពោតក្រហម​មិនល្អ​ចំណែក​តម្លៃ​លើ​ទីផ្សារ​ធ្លាក់​ចុះ​យ៉ាង​គំហុក


ខេត្ត​ប៉ៃលិន ៖ នា​រដូវ​ប្រមូល​ផល​ស្រូវ​និង​កសិផល​មួយ​ចំនួន​ទៀត​បាន​ឈាន​មក​ដល់ តែ​កសិករ​បែរជា​បង្ហាញ​នូវ​ក្តី​បារ​ម្ម​ណ៍​ទៅ​វិញ បន្ទាប់​ពី​តម្លៃ​ស្រូវ តម្លៃ​ម្រេចខ្មៅ​បាន​ធ្លាក់​ចុះ​ជាបន្តបន្ទាប់ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ​រដូវ​ប្រមូល​ផល​ពោតក្រហម​នា​ចុងឆ្នាំ​២០១៩ នេះ បានឈាន​ចូល​មក​ដល់​ដូច​គ្នា​ធ្វើ​ឱ្យ​កសិករ​ម្នាក់​ៗ​ក្នុង​ក្រុងប៉ៃលិន ដែល​ប្រកប​របរ​ដាំ​ដំណាំ​ពោតក្រហម បាន​នាំ​គ្នា​ម្នីម្នា រក​ជួល​កម្មករ​ទៅ​ប្រមូល​ផល​ពោត ដែល​កំពុង​តែ​ទុំ​ពេញ​ក្នុង​ចំការយ៉ាង​មមាញឹក​តែ​ម្តង ។

តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មិន​សប្បាយចិត្ត​នោះ គឺ​ទិន្នផល​ពោតក្រហម​ក្នុងឆ្នាំនេះ​មិនសូវ
ល្អ​ប្រសើរ​នោះ​ឡើយ និយាយ​រួម​គឺ​ទិន្នផល​មានការ​ធ្លាក់​ចុះ​ខ្លាំង ។ កាន់តែ​អាក្រក់​នោះ គឺ​តម្លៃ
ទីផ្សារ​ក៏​ស្ទើ​តែ​និយាយ​មិន​ចេញ​ផង​ដែរ ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ រអ៊ូរទាំ​ថា​ដាំ​បាន​ដំណាំ​អ្វី
ពេល​ប្រមូល​ផលដំណាំ​នោះ មានការ​ធ្លាក់​ចុះថោក ។

កសិករ​ម្នាក់ ឈ្មោះ រ៉ុ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ប្រពន្ធ ឈ្មោះ ច​ន្ថា អាយុ​៣១​ឆ្នាំ រស់
នៅ​ភូមិ ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ទាំង​ទឹកមុខ​ស្រពាប់​ស្រពោន ថា​នៅ​ពេល​នេះ ដំណាំ​ពោតក្រហម​របស់​គាត់​ត្រូវ​បាន​ជួល​កម្មករ​ទៅ​ប្រមូល​ជិត​រួចរាល់​អស់ពី
ក្នុង​ចម្ការ​ហើយ ។ ​លោក​បាន​បន្ត​ថា «​តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាកចិត្ត​បំផុត​នោះ​គឺ​ទិន្នផល​ពោតក្រហម​ឆ្នាំ​នេះមានការ​ធ្លាក់​ចុះ ព្រោះ​រាំងភ្លៀង​រយ​:​ពេល​យូរ​ពេក បណ្តាល​ឱ្យ​ងាប់​អស់​ជា​ច្រើន ។ ទោះបីជាពួក​ខ្ញុំ​ខិតខំ​ដាំ​ជា​ច្រើន​លើក​ច្រើន​សារ​យ៉ាងណា ក៏​ងាប់​ដើម​អស់​ជា​ច្រើន​ដែរ​»​។ គាត់​បន្ត​ទៀតថា រហូត​មក​ដល់​ចុងឆ្នាំ​នេះ តម្លៃ​ទីផ្សារ​កសិផល​ពោតក្រហម ក្នុង​១​គីឡូក្រាម​លក់​បាន​ត្រឹមតែ ៤.៣​បាត (​ប្រាក់​ថៃ​) ប្រហែល​៥០០​រៀល​ប៉ុណ្ណោះ ។ ចំណែក​នៅ​ឆ្នាំ​មុន​ៗ តម្លៃ​ពោតក្រហម​១ គីឡូក្រាម​អាច​លក់​បាន​៥​ទៅ​៦​បាត (​ប្រាក់​ថៃ​) ដែរ តែ​យូរ​ទៅ​កាន់តែ​ថោក​ទៅ​ៗ ។

លោក រ៉ុ​ន បាន​បន្ត​ថា «​ដូច្នេះ បន្ទាប់​ពី​ប្រមូល​ផល​រួច មើលទៅ​មិន​អាច​សល់​ថវិកាសម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​នោះ​ទេ ខណ​:​ទិញ​គ្រាប់ពូជ​ពោត ក៏​ថ្លៃ ទិញ​ជី​ប៉ូវ​ដើម ប៉ូវ​ផ្លែ និង​ប្រើ​ថ្នាំ​បាញ់​ស្មៅ​អស់​ជា​ច្រើន​ថែម​ទៀត​។ ដូច្នេះ ម្នាក់​ៗ លែង​មាន​អារម្មណ៍​ចង់​បន្តដាំពោត​ក្រហម​ទៀត​ហើយ​»​។ គាត់​បាន​បញ្ជាក់​ថា មិនមែន ត្រឹមតែ​ដំណាំ​ពោត​មានការ​ធ្លាក់ថ្លៃ​នោះ​ទេ ពោល​គឺ​ដាំ​អ្វី​បាន គឺ​កសិផល​នោះ​តែងតែ​មានការ​ធ្លាក់​ថ្លៃ​តែ​ម្តង ដែល​មិន​អាច​ឱ្យពួក​គាត់ ទទួលយក​បាន​នោះ​ឡើយ ។ ពួក​គាត់​ក៏​សូម​អំពាវនាវ ដល់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជាមន្ទីរ​កសិកម្ម​ខេត្ត មេត្តា​ជួយ​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ផង ព្រោះ​ធ្វើ​ចម្ការ​យូរ​ៗ ទៅ ខាតដើម ខាតចុង ដោយ​ម្នាក់​ៗ​ស្ទើរតែ​ឈប់​ដាំំ​ដំណាំ​ទាំងនេះ ហើយ​លក់​ដីធ្លីរ​ត់ទៅ​ធ្វើ​ខ្ញុំគេនៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​មក​សងបំណុល​គេ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក សាយ សុ​ផាត ប្រធាន
មន្ទីរ​កសិកម្ម​បាន​ទេ ខណ​:​ងារ​យើង​ទូរស័ព្ទ​ចូល លោក​បាន​ប្រាប់​ថា កំពុង​ជាប់រវល់​ប្រជុំ ហើយ​ក៏​បិទ​ទូរស័ព្ទ​តែ​ម្តង ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ