ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ស្រី​3​រូប ​សុទ្ធតែ​អះអាង​ថា​មិន​​ខ្វល់​ពី​អនាគត​ដើម្បី​កីឡា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡា​ទាំងអស់ កីឡាប្រដាល់​ផ្នែក​នារី​នៅ​តែ​មាន​សម្ពាធ​ពី​ស្រទាប់​មហាជន ដោយ​អ្នក​ប្រដាល់​នារី​មិនសូវ​បាន​ទទួល​ការ​គាំទ្រ​និង​លើកទឹកចិត្ត​ប៉ុន្មាន​ទេ​។ អ្នក​​ប្រដាល់​នារី​ច្រើន​តែ​ត្រូវ​គេ​កត់សម្គាល់ថា នៅ​ក្រមុំចាស់​យូរ​ក្រោយ​ពេល​ពួក​នាងមានឈ្មោះ​បោះ​សំឡេង​នោះ​ផង ។ យ៉ាងណាមិ​ញ សម្រាប់​កីឡាការិនី​ល្បីឈ្មោះ​៣​រូប…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡា​ទាំងអស់ កីឡាប្រដាល់​ផ្នែក​នារី​នៅ​តែ​មាន​សម្ពាធ​ពី​ស្រទាប់​មហាជន ដោយ​អ្នក​ប្រដាល់​នារី​មិនសូវ​បាន​ទទួល​ការ​គាំទ្រ​និង​លើកទឹកចិត្ត​ប៉ុន្មាន​ទេ​។ អ្នក​​ប្រដាល់​នារី​ច្រើន​តែ​ត្រូវ​គេ​កត់សម្គាល់ថា នៅ​ក្រមុំចាស់​យូរ​ក្រោយ​ពេល​ពួក​នាងមានឈ្មោះ​បោះ​សំឡេង​នោះ​ផង ។ យ៉ាងណាមិ​ញ សម្រាប់​កីឡាការិនី​ល្បីឈ្មោះ​៣​រូប បែរជា​ប្រកាស​ថា មិន​ខ្វល់​ពី​ការ​រើសអើង​រឿង​គ្មាន​អ្នក​ចង់​រៀប​ការ​ជាមួយ​ទេ សំខាន់​ឲ្យ​តែ​បាន​បន្តដំណើរ​ក្នុង​វិស័យ​មួយ​នេះ ។

១-សំ ថា​រ័​ត្ន ៖ កីឡាការិនី​ដែល​មាន​ជំនាញ​ក្បាច់គុន​ល្បុក្កតោ​រូប​នេះ មាន​កំណត់​ត្រា​ប្រកួត​នៅ​សង្វៀន ONE ចំនួន​៣​លើក ក្នុង​នោះ​ឈ្នះ១​លើក និង​ចាញ់​២​លើក ។ ក្រៅពី​នោះ រូប​នាង​មានឈ្មោះ​ទៅ​ប្រកួត​កីឡា​គុន​ចម្រុះ​នៅ​ប្រទេស​ថៃ​ជា​ច្រើន​ដង​ទៀត​ផង ។

កីឡាការិនី​អាយុ​២៩​ឆ្នាំ​រូប​នេះ​ថ្លែង​ថា នេះ​ជា​ការ​ប្រកួតប្រជែង​ថ្មី និង​លើក​ដំបូង​នៅ​ស៊ី​ហ្គេ​ម តំណាង​ឲ្យ​ជាតិ ។ ថា​រ័​ត្ន ត្រូវ​ប្រកួត​ក្នុង​វិញ្ញាសា «​មួយ​» ខុស​ពី Kickboxing ដែល​អាច​លេង​កែង​បាន​ដូច​ប្រដាល់សេរី​របស់​ខ្មែរ​សុទ្ធសាធ នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ឆ្នាំ​នេះ ។ នាង​បាន​បង្ហាញ​ជំហរ​ថា ទោះជា​វ័យ​នៅ​ក្នុង​ពេល​នេះ​ក្បែរ​៣០​ទៅ​ហើយ​ក្តី តែ​នាង​មិន​ដែល​ខ្វល់​ថា តើ​ពេល​ណា​រៀប​ការ​ឡើយ ។

ថា​រ័​ត្ន និយាយ​ថា ៖ «​ខ្ញុំ​នឹង​ខំប្រឹង​ឲ្យ​អស់ពី​ចិត្ត​និង​អស់ពី​សមត្ថភាព ។ ទោះ​ខ្ញុំ​មិនសូវ​បាន ហ្វឹក​ហាត់​ដិត​ដល់​ដូច​ពី​មុន ប៉ុន្តែ​ខ្ញុំ​បាន​ប្រឹង​ខ្លាំង​ក្នុង​រយៈពេល​១​ខែ​មកនេះ ។ ការ​ដែល​អត់បាន​​ហាត់​ច្រើន ព្រោះ​ខ្ញុំ​ជាប់កិច្ចសន្យា​ថត​ខ្សែភាពយន្ត​» ។ ថា​រ័​ត្ន គូសបញ្ជាក់​ថា ៖ «​ខ្ញុំ​មាន​សម្ពាធ​បន្តិច ហើយ​ខ្ញុំ​ក៏​គិត​ច្រើន​ដែរ ។ វា​មិន​ស្រួល​នោះ​ទេ ។ តែ​អ្វី​ៗ​ត្រូវ​ប្រឹង​១០០% ដើម្បី​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ធំ​សម្រាប់​រូប​ខ្ញុំ​និង​សម្រាប់​អ្នកគាំទ្រ​» ។

២-នៅ ស្រី ពៅ ៖ នៅ ស្រី​ពៅ ធ្លាប់​ប្រកួត​នៅ​សង្វៀន​កម្រិត​ពិភពលោក​ONE ចំនួន២​ដង ក្នុង​នោះ​ឈ្នះ​១​ដង និង​ចាញ់​១​ដង ។ កីឡាការិនី​ប្រដាល់​ជម្រើសជាតិ​រូប​នេះ បាន​ទៅហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​តាំងពី​ដើមខែ​កញ្ញា​រហូត​ចុងខែ​វិច្ឆិកា ឆ្នាំ​នេះ ដើម្បី​ត្រៀម​ប្រកួត​នៅ​ស៊ី​ហ្គេ​ម ។

ស្រី​ពៅ និយាយ​ថា ៖ «​ឆ្នាំ​នេះ​ជា​លើក​ទី១​ដែល​ខ្ញុំ​ទៅ​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេ​ម ។ ការចេញ​ទៅ​ហាត់​នៅ​ជប៉ុន​នេះ គឺ​បាន​បង្កើន​បច្ចេកទេស​និង​នាំ​យក​លទ្ធផល​ល្អ​ជូន​អ្នកគាំទ្រ និង​ជូនជាតិ​វិញ ។ ខ្ញុំ​រំភើបចិត្ត នេះ​ជា​លើក​ទី​១​ដែល ខ្ញុំ​មានឱកាស​ទៅ​ហ្វឹកហាត់​ក្រៅប្រទេស​កន្លង​មក ។ ខ្ញុំ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ច្រើន​អំពី ការ​ហ្វឹកហាត់​នេះ ។ ខ្ញុំ​ទទួល​បានការ​ហ្វឹកហាត់ ប្លែក​ៗ និង​កម្លាំង​ល្អ​ជាង​មុន ។ អ្វី​ដែល​ខ្ញុំ​ចង់​បាន គឺ​មេដាយ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​» ។

៣- វី ស្រី​ខួច ៖ ជា​កីឡាការិនី​ដែល​បាន​ទៅ បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ដូច នៅ ស្រី​ពៅ ដែរ ។ ស្រី​ខួច ជា​កីឡាការិនី​ម្នាក់​មាន​បទ ពិសោធន៍​នៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០១៧ និង​បទ​ពិសោធន៍​នៅ​សង្វៀន ONE ចំនួន​៣​ដង (​ឈ្នះ ១​ដង ចាញ់​២​ដង​) ។ ស្រី​ខួច បង្ហើប​អំពី​ការ​តាំងចិត្ត​​មោះមុត ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ជូន ជាតិ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​នេះ ។

ស្រី​ខួច និយាយ​ថា ៖ «​ខ្ញុំ​ហ្វឹកហាត់​នៅ​ជប៉ុន​បាន​ល្អ មាន​កីឡាការិនី​ឡាំ​គ្នា​គ្រប់គ្រាន់ កន្លែង​ហ្វឹកហាត់​ល្អ កន្លែង​ស្នាក់​នៅ​ល្អ ការ​ហូប​ចុក​ល្អ ដោយ​តម្រូវ​តាម​ពួក​យើង ។ ខ្ញុំ​ខិតខំ​ហ្វឹក
ហាត់​ខ្លាំង ដើម្បី​ស្វែងរក​លទ្ធផល​សម្រាប់​ស៊ី​ហ្គេ​មឆ្នាំ​នេះ​» ។

មុន​ពេល​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ស្រី​ខួច បានចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ដែល​ប្រមូល​​ផ្ដុំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ ពហុ​កីឡដ្ឋាន​ជាតិ​ប្រមា​ជា​៥​ខែ​ដូច នៅ ស្រី​ពៅ ដែរ ។ បើ​គិត​អំពី​ការ​ត្រៀមខ្លួន​វិញ ស្រី​ខួច ហ្វឹកហាត់​ត្រៀម​យ៉ាង​ខ្លាំងក្លា​ប្រមាណ​៧​ខែ មុន​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ចូល​មក​ដល់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ