ខេត្តកំពង់ចាម ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ តាមបណ្តាញសង្គមហ្វេសប៊ុក មានការ Live និងShare ចែករំលែកបន្តគ្នានូវព័ត៌មានមួយទាក់ទិននឹងការលះបង់របស់អ្នកគ្រូបង្រៀនម្នាក់ដែលតស៊ូពុះពារក្នុងការបង្រៀនសិស្ស ។ ឆន្ទៈជាមនសិការគួរឱ្យគោរពនេះ ក៏បានទាក់ទាញអ្នកចូលមើលជាច្រើននាក់ ។ ដើម្បីចង់ដឹងថា ព័ត៌មាននេះពិតឬបែបណានោះ ភ្នាក់ងារកោះសន្តិភាពបានទាក់ទងធ្វើព័ត៌មានពីអ្នកគ្រូបង្រៀនរូបនេះ ។
អ្វីៗពិតជាគួរឱ្យគោរពចំពោះអ្នកគ្រូ ស អូន ហៅអ្នកគ្រូម៉ៅ បង្រៀននៅសាលាបឋមសិក្សាព្រះអង្គខ្មៅ ក្នុង
ភូមិទី៦ ឃុំកោះសំរោង ស្រុកកំពង់សៀម និងឆ្លៀតពេលកន្លះថ្ងៃទៅបង្រៀនក្មេងៗនៅកោះដាច់ ក្នុងភូមិទី៨ ដោយមានងសិស្សតូចៗតែ៤នាក់ប៉ុណ្ណោះ។ លោក សន សុក មេឃុំកោះសំរោង បានឱ្យដឹងកាលពីរសៀលថ្ងៃទី៩ ខែធ្នូថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បណ្ដាញសង្គមត្រូវបានគេចែករំលែកគ្នាព្រោងព្រាតពីមួយទៅមួយពីសកម្មភាពរបស់អ្នកគ្រូម៉ៅ ដែលបានតស៊ូដើរកាត់ខ្សាច់ទៅបង្រៀនសិស្សនៅក្រោមកម្តៅថ្ងៃ ពិតជាគួរឲ្យអាណិតចំពោះការតស៊ូក្នុងការងារ ។
លោកមេឃុំបន្តថា ក្រោយពីមានការបង្ហោះនោះ ម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ ដាណាទ្រី បានប្រកាសផ្ដល់ម៉ូតូហុងដាសេ១២៥ មួយគ្រឿងស៊េរីឆ្នាំ២០២០ជូនដល់អ្នកគ្រូ ។ អ្នកប្រកាសផ្តល់ម៉ូតូនេះគឺអ្នកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងត្បូងពេជ្រកំពុងល្បីឈ្មោះតាមរយៈការច្រៀងចម្រៀង Cover ទទួលបានការគាំទ្រខ្លាំង ។
លោកមេឃុំបន្តថា មានការលើកឡើងថា អ្នកគ្រូបានដើរកាត់វាលខ្សាច់ចម្ងាយ៥គីឡូម៉ែត្រនោះ សូមជម្រាបថាមិនមែនជាការពិតទាំងស្រុងទេ ព្រោះភូមិសាស្ត្រឃុំរបស់លោកពុំមានវាលខ្សាច់រាប់គីឡូម៉ែត្រឡើយ គឺមានតែដីចម្ការ ។ បើរាប់ចាប់ពីភូមិទី៨ ដែលអ្នកគ្រូរស់នៅរហូតដល់សាលាកោះដាច់ដែលអ្នកគ្រូទៅបង្រៀននោះ គឺមានចម្ងាយប្រមាណ៤គីឡូម៉ែត្រ ហើយ ត្រូវឆ្លងកាត់ផ្លូវបេតុង និងបន្តមកមានផ្លូវភូមិហូរ ហែដែលគេហៅថាភូមិទី៩ កាត់តាមផ្លូវចម្ការ១គីឡូម៉ែត្រ ទើបដល់ដីខ្សាច់ ។ ជារៀងរាល់ថ្ងៃអ្នកគ្រូជិះកង់ទៅបង្រៀនរហូត ទៅទល់នឹងត្រឹមដីខ្សាច់នេះទើបអ្នកគ្រូដើរកាត់ដីខ្សាច់ចម្ងាយជិត១គីឡូម៉ែត្រទៅដល់ថ្នាក់រៀនក្នុងភូមិកោះដាច់ ។
ចំពោះព័ត៌មានដែលថា អ្នកគ្រូម្នាក់បានបោះបង់ចោលសាលានោះមិនមានទេ ។ សាលានេះ មានគ្រូបង្រៀនតាំងពីឆ្នាំ១៩៨០មកម្ល៉េះ រហូតមកដល់ពេលនេះ ពុំទាន់មានអ្នកគ្រូណាម្នាក់បោះបង់ឬចាកចោលសាលាឡើយ មានតែបង្រៀន រហូតដល់ចូលនិវត្តន៍ ។ ប៉ុន្តែសម្រាប់អ្នកគ្រូម៉ៅ គាត់ពិតជាគ្រូដែលមានការលះបង់ខ្ពស់ជាងគេ ព្រោះគាត់បានយល់ព្រមទទួលការបង្រៀនបន្ថែមនៅតំបន់ដែលមានការលំបាកជាងគេនេះ ។
លោកមេឃុំឱ្យដឹងថា សាលាកោះដាច់ត្រូវបានក្រសួងអប់រំទទួលស្គាល់ជាឧបសម្ព័ន្ធរបស់សាលាបឋមសិក្សាព្រះអង្គខ្មៅ នៅភូមិទី៦ ឃុំកោះសំរោង នាឆ្នាំ១៩៨៨ ។ កាលណោះសាលាមានចំនួន៣បន្ទប់ តែដោយសារការបាក់ច្រាំងទន្លេ ក៏បានរុះរើជាច្រើនលើកច្រើនសាទើបនៅសល់តែ១បន្ទប់ដូចឃើញបច្ចុប្បន្ននេះ ។ ដោយសារតែប្រជាពលរដ្ឋរស់នៅទីនោះមានកូនតូចៗ ពុំអាចមករៀននៅភូមិធំ ក្នុងឃុំបាន ទើបក្រសួងសម្រេចមិនបិទសាលានោះទេ និងនៅតែបញ្ជូនគ្រូឱ្យទៅបង្រៀននៅទីនោះរហូតមកដល់សព្វថ្ងៃ ដែលអ្នករស់នៅទីនោះជាក់ស្ដែងមានផ្ទះចំនួន២០ខ្នង ។
អ្នកគ្រូម៉ៅ មានឈ្មោះពិតថា ស អូន បច្ចុប្បន្ន អាយុ៤៦ឆ្នាំ បានយល់ព្រមទៅបង្រៀនបន្តពីអ្នកគ្រូ ឱ សាវុន ដែលបានចូលនិវត្តន៍កាលពីឆ្នាំ២០១៥កន្លងទៅ ។ សព្វថ្ងៃ អ្នកគ្រូបង្រៀន២ពេល មួយពេលនៅសាលាបឋមសិក្សាព្រះអង្គខ្មៅថ្នាក់ទី១ និងមួយពេលទៀតបង្រៀននៅសាលាកោះដាច់ ។ អ្នកគ្រូទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែចំនួន១.២៥០.០០០រៀល សម្រាប់ការបង្រៀន នៅសាលាបឋមសិក្សាព្រះអង្គខ្មៅនិងប្រាក់១០.៧០០.០០០រៀល សម្រាប់ការបង្រៀនបន្ថែមនៅ សាលាកោះដាច់រយៈពេល១០ខែក្នុងមួយឆ្នាំ។
ដូច្នេះ ការបង្រៀនរបស់អ្នកគ្រូនៅតំបន់នោះ ស្ថិតនៅក្រោមការគិតគូរពីថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តផងដែរ ពុំមែនជាការស្ម័គ្រចិត្តដោយគ្មានការទំនុបបម្រុងឡើយ ។ ទោះបីជាបែបណា លោកសូមថ្លែងអំណរគុណក្រុមអ្នកសារព័ត៌មាន ដែលបានចំណាយពេលចុះមកផ្តិតយករូបភាព និងយកព័ត៌មានពីជីវិតរបស់អ្នកគ្រូម៉ៅដែលមានការតស៊ូ ហើយថែមទាំងមានជីវភាពក្រីក្រលំបាកទៀតផង និងត្រូវបានសប្បុរសជនជួយឧបត្ថម្ភថវិកាផងដែរ ។
លោកមេឃុំកោះសំរោង បានសង្កត់ធ្ងន់ថា ពេលដែលអ្នកគ្រូម៉ៅ ជិះកង់ចេញពីផ្ទះ ត្រូវយកទៅទុកនៅព្រៃត្រែង ហើយដើរកាត់វាលខ្សាច់ប្រមាណជា៥០០ម៉ែត្រទើបដល់សាលាដែលត្រូវបង្រៀនក្មេងៗចំនួន៤ទៅ៥នាក់ ។ ក្នុងពេលខាងមុខ ក្រសួងធនធានទឹកនិងបូមដីខ្សាច់ចេញនៅតំបន់កោះដាច់នេះ ព្រោះជាដីដែលដុះថ្មី បានបង្កឲ្យបាក់ច្រាំងទន្លេនៅក្រុងកំពង់ចាម ហើយសាលាឈើ១ខ្នងមានមួយបន្ទប់នេះក៏នឹងត្រូវបាត់រូបរាងដែរ ។
អំណោយម៉ូតូរបស់អ្នកស្រី ទ្រី ដាណា បានទៅដល់ដៃអ្នកគ្រូ
«ចាប់ពីថ្ងៃស្អែកទៅ ប្ដីអ្នកគ្រូម៉ៅ នឹងមានម៉ូតូដឹកអ្នកគ្រូទៅសាលារៀន មិនឱ្យពិបាកដើរឆ្ងាយទៀតហើយ» ។ នេះជាការសរសេរបង្ហោះក្នុងអាខោនរបស់អ្នកស្រី ទ្រី ដាណា ។ «ស្បែកជើងចាស់ដែលអ្នកគ្រូធ្លាប់ប្រើដើរឆ្លងខ្សាច់ស្ទើររលួយនោះ ខ្ញុំបានប្ដូរជូនគាត់ហើយ» ។
អ្នកស្រីសរសេរទៀតថា រំភើបចិត្តណាស់ពេលឮអ្នកគ្រូនិយាយថា នឹងប្រឹងបង្រៀនក្មេងទាំងអស់បន្តទៀត ទោះបីនៅត្រឹមម្នាក់ក៏ដោយ ក៏នៅតែទៅបង្រៀនដែរ ។ អ្នកគ្រូប្រាប់ថា សប្បាយចិត្តពេលបានបង្រៀនក្មេងៗ ហើយជាការងារដែលអ្នកគ្រូស្រឡាញ់បំផុត ។ អរគុណណាស់សម្រាប់ការតស៊ូ ដើម្បីក្មេងៗនៅតំបន់ដាច់ស្រយាល ។
សង្ឃឹមថាម៉ូតូថ្មី ព្រមទាំងសម្ភារទាំងអស់នេះនឹងជួយសម្រួលអ្នកគ្រូបានច្រើនជាងមុន ជាពិសេស
កាត់បន្ថយពេលវេលាធ្វើដំណើរទៅសាលារៀនកុំឱ្យដើរឆ្ងាយដូចមុន ៕
ចែករំលែកព័តមាននេះ