មន្ត្រីបក្សកាន់អំណាចថា ជាឆន្ទានុសិទ្ធិរបស់តុលាការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យគណបក្ស លោក សុខ ឥសាន បានបញ្ជាក់ថា សំណុំរឿងរបស់លោក កឹម…
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យគណបក្ស លោក សុខ ឥសាន បានបញ្ជាក់ថា សំណុំរឿងរបស់លោក កឹម…
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យគណបក្ស លោក សុខ ឥសាន បានបញ្ជាក់ថា សំណុំរឿងរបស់លោក កឹម សុខា គឺជាការសម្រេចដោយឆន្ទានុសិទ្ធិរបស់តុលាការ មិនអាចអ្នកណាលូកដៃចូលក្នុងកិច្ចរបស់តុលាការបានឡើយ ។ លោក សុខ ឥសាន បានបញ្ជាក់បែបនេះបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកសវនាការលើសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខ ។
លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូថា ករណី កឹម សុខា សាមីជនចេះតែឆ្លេីយគេចអុីចឹងហេីយ ប៉ុន្តែដៃគូរបស់គាត់(សម រង្ស៊ី)ទើបលាតត្រដាងថា បានធ្វេីបដិវត្តន៍ពណ៌ផ្តួល រំលំរាជរដ្ឋាភិបាលកម្ពុជា ។ ដូច្នេះ ការសម្រេចយ៉ាងណាអាស្រ័យលេីឆន្ទានុសិទ្ធិរបស់តុលាការ។លោកបានឲ្យដឹងថា ក្រោយពីពិនិត្យពាក្យប្តឹងទាស់ប្រឆាំងនឹងការបញ្ជូនសំណុំរឿុង កឹម សុខា ទៅជំនុំជម្រះនោះ សាលាឧទ្ធរណ៍កាលពីថ្ងៃទី៩ ខែធ្នូ បានទាត់ចោលការប្តឹងទាស់នេះហេីយ ។ ករណីលោក កឹម សុខា ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចបេីកសវនាកានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខ ។
លោក សុខ ឥសាន បញ្ជាក់ថា ៖ «ការកំណត់ថ្ងៃបេីកសវនាការករណី កឹម សុខា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ គ្មានជនណាមានសិទ្ធិរំលោភសិទ្ធិរបស់តុលាការទេ» ។លោកបានលើកឡើងថា ការសាមគ្គីឯកភាពគ្នាគឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន តែក្នុងការជាក់ស្តែងវាគ្មានសាមគ្គីឯកភាពទេរវាង សម រង្ស៊ី និង កឹម សុខា ។ លោក សម រង្ស៊ី ចង់ឲ្យមានការដោះលែងលោក កឹម សុខា ម៉េចទៅបើទណ្ឌិតមេឧទ្ទាមនេះ ទេីបបង្ហាញភ័ស្តុតាងថ្មីថាខ្លួនបានធ្វេីបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ទៅហើយ ។ ចំថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្ស១០ ធ្នូនេះដែរ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានចាត់ទុកការការពារសិទ្ធិមនុស្ស គឺជាការថែរក្សាសន្តិភាពនៅកម្ពុជា ហើយក៏មានការចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញផងដែរ ។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ លោក កឹម សុខា បានអបអរសាទរទិវាសិទ្ធិមនុស្ស អន្តរជាតិ ១០ធ្នូលើកទី៧១(១០ធ្នូ១៩៤៨-១០ធ្នូ ២០១៩) ដោយបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូចច្នេះថា «ការពារសិទ្ធិមនុស្ស គឺថែរក្សាសន្តិភាព» ។ លោកបន្តថា បើមានការរំលោភសិទ្ធិមនុស្សនាំមកនូវភាពអយុត្តិធម៌ បង្កការឈឺចាប់ បណ្តាលឲ្យមានការរើបម្រះ ហើយអាចនាំមកនូវអស្ថិរភាពសង្គម ដែលជាកត្តានាំឲ្យប៉ះពាល់ដល់សន្តិភាព ។
លោក កឹម សុខា បានលើកឡើងទៀតថា ដូចមានខ្លឹមសារនៅក្នុងបុព្វកថានៃសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស ដែលរដ្ឋធម្មនុញ្ញខ្មែរយើងទទួលស្គាល់ បានបញ្ជាក់ថា ការការពារសិទ្ធិមនុស្ស គឺជាការចាំបាច់ដើម្បីចៀសវាងកុំឲ្យមនុស្សត្រូវបង្ខំចិត្តជ្រើសរើសយកការប្រឆាំងនឹងការគាបសង្កត់ រំលោភបំពានណាមួយ ដោយពឹងផ្អែកលើការរើបម្រះបះបោរ ។ ត្រង់ចំណុចនេះ មានមនុស្សមួយចំនួនយល់ច្រឡំថា ដើម្បីរក្សាសន្តិភាពសង្គមមួយ ត្រូវបិទឬកាត់បន្ថយសិទ្ធិរបស់ប្រជាពលរដ្ឋ។
លោកបានគូសបញ្ជាក់ថា ៖ «ដោយយល់និងឲ្យតម្លៃខ្ពស់បំផុតលើសិទ្ធិមនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងការអភិវឌ្ឍនោះហើយ ទើបជាងពីរទសវត្សន៍មកនេះ ខ្ញុំបានបូជាពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន កម្លាំងកាយនិងចិត្តក្នុងការលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ»។ លោកបានបន្ថែមថា នៅក្នុងសង្គមមួយមានស្ថិរភាពទៅបាន លុះត្រាតែមនុស្សគ្រប់រូបក្នុងសង្គមនោះទទួលបាននូវយុត្តិធម៌ ពោលគឺមានសិទ្ធិសេរីភាព និងមិនត្រូវបានគេរំលោភបំពាន។សិទ្ធិមនុស្សគឺជាមរតករបស់មនុស្សជាតិ វាមិនមែន
ជារបស់ជាតិសាសន៍ណាមួយផ្តាច់មុខឡើយ ។
លោក កឹម សុខា សង្កត់ធ្ងន់ថា «ការចូលរួមលើកកម្ពស់និងការពារសិទ្ធិមនុស្ស មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះទេ ។ យើងក៏មិនត្រូវប្រមាថភាពជាមនុស្សរបស់ខ្មែរ ដោយលើកឡើងថា សិទ្ធិមនុស្សគឺជាគំនិតបរទេសនោះដែរ ។ ក្នុងនាមជាមនុស្សខ្មែរ ត្រូវការសិទ្ធិសេរីភាព ។ នេះជាច្បាប់ធម្មជាតិ» ៕
ចែករំលែកព័តមាននេះ