លោកប៉ូលិស​អន្តោប្រវេសន៍​ផឹក​ចំ​ស្រា​កូរ​ផ្ទុះអាវុធផ្អើល​​ស្រុក​កំ​រៀង


ខេត្តបាត់ដំបង ​៖ មន្ត្រី​នគរបាល​អន្តោ​​ប្រវេ​សន៍ម្នាក់​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​«ដូង» ស្រុក​កំ​រៀង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​ស្រវឹង​ជោកជាំ ក្រោយ​ពី​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​គេឯង​ជា​ច្រើន​គ្រាប់ កាលពី​វេលា ម៉ោង​១០​និង​៣០​នាទី​យប់ថ្ងៃ​ទី​១០ ធ្នូ នៅ​ចំណុច​ភូមិ​អូ​ដា​លើ ឃុំ​បឹ​រាំង ស្រុក​កំ​រៀង តែ​មិន​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ឈ្មោះនៅ លី​ដា ឋានន្តរ​ស​ក្តិ​វរ​សេនីយ​ត្រី ជា​មន្ត្រី​នគរបាល​អន្តោប្រវេ​សន៍ ​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​»នៅ​ស្រុក​កំ​រៀង​ ។ ជន​នេះ បាន​ប្រើប្រាស​អាវុធ​ខ្លីធុន SIG SAUER បាញ់បោះ​សេរី​ជា​ច្រើន​គ្រាប់​គំរាម​គេឯង ​។ ប៉ុន្តែ​ គេ​មិន​បាន​និយាយ​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​មន្ត្រី​រូប​នេះ​ផ្ទុះអាវុធ​ទេ តែ​បាន​ប្រាប់​ថា គ្រាប់កាំភ្លើង​ជា​ច្រើន​គ្រាប់​របស់​មន្ត្រី​ស្រវឹង​ជោក​នោះ ​ក៏​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​នៅ​ក្បែរ​ខាង​ដែរ ​។

បើ​តាម​ព័ត៌មាន​បឋម​ដែល​កោះសន្តិភាព​ទ​ទួល​បាន ជនប្រដាប់អាវុធ​បាញ់បោះ​សេរី​ឈ្មោះ​នៅ លី​ដា នេះ​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​កំ​រៀង​ឃាត់ខ្លួន ​យក​ទៅ​សួរនាំ ក្រោយ​ពី​បង្ក​ការ​ផ្ទុះអាវុធ​ ។ នៅ​កន្លែង​កើត​ហេតុ សមត្ថកិច្ច​រក​ឃើញ​សំបក​គ្រាប់​ចំនួន​​៩​គ្រាប់ និង​ដកហូត​កាំភ្លើងខ្លី​ដូច​ម៉ាក​ខាងលើ​ចំនួន​​១​ដើម​, គ្រាប់​ក្នុង​បង់​​៣​គ្រាប់ និងគ្រាប់​ក្នុង​ប្រអប់​ដែល​នៅ​សល់​ចំនួន​១០៦​គ្រាប់ និងរថយន្ត​ម៉ាក Lexus Rx.300 ចំនួន១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-9043​។

កោះសន្តិភាពបាន​ព្យាយាម​ទំនាក់ទំនង​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ នេះ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​លោក​ផាត សុ​ផា​ន់​ណា ប្រធាន​អន្តោ​​ប្រវេ​សន៍ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ«​ដូង​»ជុំវិញ​ករណី​នេះ តែ​លោក​មិន​លើក​ទូរស័ព្ទ​នោះឡើយ​។ រហូត​ដល់​ពេល​នេះ ​គេ​មិន​ទាន់​ដឹង​ថា តើ​សមត្ថកិច្ច​នឹង​បញ្ជូន​ជន​បាញ់បោះ​យ៉ាងអនា​ធិ​ប​តេ​យ្យ​នេះ ​ទៅ​កាន់​ស្នងការ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​ឬ​យ៉ាងណា​នោះ​ទេ ?​

ពេល​នេះ​ មហាជន​កំពុង​រង់​ចាំ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ អំពី​ចំណាត់ការ​តាម​ផ្លូវច្បាប់​ទៅ​លើ​មន្ត្រី​អន្តោ​​ប្រវេ​សន៍ ដែល​ផឹក​ប៉ះ​ស្រា​ពុល​ដក​កាំភ្លើង​បាញ់​ផ្អើល​មេឃ​ខាងលើ​នេះ ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ