ខេត្តបាត់ដំបង ៖ បន្ទាប់ពីមានការលេចឮនូវព័ត៌មាននានាដែលថា មានក្រុមឈ្មួញជនជាតិ«ចិន»បានដើរម៉ៅ ឬទិញដីចំការដំណាំក្រូចពោធិ៍សាត់នៅក្នុងខេត្តបាត់ដំបង ដែលនាំឱ្យតម្លៃផ្លែក្រូចឡើងថ្លៃ ។ ម្ចាស់ចំការក្រូចនានា និងប្រធានមន្ទីរកសិកម្មខេត្តបានបដិសេធចំពោះដំណឹងដ៏អកុសល្យនេះ ដោយបាននិយាយថា«នោះគ្រាន់តែជាព័ត៌មានបំប៉ោង ដើម្បីផលប្រយោជន៍អ្វីមួយសម្រាប់ជនឱកាសនិយមតែប៉ុណ្ណោះ តាមពិតគ្មានរឿងនេះកើតឡើងពិតប្រាកដទេ»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោកឈឹម វជិរា បានថ្លែងប្រាប់កោះសន្តិភាព ពីអំរឿងឈ្មួញចិនដើរម៉ៅ ឬដើរទិញដីដំណាំក្រូចពោធិ៍សាត់នេះតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី០៤ ធ្នូ យ៉ាងដូច្នេះថា «នៅខេត្តបាត់ដំបង ដូចគ្មានរឿងនេះកើតឡើងទេ ហើយខ្ញុំក៏មិនទាន់ទទូលបានព័ត៌មាននេះដែរ»។ លោកប្រធានមន្ទីររូបនេះ បានចាត់ទុកព័ត៌មាននេះថា គឺជាដំណឹងអកុសល្យ ឬជាព័ត៌មានបំប៉ោង ដើម្បីផលប្រយោជន៍អ្វីមួយ សម្រាប់ពួកជនឱកាសនិយម។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ មានការលេចឮតៗគ្នាថា មានជនជាតិ«ចិន»មួយក្រុមបានដើរម៉ៅ ឬដើររកទិញដីចំការដំណាំក្រូចពោធិ៍សាត់ នៅក្នុងខេត្តបាត់ដំបង ។ ពលរដ្ឋខ្លះបានយល់ឃើញថា ដោយសារតែព័ត៌មានមិនច្បាស់លាស់នេះ ទើបធ្វើឲ្យម្ចាស់ចំការក្រូច និងឈ្មួញកណ្ដាលនៅក្នុងខេត្តបាត់ដំបង លក់ក្រូចក្នុងតំលៃខ្ពស់ជាងសព្វដង ។ ផ្ទុយពីដំណឹងដ៏អកុសល្យនេះ ម្ចាស់ចំការក្រូចភាគច្រើន នៅក្នុងស្រុកបាណន់បានឆ្លើយតបថា «គ្មានការដើរម៉ៅ ឬ ដើរទិញដីចំការក្រូច ពីសំណាក់ពួកជនជាតិចិន ដូចការលើកឡើងខាងលើនេះទេ ។ រីឯតំលៃក្រូចពោធិ៍សាត់ក៏គ្មានការប្រែប្រួលដែរ តំលៃនៅដដែល ទាំងនៅក្នុងចំការ ទាំងនៅលើទីផ្សា រដែលឈ្មួញកណ្ដាលម៉ៅយកទៅលក់បន្ត»។
លោកយឿន ម៉ៅ ជាកសិកដាំក្រូចពោធិ៍សាត់ម្នាក់ នៅភូមិកន្ទឺ១ ឃុំកន្ទឺ២ ស្រុបាណន់ បាននិយាយប្រាប់កោះសន្តិភាពថា នៅក្នុងមូលដ្ឋានរបស់លោក មានដំណាំក្រូចពោធិ៍សាត់ច្រើនគួរសមដែរ តែកន្លងមកមិនដែលមានជនជាតិចិនណា មកសួររកទិញដីចំការក្រូច ឬ ដើររកម៉ៅដំណាំក្រូចទេ ។ ប៉ុន្តែគាត់បានពន្យល់ ពាក់ព័ន្ធនឹងតំលៃក្រូចយ៉ាងដូច្នេះថា «តំលៃក្រូចនៅតែថេរដដែល តែបើខែណាដែលសំបូរក្រូច គឺទីផ្សារក្រូចធ្លាក់ថ្លៃបន្តិច តែបើខែណាមិនសូវមានក្រូចទេ ប្រាកដជាតំលៃក្រូចឡើងថ្លៃហើយ មិនមែនក្រូចឡើងថ្លៃដោយសារមានឈ្មួញចិនដើរម៉ៅ ឬដើរប្រមូលទិញដីចំការក្រូចដូចពាក្យចាមអារាមនោះទេ»។ កសិកររូបនេះ ក៏បានបញ្ជាក់ដែរថា សព្វថ្ងៃកសិករមួយចំនួនធំនៅស្រុកបាណន់ ដែលមានដំណាំក្រូច បានងាកទៅដាំដំណាំផ្សេងៗវិញ ដោយសារតែដំណាំក្រូចជួបបញ្ហា«ជំងឺ» ដែលពិបាករកថ្នាំព្យាបាល នាំឲ្យផលក្រូចធ្លាក់ចុះ ហើយនេះក៏អាចជាមូលហេតុ នាំឲ្យតំលៃក្រូចឡើងថ្លៃដែរ។
ពាក់ព័ន្ធនឹងព័ត៌មានចចាមអារ៉ាមដែលថា មានក្រុមឈ្មួញជនជាតិចិន ចង់ធ្វើជំនួញក្រូចពោធិ៍សាត់នៅក្នុងខេត្តបាត់ដំបង នាពេលកន្លងមកនេះ អ្នកលក់ក្រូចពោធិ៍សាត់នៅផ្សារលើ ក្រុងបាត់ដំបងម្នាក់ អ្នកស្រី ឌី ណាឡែន បានប្រាប់កោះសន្តិភាពថា «កាលពី៣ខែមុន ខ្ញុំបានជួបជនជាតិចិនផ្ទាល់ ហើយបានឮពួកគេនិយាយពីរឿងនេះដែរ ។ ក្រុមចិននោះ បាននាំគ្នាមកទិញក្រូចខ្ញុំ ហើយពួកគេបាននិយាយពីរឿងចង់រកទិញដីចំការក្រូចនេះ» ។ អ្នកស្រីបាននិយាយថា តាមរយៈអ្នកបកប្រែខ្មែរម្នាក់ បានស្រង់សំដី ពួកចិននោះ គឺពួកគេចង់រកទិញដីដែលមានដំណាំក្រូច«ពូជកាក់ ឬក្រូចទឹកឃ្មុំ»។
អ្នកស្រីណាឡែន បានពន្យល់ថា ក្រូច«ពូជកាក់ ឬក្រូចទឹកឃ្មុំ» ដែលពួកចិនចង់រកទិញនោះ គឺជាក្រូចពោធិ៍សាត់ដែរ តែវាមានរាងរង្វង់មូលដូចកាក់ នៅត្រង់ក្បាលទង និងនៅត្រង់គូទជាសម្គាល់ ។ ចិនមួយក្រុមនោះអះអាងថា ពូជក្រូច«ពូជកាក់ ឬក្រូចទឹកឃ្មុំ»នោះ ជាពូជក្រូច ដែលជនជាតិខ្មែរ នាំយកពីប្រទេសពួកគេ(ចិន) មកដាំជាលើកដំបូង នៅខេត្តពោធិ៍សាត់ ដែលមានប្រវត្តិកាលពីជាង១០០ឆ្នាំមុនម្ល៉េះ ។ ក្រោយៗមក ពូជក្រូចនេះ ត្រូវបានកសិករនាំយកមកដាំបន្តនៅស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានសេសសល់រហូតដល់សព្វថ្ងៃនេះ ។ ប៉ុន្តែក្រុមឈ្មួញចិននោះ គ្រាន់តែនិយាយពីគោលបំណងរបស់ពួកគេ តែមិនបានស្វែងរកទិញពិតប្រាកដនៅតំបន់ណាមួយនៅឡើយទេ ហើយតំណឹងនេះ ហាក់បានស្ងប់ស្ងាត់ទៅវិញរហូតមកដល់ពេលនេះ។
ដោយឡែក ពាក់ព័ន្ធនឹងតំលៃក្រូចពោធិ៍សាត់វិញ បើតាមអ្នកលក់ក្រូចចាស់វស្សារូបនេះ បាននិយាយដែរថា តំលៃក្រូចពោធិ៍សាត់ឡើងចុះទៅតាមរដូវកាលនៃការប្រមូលផល ឬទៅតាមគុណភាពផ្លែក្រូចដែលគេចាត់ទុកប្រភេទក្រូចលេខ១ លេខ២ ឬ លេខ៣ ។ល។ ដូច្នេះ មិនមែនឡើងថ្លៃឬចុះថ្លៃ ដោយសារតែក្រុមជនជាតិចិន ដែលទើបមករកទិញដីចំការក្រូចកាលពីប៉ុន្មានខែមុននេះទេ ។ អ្នកស្រីឌី ណាឡែន បានបញ្ជាក់ដែរថា តំលៃក្រូចពោធិសាត់ នៅបាត់ដំបង សព្វថ្ងៃនៅតែដដែលទេ គឺចន្លោះពី២៥,០០០រៀល ដល់៧៥,០០០រៀល ទៅតាមប្រភេទក្រូច និង ទៅតាមរដូវកាល នៃការប្រមូលផល។
ជាការសន្និដ្ឋានចុងក្រោយ ពាក់ព័ន្ធនឹងព័ត៌មានចិនដើរម៉ៅក្រូច ឬទិញដីចំការក្រូចនៅខេត្តបាត់ដំបង នេះ លោកឈឹម វជិរា ប្រធានមន្ទីរកសិករម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្ត បានវាយតំលៃថា «ដំណឹងនេះ គ្រាន់តែជាការបង្កឲ្យមានការភ្ញាក់ផ្អើល ដោយធ្វើឡើងដោយជនខិលខូច ក្នុងគោលបំណងអ្វីមួយ ដែលពាក់ពាន់នឹងផលប្រយោជន៍»។ លោកបានបញ្ជាក់ថា «នៅខេត្តបាត់ដំបង មិនមានរឿងបែបនេះទេ តែជួនកាលអាចមាននៅខេត្តផ្សេង.. ព្រោះយើងមិនដឹង..! ប៉ុន្តែបើសម្រាប់ខេត្តបាត់ដំបង គ្មានទេ..! ខ្ញុំគ្រាន់តែដឹងថា សព្វថ្ងៃនេះដំណាំក្រូចពោធិ៍សាត់ នៅខេត្តយើងនេះ ហាក់មានការថយចុះច្រើនដោយសារកសិករជួបបញ្ហាជំងឺ ហើយកសិករភាគច្រើនបានងាកទៅដាំដំណាំផ្សេងៗវិញ.. ជាពិសេសដំណាំស្វាយកែវល្មៀត»។ ដូច្នេះ រឿងជនជាតិចិនដើរទិញដីចំការក្រូច ឬដើរម៉ៅចំការក្រូច ដូចពាក្យចាមរ៉ាមខាងលើនេះ គឺមិនទាន់មានទេ ។ សូមពលរដ្ឋកុំមានការភ្ញាក់ផ្អើល និង កុំចាញ់បោកជនខិលខូចឲ្យសោះ ។
ចែករំលែកព័តមាននេះ