រាជធានីភ្នំពេញ ៖ រលករិះគន់ដែលបានផ្ទុះឡើងក្រោយពីមានការបង្ហោះតាមបណ្តាញសង្គមគណនី Pichey Kumar មានរូបជាព្រះសង្ឃជុំវិញទូកងវែងបំផុតជាប់ក្នុងកំណត់ត្រាពិភពលោកត្រូវបានទុកចោលក្រោមដំបូលរហែករខេករខាកនៅថ្ងៃទី១០ ធ្នូ គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូកង ដើម្បីបំបែកឯកទគ្គកម្មពិភពលោក បានចេញសេចក្ដីបំភ្លឺ ស្ដីពីការតម្កល់ និងថែរក្សាទូកងវែងជាងគេ លើពិភពលោក ក៏ដូចជាការឆ្លើយតបទៅនឹងការរិះគន់ជុំវិញបញ្ហានេះផងដែរ ។
ក្នុងសេចក្ដីបំភ្លឺ បានសរសេរថា ថ្មីៗនេះមានការផ្សព្វផ្សាយអំពីការតម្កល់ និងការថែរក្សាទូកងវែងជាងគេលើពិភពលោក «កម្ពោជិកបុត្តាខេមរាតរី» ក្នុងន័យថា គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូកងដើម្បីបំបែកឯតទគ្គកម្មពិភពលោកមិនយកចិត្តទុកដាក់មើលថែរក្សាទុក ។
ករណីនេះ គណៈកម្មការ សូមជម្រាបជូនសាធារណជន និងមិត្តអ្នកសារព័ត៌មាន មេត្តាជ្រាបដូចតទៅ៖
១-គណៈកម្មការ បានជម្រាបជូនជារឿយៗហើយថា ទូកងវែងជាងគេលើពិភពលោកនេះ នឹងរៀបចំទីតាំងតម្កល់យ៉ាងសក្តិសមបំផុត នៅក្នុងសាលាខេត្តព្រៃវែង សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី ហើយគណៈកម្មការក៏បានរៀបចំប្លង់សាងសង់ទីតាំងរួចរាល់ហើយដែរ ដែលគម្រោងនេះមិនមានការប្រែប្រួលឡើយ ។
២-តាមផែនការឆ្នាំនេះ គណៈកម្មការគ្រោងរំកិលទូកពីទីតាំងរក្សាបណ្តោះអាសន្នបច្ចុប្បន្ន ទៅទីតាំងក្នុងសាលាខេត្ត ដែលកំពុងសាងសង់ថ្មី ក៏ប៉ុន្តែទី១ ការសាងសង់អគាររដ្ឋបាលសាលាខេត្តពុំទាន់រួចរាល់ ទី២ ឆ្នាំនេះ កម្ពស់ទឹកនៅមុខសាលាខេត្តទាបពេកឆាប់ហក់ឡើងហើយក៏ឆាប់ស្រកចុះទៅវិញ ស្ថានភាពបែបនេះមិនអំណោយផលដល់ការចល័តទូកចេញ ពីរោងបណ្តោះអាសន្ននោះឡើយ ។
៣-គណៈកម្មការសូមទទួលស្គាល់ថា ស្ថានភាពរោងបណ្តោះអាសន្នសព្វថ្ងៃ ឆ្លុះធ្លាយដំបូលដោយអន្លើរប្រាកដមែន សភាពនេះបណ្តាលមកពីរោងទូកលិចទឹក និងអាកាសធាតុកន្លងទៅដែលកម្ពុជាយើងទទួលរងសម្ពាធជាបន្តបន្ទាប់នាំឲ្យខ្យល់ភ្លៀងប៉ះពាល់ដល់រោងទូក ។
កាលពីសប្តាហ៍មុន គណៈកម្មការបានសម្រេចគម្រោងថវិកា ដើម្បីជួសជុលរោងទូករួចរាល់ហើយ ដោយរង់ចាំទឹកស្រក និងស្ងួតដីបន្តិច ទោះជាបែបនេះក្តីគណៈកម្មការក៏បានចាត់ចែងក្រុមការងារចុះជួសជុលរោង និងសម្អាតទីតាំងនោះបណ្តើរៗហើយ ដោយកំណត់ថាក្នុងសប្តាហ៍នេះ ក្រុមការងារនឹងចាប់ផ្តើមរៀបចំឡើងវិញទាំងស្រុង ។
គណៈកម្មការចាត់ទុកការលើកឡើង ដោយភ្ជាប់នូវសំណូមពរខ្លះៗ ពីសំណាក់សាធារណជន និងមិត្តអ្នកសារព័ត៌មាន គឺជាការយកចិត្តទុកដាក់តាមដាន និងឈឺឆ្អាលប្រកបដោយមនសិការលើកកម្ពស់សមិទ្ធផលជាតិ និងវប្បធម៌ជាតិក្នុងស្មារតី «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ។
ជាថ្មីម្តងទៀត គណៈកម្មការសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមតាមដាន ការផ្តល់ព័ត៌មាន ការផ្តល់មតិ និងយោបល់កែលម្អផ្សេងៗ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងមិត្តអ្នកសារព័ត៌មានទទួលជ្រាប និងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការឈរលើគោលការណ៍ សាមគ្គីភាពស្របតាមទស្សនៈ «ខ្មែរសាមគ្គី ខ្មែរឈ្នះ» ៕
ចែករំលែកព័តមាននេះ