ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះត្រួតពិនិត្យ ក្រោយ​ឆេះអគារជាន់​ទី៧របស់សណ្ឋាគារផ្កាឈូកទិព្វ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹងថា គិតមកត្រឹម​ព្រឹកថ្ងៃទី​១១ ធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ច​​បាន​ចុះមកត្រួតពិនិត្យ​កន្លែងកើតហេតុ និង​ជនរងគ្រោះចំនួន​​​២នាក់ដែលបាត់បង់ជីវិត​​ក្នុង​ហេតុការណ៍អគ្គិភ័យ​ឆាបឆេះ​កន្លែងស្នាក់នៅ​របស់​បុគ្គលិកនៅអគារជាន់ទី​៧​របស់សណ្ឋាគារផ្កាឈូកទិព្វ​ ។ តាមសេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​បន្ត​​ថា…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹងថា គិតមកត្រឹម​ព្រឹកថ្ងៃទី​១១ ធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ច​​បាន​ចុះមកត្រួតពិនិត្យ​កន្លែងកើតហេតុ និង​ជនរងគ្រោះចំនួន​​​២នាក់ដែលបាត់បង់ជីវិត​​ក្នុង​ហេតុការណ៍អគ្គិភ័យ​ឆាបឆេះ​កន្លែងស្នាក់នៅ​របស់​បុគ្គលិកនៅអគារជាន់ទី​៧​របស់សណ្ឋាគារផ្កាឈូកទិព្វ​ ។

តាមសេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​បន្ត​​ថា ​គិត​មកដល់​វេលាម៉ោង​១០និង​៦នាទីព្រឹកថ្ងៃទី​​​​១១ ធ្នូ ឆ្នាំ​២០១៩ សមត្ថកិច្ច​​បាន​រកឃើញអត្ត​សញ្ញាណរបស់​ជនរងគ្រោះ​ដែលបាត់បង់ជីវិតទាំង​​២នាក់​ខាងលើ​ហើយ គឺត្រូវជា​ម្តាយកូននឹងគ្នា ដោយ​ស្ត្រីជា​​ម្តាយ​​ឈ្មោះ​ព្រុំ ថា អាយុ​៥៦​ឆ្នាំ ជាអ្នកលាងចាន ​ចំណែកកូនស្រី​ឈ្មោះ​ព្រុំសុខលី ហៅ​លីយ៉ា អាយុ​ប្រមាណ​​ជា​​​១៨​ឆ្នាំ ជាអ្នករៀបចំបន្ទប់​។ ជនរងគ្រោះទាំង​២នាក់​មាន​ស្រុក​កំណើត​​ក្នុងភូ​មិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយ​មាស ខេត្ត​កំពត ។

សូមរំលឹក​ថា បុគ្គលិក​​ចំនួន​២​នាក់​ត្រូវភ្លើង​ឆេះ​ខ្លោច​​ បណ្តាល​ឱ្យ​បាត់បង់ជីវិត​ក្នុង​បន្ទប់​គួរ​ឲ្យ​អា​ណោ​ច​អាធ័ម ក្នុង​ហេតុការណ៍អគ្គិភ័យ​ឆាប​​ឆេះ​​កន្លែង​​ស្នាក់​នៅ​របស់​បុគ្គលិក​ដែល​បម្រើ​ការ​​ក្នុង​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ឈូក​ទិព្វជាន់ទី​៧​ បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​​ឈាន​ចូលព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​អគារ​ចំណតរថយន្ត​របស់​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ឈូក​ទិព្វ ជាន់​ទី​៧ តាម​បណ្ដោយ​ផ្លូវ​២៣៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុខ​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ចេញ​មក​ពី​​ក្នុង​អគារ​ខាងលើ​ជាន់​ទី​៥ ដែល​មាន​រោង​ប្រក់​ស័ង្កសី​សម្រាប់​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ក្នុង​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ឈូក​ទិព្វ​១​ស្នាក់​នៅ​។ លុះ​មួយ​ស្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​លេច​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​បាន​ឆាបឆេះ​រោង​ប្រក់​ស័ង្កសី​ខាងលើ​នោះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ជួយ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ឲ្យ​ចុះ​មក​ធ្វើការ​បាញ់​ទឹក​ពន្លត់​។ បន្ទាប់​មក​ក៏​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចុះ​មក​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ជិត​១​ម៉ោង​ ទើប​អណ្តាតភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរ គឺ​រលត់​នៅ​វេលា​ម៉ោង​៤​ទៀប​​ភ្លឺ​ថ្ងៃ​ដដែល​។

ពាក់ព័ន្ធនឹងករណី​ខាងលើនេះ​ អគ្គី​ភ័យ​​​បាន​ឆាប​​ឆេះ​រោង​ប្រក់​ស័ង្កសី​ទំហំ​ប្រមាណ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ​ចំនួន​១០​បន្ទប់នៅអគារជាន់ទី​៧​ គឺ​ភ្លើង​បាន​ឆាប​ឆេះ​រងការ​​ខូ​ត​ខាត​ទាំងស្រុង ​ព្រមទាំង​​បណ្តាល​ឲ្យ​បុគ្គលិក​ចំនួន​២​នាក់​​ដែល​ដេក​​ឱប​គ្នា​នៅ​ក្នុង​បន្ទប់​​បានបាត់បង់ជីវិតដោយសារ​ត្រូវ​​ភ្លើង​ឆេះ​ខ្លោច ហើយ​គេ​​មិន​ទាន់​ដឹង​ថាជា​​ប្រុស​ឬ​ស្រី​នៅឡើយ​ទេ រង់ចាំ​ព្រឹកទើប​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​​។ ចំពោះ​មូលហេតុ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​ជា​បន្ត​ទៀត ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ក្នុង​ហេតុការណ៍​ខាងលើ​​នេះ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​សរុប​ទាំងអស់​ចំនួន១៥​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​នៃ​ស​ង្ន​ការ​រាជធានី​ភ្នំពេញ​មក​ចំនួន​១៤​គ្រឿង​បាញ់​ទឹក​អស់​ចំនួន​៩​គ្រឿង ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​សា​បៀរ​ចំនួន​មួយ​គ្រឿងផងដែរ​ ​សរុប​បាញ់​ទឹកពន្លត់​អស់​​ចំនួន​១០​គ្រឿង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅ​លើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ