ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិផល​កម្ពុជា ៣៦​ប្រភេទ​បាន​នាំ​ចេញ​ទៅ​កូរ៉េ ស្រប​ពេល​ភាគី​ទាំង​ពីរ​ចាប់ផ្តើម​បង្កើត​ពាណិជ្ជកម្ម​សេរី​រួម​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​រយៈពេល​ខ្លី​ចុង​ក្រោយ​នេះ​ផលិតផល​កសិកម្ម​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ​នៅ​មាន​ចំនួន និង​បរិមាណ​តិចតួច ។ ប៉ុន្តែ​បរិមាណ​នេះ​អាច​នឹង​កើនឡើង​នា​ពេល​អនាគត​ខណៈ​ពេល​ប្រទេស​ទាំង​ពីរ​បាន​បោះ​ជំ​ហ៊ាន​ថ្មី​មួយទៀត​ធ្វើការ​សិក្សា​លទ្ធភាព​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រួម​គ្នា ។ យោង​តាម​របាយការណ៍​ដែល​ទទួល​បាន​ពី​មន្ត្រី​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បង្ហាញ​ថា​ផលិតផល​កសិកម្ម​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​កូរ៉េ​គិត​ត្រឹម​រយៈពេល…

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​រយៈពេល​ខ្លី​ចុង​ក្រោយ​នេះ​ផលិតផល​កសិកម្ម​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ​នៅ​មាន​ចំនួន និង​បរិមាណ​តិចតួច ។ ប៉ុន្តែ​បរិមាណ​នេះ​អាច​នឹង​កើនឡើង​នា​ពេល​អនាគត​ខណៈ​ពេល​ប្រទេស​ទាំង​ពីរ​បាន​បោះ​ជំ​ហ៊ាន​ថ្មី​មួយទៀត​ធ្វើការ​សិក្សា​លទ្ធភាព​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រួម​គ្នា ។

យោង​តាម​របាយការណ៍​ដែល​ទទួល​បាន​ពី​មន្ត្រី​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បង្ហាញ​ថា​ផលិតផល​កសិកម្ម​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​កូរ៉េ​គិត​ត្រឹម​រយៈពេល ១០​ខែ ឆ្នាំ ២០១៩​សរុប ៣៦​ប្រភេទ​ហើយ​មាន​បរិមាណ​សរុប​ជាង ៤,៨​ពាន់​តោន ។ ផលិតផល​កសិផល​កម្ពុជា​ដែល​បាន​នាំ​ចេញ​ទៅ​ប្រទេស​កូរ៉េ បើ​តាម​របាយការណ៍​មាន​ដូច​ជា ៖ ប្រេងដូង​ឆៅ​ជាង ៤.៦០០​តោន​, ជ័រកៅស៊ូ ១២០​តោន​, ម្ស៉ៅ​ម្រុំ ០,០៧​តោន​, ក​ន្លេ​លកក់ ១៣​តោន​, ម្ស៉ៅ​ដំឡូង​មី ៣៧​តោន​, ដំណាប់​ស្វាយ​ជាង ៤​តោន​, គ្រាប់ពោត ១១​តោន​,​ម្រេច ០,២៦​តោន​, ផ្សិត​លីង​ជឺ ១,៧៨​តោន​, ទឹក ញ ១១​តោន​, ផ្លែ ញ ក្រៀម ២​តោន​, សណ្តែក​ផ្កាយ ០,១២​តោន​, គ្រាប់ស្វាយចន្ទី ២១​តោន​, ស្លឹក​ទៀបបារាំង ០,១៣​តោន​, សំណាក​រុក្ខជាតិ ០,១០​តោន និង​ដំណាប់​ម្នាស់ ០,១០​តោន ។

ដោយឡែក​ប្រភេទ​កសិផល​ដែល​មិន​បាន​នាំ​ចេញ​កាល​ឆ្នាំ ២០១៩​តែ​បាន​នាំ​ចេញ​កាលពី​ឆ្នាំ ២០១៨​មាន​ដូច​ជា​៖ ថ្នាំជក់​, ម្ស៉ៅ និង​ចំណិត​ម្រះ​, កំទេច​បន្លែក្រៀម​, ម្ស៉ៅ​ដំឡូង​មី​, ល្ហុង​ត្រាំ​, ក្រូច​ណាំ​ងូវ​, ត្រពាំង​ជ្រក់​, គ្រាប់​កាហ្វេ​, ឈើ​កែ​ច្នៃ ៦០​តោន​, កា​រ៉េ​ម​ស្វាយ​, កា​រ៉េ​ម​ផា​សិន​, អាហារ​កែ​ច្នៃ​, សណ្តែកបាយ​, ចាន​ស្លា​, ចំណី​សត្វ ៨៦៨​តោន​, គ្រឿងទេស ២៣​តោន​, គ្រាប់​ស្គួយ ០,១០​តោន​, ស្លឹកចេក ១​តោន និង​ចេកឆាប ០,១៩​តោន ។

ទន្ទឹម​ការ​នាំ​ចេញ​ប្រភេទ​ផលិតផល​កសិផល​កម្ពុជា​ទៅ​ប្រទេស​ទីផ្សារ​ប្រទេស​កូរ៉េ​មិន​ទាន់​ឆ្លើយ​តប​ទៅ​ដូច​អ្វី​ដែល​កម្ពុជា​ចង់បាន តែ​កម្ពុជា និង​កូរ៉េ​បាន​បោះ​ជើង​ជំ​ហ៊ាន​ថ្មី​មួយទៀត​នា​ពេល​ថ្មី​ៗ​នេះ គឺ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើការ​សិក្សា​លទ្ធភាព​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រួម​គ្នា​រួច​ហើយ​កាលពី​ថ្មី​ៗ​នេះ​ដោយ​រំពឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​នឹង​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត ។

ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម​ធ្លាប់​បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​ទ្វេភាគី​រវាង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក Moon Jae-In ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃ​ទី ១៥ ខែមីនា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មក​កាន់​កម្ពុជា ប្រមុខ​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​លើ​ការ​ជំរុញ និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​ណែនាំ​ឱ្យ​មានការ​សិក្សា​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី ២៥​ខែវិច្ឆិកា បង្ហាញ​ថា «​បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជា​បន្តបន្ទាប់​រវាង​មន្ត្រី​បច្ចេកទេស​នៃ​ប្រទេស​ទាំង​ពីរ លើ​នីតិវិធី​ក្នុង​ការ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា និង​លោក​ជំទាវ Yoo Myung-Hee រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​ចាប់ផ្តើម​ការ​សិក្សា​លទ្ធភាព​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ នៅ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍ ៣០ ឆ្នាំ​នៃ​ទំនាក់ទំនង​អាស៊ាន​-​កូរ៉េ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ ពី​ថ្ងៃ​ទី ២៥-២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​ទីក្រុង​ប៊ូ​សាន សាធារណរដ្ឋ​កូរ៉េ​» ។

តាម​ការ​រំពឹង​ទុក កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ព្រមទាំង​បង្កើត​ឱកាស​ការងារ​ក្នុងស្រុក ការ​នាំ​ចេញ​សេវា និង​ពង្រីក​វិនិយោគ​បន្ថែម ដែល​នឹង​ចូលរួម​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

បើ​តាម​ក្រសួងពាណិជ្ជកម្ម​ដដែល​បង្ហាញ​ថា ក្នុង​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​បាន​កើន​ឡើងជា​លំដាប់ គឺ​មាន​ទំហំ​ប្រមាណ ៧៥៦​លាន​ដុល្លា​សហរដ្ឋអាមេរិក ដោយ​កើនឡើង​ប្រមាណ ១៤,៦៩% បើ​ធៀប​នឹង​ឆ្នាំ​២ ០១៧ ។ ទំនិញ​នាំ​ចេញ​សំខាន់​ៗ​របស់​កម្ពុជា​ទៅ​កូរ៉េ​រួម​មាន​៖ អាវយឺត​, សម្លៀក​បំពាក់​បុរស​, គ្រឿង​អេ​ឡិច​ត្រូ​និក ,​ស្បែកជើង​, វ៉ា​លី​, កម្ទេច​អា​លុម​មី​ញ៉ូ​ម​, ភេសជ្ជៈ​, សម្ភារ​ពេទ្យ (​ចេស​វះកាត់​) តង់ និង​កៅស៊ូ​ធម្មជាតិ ។ ទំនិញ​នាំ​ចូល​សំខាន់​ពី​កូរ៉េ​រួម​មាន​៖ រថយន្ត​ដឹក​ទំនិញ​, ក្រណាត់​ចាក់​, ទឹករ៉ែ​ធម្មជាតិ​, ភួយ​, គ្រឿង​អេ​ឡិច​ត្រូ​និក​, គ្រឿងចក្រ​, បន្ទះ ឬ​សន្លឹក​នី​កែ​ល​, ស្បែក​ពី​សត្វ​ចៀម​កែ​ច្នៃ​រួច​, ក្រណាត់​ជ្រលក់​ពណ៌ និង​ផលិតផល​ថែរក្សា​សម្រស់ ។

ក្រសួងពាណិជ្ជកម្ម​សង្កត់ធ្ងន់​ថា «​តាម​ការ​រំពឹង​ទុក កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ព្រមទាំង​បង្កើត​ឱកាស​ការងារ​ក្នុងស្រុក ការ​នាំ​ចេញ​សេវា និង​ពង្រីក​វិនិយោគ​បន្ថែម ដែល​នឹង​ចូលរួម​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ