សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ ការដំឡើងសរសៃ.កដាក់គ្នាដែលបន្តកើនឡើង កាលពីថ្ងៃទី៩ធ្នូរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងដែលដាក់ឱសានវាទត្រឹមដំណាច់ឆ្នាំនេះដល់ក្រុងវ៉ាស៊ិនតោន អាចនាំឲ្យមានការវិលទៅរកភាពតានតឹងខ្លាំងបំផុតដូចកាលពីឆ្នាំ២០១៧។
បន្ទាប់ពីមិនតបតប្រឈមមុខនឹងការបាញ់មីស៊ីលរយៈខ្លី ជាច្រើនគ្រាប់របស់កូរ៉េខាងជើងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋការលោកដូណាល់ត្រាំបានផ្លាស់ប្ដួរឥរិយាបថបន្ទាប់ពីការសាកល្បង ដោយអាថ៌កំបាំងប្រកាសកាលពីថ្ងៃទី៨ធ្នូដោយក្រុងព្យុងយ៉ាង។ ក្រុងវ៉ាស៊ិនតោនបានស្នើកាលពីថ្ងៃទី៩ធ្នូ ឲ្យមានកិច្ចប្រជុំជាសាធារណៈមួយ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្ដីពីការបាញ់មីស៊ីលនានានិងលទ្ធភាពនៃការបង្កើនការបង្កហេតុរបស់កូរ៉េខាងជើង ដែលកិច្ចប្រជុំនោះនឹងប្រព្រឹត្តទៅនាថ្ងៃទី១១ធ្នូ។
ចំណែករបបកូរ៉េខាងជើងវិញលើកឡើងដោយគ្មានការបញ្ជាក់ច្បាស់ ពីការសាកល្បងដ៏សំខាន់បំផុតមួយ ដែលចង់ផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ប្រទេស។ ការសាកល្បងនោះធ្វើនៅមូលដ្ឋានបាញ់បង្ហោះផ្កាយរណបSOHAE ជាទីតាំងដែលមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន ធ្លាប់សន្យាបិទកាលពីឆ្នាំ២០១៨។
ទន្ទឹមនឹងនេះការផ្លាស់ប្ដួរវោហាសាសន៍គ្នាមានលក្ខណៈកាន់តែគំរាមកំហែងនិងអុជអាលទៅវិញទៅមក បន្ទាប់ពីមានការខិតចូលជិតគ្នាគួរឲ្យភ្ញាក់ផ្អើលនាឆ្នាំ២០១៨ និងការជួបគ្នាជាប្រវត្តិសាស្ត្រ៣លើករវាងលោកដូណាល់ត្រាំនិងលោកគីមជុងអ៊ុន។ លោកត្រាំបានព្រមានកាលពីថ្ងៃទី៨ធ្នូថា លោកគីមជុងអ៊ុនជាអ្នកមានបញ្ញាខ្លាំង ហើយនឹងទទួលការបាត់បង់ច្រើនបំផុតរហូតដល់គ្រប់យ៉ាង ប្រសិនបើប្រកាន់យកការប្រទូស្តរ៉ាយ។
ចំណែករដ្ឋអំណាចកូរ៉េខាងជើងវិញ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានឡងដោយផ្ទាល់ចំពោះលោកត្រាំវិញជាលើកដំបូង ចាប់តាំងពីភាពតានតឹងឆ្នាំ២០១៧មក ខុសពីពេលមុនដែលរហូតមកទល់ពេលនេះវាយប្រហារតែទៅលើបណ្ដាអ្នកនៅជុំវិញលោកត្រាំ ដូចជារដ្ឋមន្ត្រីការបរទេសលោកMIKE POMPEOឬអតីតទីប្រឹក្សាសន្តិសុខជាតិ លោកJOHN BOLTONជាដើម។
លោកគីមយ៉ុងចុលអ្នកទទួលខុសត្រូវជាន់ខ្ពស់កូរ៉េខាងជើងម្នាក់នាថ្ងៃទី៩ធ្នូ បានប្រើពាក្យធ្ងន់ៗលើលោកត្រាំ ដោយចាត់ទុកលោកត្រាំថា ជាមនុស្សចាស់ដែលគ្មានការអត់ធ្មត់ គ្មានការពិចារណា និងរវើររវាយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ