ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN គ្រោង​ចំណាយ​ថវិកា​ជាង​៨​លាន​ដុល្លារ​ជួយ​លើ​វិស័យ​ការងារ​សមរម្យ​សម្រាប់​យុវជន​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​ប្រឹក្សា​ភិ​បាល​នៃ​កម្មវិធី​រួម​គ្នា​របស់​អង្គការសហប្រជាជាតិ «​រួម​គ្នា ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​» គ្រោង​នឹង​ចាប់​អនុវត្ត​ជំហាន​ទី​២​នៃ «​គម្រោង​ការងារ​សមរម្យ​សម្រាប់​យុវជន​ក្នុង​ប្រទេស​កម្ពុជា​» រយៈពេល​៤​ឆ្នាំ​ទៀត (២០២០-២០២៣)…

រាជធានី​ភ្នំពេញ ៖ គណៈ​ប្រឹក្សា​ភិ​បាល​នៃ​កម្មវិធី​រួម​គ្នា​របស់​អង្គការសហប្រជាជាតិ «​រួម​គ្នា ដើម្បី​មុខរបរ និង​ការងារ​របស់​យុវជន​នៅ​កម្ពុជា​» គ្រោង​នឹង​ចាប់​អនុវត្ត​ជំហាន​ទី​២​នៃ «​គម្រោង​ការងារ​សមរម្យ​សម្រាប់​យុវជន​ក្នុង​ប្រទេស​កម្ពុជា​» រយៈពេល​៤​ឆ្នាំ​ទៀត (២០២០-២០២៣) ដោយ​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង​៨​លាន​ដុល្លារ ។

ថវិកា​ទាំងនេះ​បាន​មក​ពី​ការ​រួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល ភ្នាក់ងារ​ស្វី​ស ដើម្បី​ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ (SDC) ទីភ្នាក់ងារ​ចូលរួម​របស់​អង្គការសហប្រជាជាតិ និង​ដៃគូ​ឯកជន​នានា​ផង​ដែរ ។ គម្រោង​ថវិកា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​៥ ចូលរួម​ជា​សហ​ប្រធាន​ដឹកនាំ និង សម្របសម្រួល​ដោយ​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៩-១០ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប ។

លោក ហេង​សួរ បាន​លើក​ឡើង​ថា កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ពិនិត្យ​មើលទៅ​លើ​លទ្ធផល​ដែល​សម្រេច​បាន​របស់​កម្មវិធី​នៅ​ក្នុង​ជំហាន​ទី​១ ពិភាក្សា និង​អនុម័ត​អំពី​ជំហាន​ទី​២ និង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២០ និង​ដាក់​ឲ្យ​ដំណើរការ​នៃ​ជំហាន​ទី​២ ដែល​មាន​រយៈពេល​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០-២០២៣ ។

គួរ​រំលឹក​ថា ជំហាន​ទី​១ នៃ​គម្រោង​រួម​គ្នា​នេះ​ត្រូវ​បាន​អនុវត្ត​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៧ នឹង​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​មាន​រយៈពេល​២​ឆ្នាំ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ៤,៤៧៨,០០០​ដុល្លា​អា​មេ​រិ​ក ក្រោម​ជំនួយ​គាំទ្រ​សប្បុរសធម៌ និង​ការ​ចូលរួម​ជា​យុទ្ធសាស្ត្រ​ពី​ទីភ្នាក់ងារ​ស្វី​ស សម្រាប់​ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ (SDC) និង​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ ដោយ​មាន​សហការ​ជា​ដៃគូ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ។

បើ​តាម​លោក​ហេង សួរ បាន​ឲ្យ​ដឹង​ថា ជំ​ហា​ទី​២ ដែល​គ្រោង​នឹង​ចាប់​អនុវត្ត​នៅ​ក្នុង ឆ្នាំ​២០២០ គឺ​មាន​រយៈពេល​៤​ឆ្នាំ (២០២០-២០២៣) មានឈ្មោះ​ថា «​ការងារ​សមរម្យ​សម្រាប់​យុវជន​ក្នុង​ប្រទេស​កម្ពុជា​» និង​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង​៨​លាន​ដុល្លារ ដែល​បាន​មក​ពី​ការ​រួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល​ភ្នាក់ងារ​ស្វី​ស ដើម្បី​ការ​អភិវឌ្ឍ​និង​កិច្ច សហប្រតិបត្តិការ (SDC) ទីភ្នាក់ងារ​ចូលរួម​របស់​អង្គការសហប្រជាជាតិ និង​ដៃគូ​ឯកជន​នានា​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ