បទ​ប្បញ្ញត្តិ​មាន​ត្រឹមតែ​នៅ​លើ​ក្រដាស កាស៊ីណូ​បើកទ្វារ​ស្វាគមន៍​ខ្មែរ​ចូល​លេង​ម៉ា​សេរី


ខេត្ត​កំពត ៖ ទោះបីជា​មានការ​អនុញ្ញាត​ច្បាប់​ឲ្យ​បើក​កាស៊ីណូ​ដោយ​ស្របច្បាប់​ក្តី ប៉ុន្តែ​ជា​ទូទៅ​ការ​គោរព​តាម​បទប្បញ្ញត្តិ​របស់​អន្តរក្រសួង​បាន​កំណត់ ឬ​ដាក់​បទបញ្ជា​អនុញ្ញាត​ឲ្យ​តែ​ជនបរទេស​ចូល​លេង​ទេ គឺ​ហាម​ដាច់ខាត​ជនជាតិ​ខ្មែរ​មិន​ត្រូវ​បានឱ្យ​ចូល​លេង​ឬ​ចាក់​ភ្នាល់​រាល់​ល្បែង​ដែល​លេង​នៅ​ក្នុង​កាស៊ីណូ​ឡើយ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ស្ទើរតែ​គ្រប់​កាស៊ីណូ​និយាយ​ជា​រួម និង​និយាយ​ដោយឡែក​កាស៊ីណូ​នៅ​ច្រក​ទ្វារ​តន់​ហន់ គេ​សង្កេត​ឃើញជាក់ស្តែង​មាន​តែ​ជនជាតិ​ខ្មែរ​ចូល​លេង​កាស៊ីណូ​ច្រើន​ជាង​ជនបរទេស​ទៅ​ទៀត ហើយ​ការ​ចូល​លេង​ពី​សំណាក់​ជនជាតិ​ខ្មែរ​ខាងលើ គេ​ពុំ​ឃើញ​អាជ្ញាធរ ឬ​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ណែនាំ​ទប់ស្កាត់​ឬ​មាន​វិធានការ​ចំពោះ​កាស៊ីណូ​ដែល​ល្មើស​ម្តងណា​ឡើយ ។

រាល់​ទ​ង្វើ​ដែល​កាស៊ីណូ​ខាងលើ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​រាល់ថ្ងៃ និង​ដោយ​រលូន​បាន​ធ្វើ​ឱ្យ​មាន​មន្ទិល​ថា បើ​ម្ចាស់​កាស៊ីណូ​ច្រក​ទ្វារ​ទ្វេរ​ភាគី​តន់​ហន់​នេះ មិន​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឬ​មានការ​ស៊ី​ស​ស៊ូ​ស​គ្នា​ទេ​នោះ​ម្ល៉េះ​ប្រជាជន​ខ្មែរ​មិន​អាច​ចូល​លេង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​នេះ​បាន​ឡើយ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​ជា​ច្រើន​នាក់ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​នេះ​ច្រើន ទើប​មាន​ចោរកម្ម​នៅ​ក្នុង​តំបន់​នេះ តែង​កើត​ឡើងជា​ហូរហែ​នា​ពេល​កន្លង​មក ហើយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក៏​តែងតែ​កើត​មាន​ជា​ហូរហែ​ដែរ ដោយសារ​តែ​ការ​ចាញ់ល្បែង​កាស៊ីណូ ។

ជុំវិញ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ខាងលើ​ថា មូលហេតុ​នៃ​ការ​ត្រូវ​គ្នា​ដោយ​ករណី​ណាមួយ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ច្រក​ទ្វារ​ទ្វេភាគី​តន់​ហន់​នេះ ភ្នាក់ងារ​យើង​បាន​ទំនាក់ទំនង​ទូរស័ព្ទ​ទៅ​លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​ខាងលើ ប៉ុន្តែ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន ។ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​មេត្តា​ជួយ​មាន​វិធានការ​ឲ្យ​តឹង​រឹង​បំផុត​ដល់​កាស៊ីណូ​ដែល​អនុញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ខុស​ពី​បទបញ្ញត្តិ​នេះ ។

មាន​មតិ​ខ្លះ​និយាយ​ថា បើក​កាស៊ីណូ បើ​ឱ្យ​តែ​ជនបរទេស​ចូល​លេង តើ​បើក​ធ្វើ​អី ? មាន​ជនបរទេស​ប៉ុន្មាន​នាក់​ទៅ​ដែល​ចូល​លេង​នោះ ? តាម​ពិត​គេ​សម្លឹង​ឃើញ​ខ្មែរ​ក្នុងស្រុក​ទេ​ដែល​ចូល​លេង ហើយ​លុយ​ក៏​ច្រើន​ដែរ ។ ចំណែក​ច្បាប់​ហាម​មាន​តែ​នៅ​លើ​ក្រដាស់​ឯណោះ​ទេ លេង​ទៅ​កុំ​ខ្វល់ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ