ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ ! ក្រុម​កាំបិតប៉័ងតោ​ប៉ូលិស​តាម​៣​យប់ ៤​ថ្ងៃ ឆ្លង​៤​ខេត្ត​ទើប​ចាប់​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​ទទួលផល​ចោរកម្ម​ទិញ​ម៉ូតូ​ពី​ក្រុម​ចោរប្លន់​កាំបិត​បុ័ងតោ​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​បាន ។ បន្ទាប់​មក​បាន​តាម​រយៈពេល​៣​យប់ និង​៤​ថ្ងៃ ព្រមទាំង​ឆ្លងកាត់​ខេត្ត​ចំនួន​៤​ទើប​ចាប់ខ្លួន​បាន ។ ដោយឡែក​ក្រុម​ចោរប្លន់​៣​នាក់​ដែល​យក​ម៉ូតូ​ទៅ​លក់​ឲ្យ​ជន​នោះ​ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​បាន​សម្រេច​នោះ ត្រូវ​បាន​នគរបាល​ខាងលើ​ចាប់ខ្លួន​បាន​កាលពី​ជាង​១០​ថ្ងៃមុន…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​ទទួលផល​ចោរកម្ម​ទិញ​ម៉ូតូ​ពី​ក្រុម​ចោរប្លន់​កាំបិត​បុ័ងតោ​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា​បាន ។ បន្ទាប់​មក​បាន​តាម​រយៈពេល​៣​យប់ និង​៤​ថ្ងៃ ព្រមទាំង​ឆ្លងកាត់​ខេត្ត​ចំនួន​៤​ទើប​ចាប់ខ្លួន​បាន ។

ដោយឡែក​ក្រុម​ចោរប្លន់​៣​នាក់​ដែល​យក​ម៉ូតូ​ទៅ​លក់​ឲ្យ​ជន​នោះ​ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​បាន​សម្រេច​នោះ ត្រូវ​បាន​នគរបាល​ខាងលើ​ចាប់ខ្លួន​បាន​កាលពី​ជាង​១០​ថ្ងៃមុន ក្រោយ​ពេល​ពួក​នេះ​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​ពី​បុគ្គលិក​ហាង​ខារ៉ាអូខេ​២​នាក់​ប្ដី​ប្រពន្ធ​បាន​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។ ការ​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​អ្នក​ទទួល​ទិញ​ម៉ូតូ​ចោរ​នោះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៩ ខណៈ​ដែល​ជន​នេះ​ព្យាយាម​រត់គេច​ខ្លួន​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ហើយ​ចុង​ក្រោយ​ទៅ​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ​ឯ​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង ។

ជនសង្ស័យ​រូប​នេះ​ឈ្មោះ វ៉ា​ន់ សា​វឿ​ន អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ូតូ​មានស្រុក​កំណើត​ក្នុងភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សម្បត្តិ​មាន​ជ័យ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង និង​ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ក្រោយ​គេ​នេះ​គឺជា​អ្នក​ទទួលផល​ចោរកម្ម និង​សមគំនិត​នៅ​ក្នុង​អំពើ​ទុច្ចរិត ហើយដោយ​សារ​តែ​ជន​នេះ​គឺជា​អ្នករ៉ាប់រង​ខាង​ទទួល​ទិញ​ម៉ូតូ ទើប​ធ្វើ​ឲ្យ​ក្រុម​ចោរ​មាន​ទីកន្លែង​សម្រាប់​លក់​ហើយ​បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​ពី​អ្នកដំណើរ​ពេល​យប់​ជា​បន្តបន្ទាប់ ។

ប៉ុន្តែ​សកម្មភាព​លើក​ចុង​ក្រោយ និង​ជា​ពេល​អស់លក្ខណ៍​សម្រាប់​ក្រុម​នេះ​គឺ​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​យប់​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ធ្វើ​សកម្មភាព​ដេញ​តាម​ធាក់​ផ្ដួល​រួច​ប្រើ​កាំបិត​បុ័ងតោ​ដេញ​កាប់​បុរស និង​ស្ត្រី ២​នាក់​ប្ដី​ប្រពន្ធ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច នៅ​តាម​ផ្លូវ​បេតុង​ឃ្យូ​អឹ​ម​អាយ ត្រង់​ចំណុច​មុខ​រោងចក្រ​ក្លេត​ភី ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ជើង​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​ដែល​ជន​រង​គ្រោះ​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HI-0319 ឌុ​ប​គ្នា​ចេញពី​ធ្វើការ​ហាង​ខារ៉ាអូខេ​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល​វិញ ។

បន្ទាប់​មក​ក្រុម​ចោរ​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ ប៉ុន្តែ​ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​៣​នាក់​ជា​បន្តបន្ទាប់​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​នោះ​ដែរ​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​នៅ​ក្នុង​អំពើ​ប្លន់​លើក​ចុង​ក្រោយ​ឈ្មោះ គា សុភា​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​ខារ៉ាអូខេ​ផង និង​ជា​កម្មក​រោងចក្រ​ផង ស្នាក់​នៅ​បន្ទប់​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ស្ត្រី​ជា​ប្រពន្ធ​របស់​គាត់​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ។

ដោយឡែក​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ក្រោយ​ពេល​ប្លន់​នា​ពេល​នោះ​រួម​មាន​ទី​១-​ឈ្មោះ មួន ភិ​រ័ក្ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស​រៀន​ជួសជុល​ម៉ូតូ ស្នាក់​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ទី​២-​ឈ្មោះ កែវ សុភាព ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី​ទី​៦ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​៣-​ឈ្មោះ គង់ ប៊ុ​ន​សី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ជន​នេះ​ជា​អ្នក​យក​ម៉ូតូ​ដែល​ប្លន់​បាន​ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់​នៅ ដោយ​រង់ចាំ​ពេល​ស្ងប់ស្ងាត់​នគរបាល​លែង​រុករក​ទើប​បញ្ចេញ​យក​ទៅ​លក់​ឲ្យ​ឈ្មោះ វ៉ា​ន់ សា​វឿ​ន ដែល​ចាំ​ទទួល​ទិញ​ស្រាប់ ប៉ុន្តែ​មិន​ទាន់​បាន​លក់​ផង​ត្រូវ​កម្លាំង​ចាប់ខ្លួន​ទាំង​៣​នាក់​ចំណែក​ឈ្មោះ វ៉ា​ន់ សា​វឿ​ន បាន​រត់គេច​ខ្លួន​បាត់ ។

នគរបាល​បាន​បញ្ជាក់​បន្លែ​ម​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន​កម្លាំង​ដកហូត​បាន​ម៉ូតូ​ជន​រង​គ្រោះ​មក​វិញ​ហើយ​ក្រុម​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​២​លើក​ដោយ​លើក​ទី​១​ប្លន់​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង​រួច​យក​ទៅ​លក់​ឲ្យ​ឈ្មោះ វ៉ា​ន់ សា​វឿ​ន លុះ​លើក​ទី​២​ក៏​ត្រូវ​ជាប់អន្ទាក់ ។ បន្ទាប់​ក​ម្លាំ​នគរបាល​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ហើយ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោយមក​កម្លាំង​បាន​បន្ត​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ឈ្មោះ វ៉ា​ន់ សា​វឿ​ន ដែល​ជា​អ្នកសមគំនិត​ទទួល​ទិញ​ម៉ូតូ​ទៀត ។

ដោយ​បាន​ទទួល​ដំណឹង​ថា ជន​នេះ​ទៅ​លាក់ខ្លួន​នៅ​ឯ​ខេត្តព្រៃវែង ក៏​បាន​តាម​ទៅ​ដល់ទី​នោះ​តែ​ជន​នេះ​ដឹងខ្លួន​ទាន់​ក៏​បាន​បន្ត​គេច​ទៅ​លាក់ខ្លួន​នៅ​ឯ​ស្រុក​កំណើត​ក្នុងភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​សម្បត្តិ​​មាន​ជ័យ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ ពេល​នោះ​កម្លាំង​បាន​តាម​ទៅ​ទីនោះ​ទៀត​ប៉ុន្តែ​ជនសង្ស័យ​បាន​គេច​ចេញ​ដោយ​ឆ្លងកាត់​ខេត្តក្រចេះ និង​ចូល​ទៅ​ដល់​ខេត្តស្ទឹងត្រែង​រួច​ចូល​ទៅ​សម្ងំ​នៅ​ក្នុង​ព្រៃ​នៅ​ទីនោះ​ទើបត្រូវ​កម្លាំង​ចាប់​បាន​រួច​នាំ​ត្រឡប់​មក​កាន់​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ វិញ​ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ