សាធារណរដ្ឋ​កូរ៉េ​បន្ដ​ផ្ដល់​ជំនួយ​ឥត​សំណង​​ដល់​កម្ពុជា​តាម​រយៈ​ក្រសួង​ធន​ធានទឹក និង​ឧតុនិយម


រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ចន្ទ ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ ២០១៩ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ និង​ចុះហត្ថលេខា​រួម លើ​អនុស្សា​រណៈ​យោគយល់​គ្នា ស្តី​ពី​គម្រោង «​តម្លើង​ប្រព័ន្ធ​ពិនិត្យ សង្កេត​ធាតុអាកាស​ស្វ័យប្រវត្តិ​នៅ​កម្ពុជា សម្រាប់​បម្រើ​ឲ្យ​ការ​ព្យាករ និង​ប្រកាស​ព័ត៌មាន​ជា​មុន​ពី​គ្រោះ​ធម្មជាតិ​នៅ​កម្ពុជា​» ដែល​ជា​ជំនួយ​ឥត​សំណង​ផ្តល់​ដោយ​រដ្ឋបាល​ឧតុនិយម​នៃ​សាធារណរដ្ឋ​កូរ៉េ ក្រោម​អធិបតីភាព ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង H.E. Mr. Jongseok KIM ប្រធាន​រដ្ឋបាល​ឧតុនិយម នៃ​សាធារណរដ្ឋ​កូរ៉េ ។

ជំនួយ​ឥត​សំណង ដែល​រដ្ឋបាល​ឧតុនិយម​នៃ​សាធារណរដ្ឋ​កូរ៉េ​ផ្តល់​មក​ឲ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ពេល​នេះ មាន​ដូច​ខាងក្រោម ៖

១- តម្លើង​ស្ថានីយឧតុនិយម​ស្វ័​យ​ប្រ​ត្តិ​ចំនួន ២៧ កន្លែង នៅ​បណ្តា​ខេត្ត​ដែល​ពុំ​ទាន់​មាន​ស្ថានីយ​ឧតុនិយម​គ្រប់គ្រាន់ ក្នុង​ការ​ពិនិត្យ​សង្កេត​តាមដាន​ធាតុអាកាស ដើម្បី​ទទួល​បាន​ទិន្នន័យ​ព័ត៌​មាន​កាន់តែ​ទូលំទូលាយ គ្រប់គ្រាន់​សម្រាប់​ធ្វើការ​ព្យាករ ស្រាវជ្រាវ ធាតុអាកាស និង​ប្រើប្រាស់​លើ​វិស័យ​ដទៃ​ៗ​ទៀត ។

២- បំពាក់​គ្រឿង​បរិក្ខារ​ឧតុនិយម​មួយ​ចំនួន​ទៀត សម្រាប់​ទ្រទ្រង់​ដល់​ការ​ព្យាករ​ធាតុអាកាស និង​ប្រព័ន្ធ​ប្រកាស​ជូនដំណឹង​ជា​មុន ស្តី​ពី​គ្រោះថ្នាក់​ធម្មជាតិ​ដែល​កើត​នៅ​កម្ពុជា​។ ធ្វើការ​បញ្ជូន​អ្នកបច្ចេកទេស​របស់​កូរ៉េ មក​ជួយ​បណ្តុះបណ្តាល​នៅ​ក្នុង​ប្រទេស និង​ធ្វើការ​បណ្តុះបណ្តាល​បន្ថែម​នៅ​ប្រទេស​កូរ៉េ ដើម្បី​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​ឧតុនិយម​កម្ពុជា ក្នុង​ការ​ព្យាករ​ធាតុ​អាកាស​ឲ្យ​បាន​កាន់តែ​សុ​ក្រិត ។

៣- បន្ថែម​ពី​នេះ រដ្ឋបាល​ឧតុនិយម​កូរ៉េ និង​វិទ្យាស្ថាន​ឧតុនិយម​កូរ៉េ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា នឹង​បន្ត​ជជែក​គ្នា​ពី​លទ្ធភាព​ផ្តល់​នូវ​គម្រោង​ជំនួយ​ឥត​សំណង​ថ្មី​ៗ​បន្ថែម​ទៀត លើ​ការ​ទទួល​បាន​នូវ​ព័ត៌មាន​ឧតុនិយម​ពី​ផ្កាយ​រណប​ឧតុនិយម​ថ្មី GK-2A របស់​សាធារណៈរដ្ឋ​កូរ៉េ ក្នុង​ការ​ប្រើប្រាស់ វិភាគ និង​តាមដាន​ស្ថានភាព​ធាតុ​នៅ​កម្ពុជា ។

៤- ភាគី​ទាំង​ពីរ ប្តេជ្ញា​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​ឧតុនិយម​ឲ្យ​កាន់តែ​រីក​ចម្រើន​​តទៅ​មុខ​ទៀត ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ