ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់សៀម​កំពុង​ប្រឈម​ខ្វះខាត​ទឹក


ខេត្តកំពង់ចាម ៖ ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣៦​ហិ​កតា នៅ​ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម កំពុង​តែ​ជួប​បញ្ហា​កង្វះខាត​ទឹក​ត្រូវ​បាន​លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នា​រសៀល​ថ្ងៃ​ទី​០៧ ធ្នូ ២០១៩ ជាមួយ​នោះ​អាជ្ញាធរ​បាន​ប្ដេជ្ញា​ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​បូមទឹក​ចេញពី​ព្រែក​កៀន​ជ្រៃ ដើម្បី​សង្គ្រោះ​ស្រូវ ។

កសិករ​ឈ្មោះ ផ​ន ផា អាយុ​៦០​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្រោយ​ឆ្នាំ​១៩៧៩ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ចែក​ដី​របស់​គាត់​បាន​ចំនួន​៤​ស្រែ ដែល​មាន​ទំហំ​ជាង​កន្លះ​ហិ​កតា គាត់​តែងតែ​ដាំ​ដំណាំ​ស្រូវ​ភេទ IR85 ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។

កសិករ​រូប​នេះ​បាន​ប្រាប់​បន្ត​ថា ចំពោះ​ផល​ស្រូវ​ដែល​ទទួល​បាន គឺ​អាច​ផ្គត់ផ្គង់ និង​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​សម​ល្មម ។ ប៉ុន្តែ​ដោយសារ​គ្រោះ​ធម្មជាតិ​មានការ​ប្រែប្រួល​រហូត​មក​ដល់​ឆ្នាំ​២០១៩​នេះ គាត់​បាន​ជួប​បញ្ហា​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​ចំនួន​២​លើក ។ រូប​គាត់​ក៏​ដូច​ជា ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​មាន​ក្តី​សប្បាយ​រីករាយ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន ពិសេស​លោក​អភិបាលខេត្ត​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ចុះ​មក​ជួយ​អន្តរាគមន៍​រៀបចំ​បូមទឹក​ដោយ​ទាន់​ពេលវេលា ។ ជាមួយ​នោះ​គាត់​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ផល​ដែល​ទទួល​បាន​នៅ​ចុងឆ្នាំ​២០១៩ នេះ​នឹង​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​សម​ល្មម ។

លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម កំពុង​តែ​ប្រឈម​នឹង​កង្វះខាត​ទឹក នា​រសៀល​ថ្ងៃ​ទី​០៧ ធ្នូ​នេះ រូប​លោក​បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ទៅ​ពិនិត្យ មើល​ដំណាំ​ស្រូវ​នៅ​ចំណុច​បឹង​វែង ក្នុង​ឃុំ​កៀន​ជ្រៃ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​បាន​ធ្វើ​ឲ្យ​បឹង​នេះ​ស្ទើរតែ​រីង​ទឹក​អស់ ។

អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ព្រមទាំង​អាជ្ញាធរ​ខេត្ត ។ ដោយ​បាន​រៀបចំ​ម៉ាស៊ីន បូមទឹក​នៅ​ថ្ងៃ​ទី​០៨ ធ្នូ ដោយ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ក្នុង​ការ​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ ។ ហើយ​ក៏​សូម​ឱ្យ​បងប្អូន​មេត្តា​ចូលរួម​សហការ​ជាមួយ និង​ក្រុមការងារ​ឲ្យ​បាន​ផុស​ក្នុង​ការ​សង្គ្រោះ​ដំណាំ​ស្រូវ​ឲ្យ​បាន​ទាន់​ពេលវេលា​ជៀសវាង​កុំ​ឲ្យ​ស្កក​ព្រោះតែ​ខ្វះ​ទឹក ៕

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១០ | ក្នុងស្រុក

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ស្តែង​ចេញ​​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត Tiger Street Football 2020 បាន​បើក​ឆាក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​!

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ