ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​មានការ​ត្អូញត្អែរ​ធ្វើស្រែ​មិនកើត​ព្រោះ​តម្លៃ​ស្រូវ​ចុះថោក

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បងប្អូន​ប្រជា​កសិករ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​នៃ​ខេត្តសៀមរាប ដែល​បាន​ទទួល​រង​គ្រោះ​រាំង​ស្ងួត និង​ទឹកជំនន់​ផង កាលពី​ដើមរដូវ​នៃ​ការ​បង្កបង្កើន​ផល​ឆ្នាំ​២០១៩​នេះ មានការ​ត្អូញត្អែរ​អំពី​តម្លៃ​ស្រូវ​ពួក​គាត់​ត្រូវ​បាន​ក្រុម​ឈ្មួញកណ្តាល​បញ្ចុះតម្លៃ​ទៅ​តាមតែ​អំពើ​ចិត្ត ។ តាម​ការ​បញ្ជាក់​របស់​បងប្រុស​តំណាង​បងប្អូន​ប្រជា​កសិករ​ដោយ​មិន​បាន​បញ្ចេញ​ឈ្មោះ ស្ថិត​នៅ​ក្នុង​ឃុំ​សែន​សុខ…

ខេត្តសៀមរាប ៖ បងប្អូន​ប្រជា​កសិករ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​នៃ​ខេត្តសៀមរាប ដែល​បាន​ទទួល​រង​គ្រោះ​រាំង​ស្ងួត និង​ទឹកជំនន់​ផង កាលពី​ដើមរដូវ​នៃ​ការ​បង្កបង្កើន​ផល​ឆ្នាំ​២០១៩​នេះ មានការ​ត្អូញត្អែរ​អំពី​តម្លៃ​ស្រូវ​ពួក​គាត់​ត្រូវ​បាន​ក្រុម​ឈ្មួញកណ្តាល​បញ្ចុះតម្លៃ​ទៅ​តាមតែ​អំពើ​ចិត្ត ។

តាម​ការ​បញ្ជាក់​របស់​បងប្រុស​តំណាង​បងប្អូន​ប្រជា​កសិករ​ដោយ​មិន​បាន​បញ្ចេញ​ឈ្មោះ ស្ថិត​នៅ​ក្នុង​ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា នៅ​ដើមរដូវ​បង្កបង្កើន​ផល​ប្រជា​កសិករ​យើង​បាន​ជួប​នូវ​គ្រោះ​រាំង​ស្ងួត​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ខូចខាត​ស្ទើរ​ទាំងស្រុង ។

ក្រោយ​ពេល​ទទួល​អំណោយ​ស្រូវពូជ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បងប្អូន​យើង​បាន​ធ្វើការ​ស្តា​ឡើង​វិញ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់ ។ តែ​អកុសល​នៅ​ពេល​ដែល​ស្រូវ​បាន​កំពុង​ដុះ​ឡើង​ក៏​បាន​ជួន​នូវ​ជំនន់​ទឹក​ភ្ញៀវ​បាន​បំផ្លិចបំផ្លាញ​ដំណាំ​ស្រូវ​មួយ​ចំនួន​ផង​ដែរ ។

បងប្រុស​បាន​បន្ត​ទៀត​ថា នៅ​ពេល​ដែល​បងប្អូន​ប្រជា​កសិករ​យើង​បាន​កំពុងធ្វើការ​ប្រមូល​ផល​ស្រូវ ហើយ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ចុះ​មក​ប្រមូល​ទិញ​ផល​ស្រូវ​នៅ​តាម​បណ្តា​មូលដ្ឋាន ត្រូវ​បាន​ឲ្យ​តម្លៃ ស្រូវ​របស់​ប្រជា​កសិករ​យើង​មាន​តម្លៃ​ទាប ហើយ​បងប្អូន​ប្រជា​កសិករ យើង​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើ​ស្រូវ​មួយ​ឆ្នាំ​នេះ​ទូទាត់​ទៅ​មិន​បាន​រួច​តម្លៃ​ថ្លៃ​ជី និង​ថ្លៃ​ច្រូតកាត់​ផង ព្រមទាំង​គ្មាន​ស្រូវ​ដាក់​ជង្រុក​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ក្រុម​គ្រួសារ​ទៀត​ផង ។

ក្នុង​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​ការ​ខ្វះខាត​ស្បៀង​ផ្គត់ផ្គង់​ក្នុង​ក្រុម​គ្រួសារ​នា​ឆ្នាំ​ក្រោយ​នេះ ។ បងប្រុស​ក៏​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ក៏​ដូច​អាជ្ញាធរ​ខេត្ត ស្រុក សូម​ជួយ​ឲ្យ​អន្តរាគមន៍​ចំពោះ​តម្លៃ​នៃ​ស្រូវ​របស់​ប្រជា​កសិករ​កុំ​ឲ្យ​ក្រុម​ឈ្មួយ​ធ្វើការ​បន្ថោក​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​ដែល​បាន​ខិតខំ​បង្ហូរញើស​ក្រោម​កម្តៅថ្ងៃ ហាលភ្លៀង​ដោយ​គ្មាន​ពេល​ល្ហែរ ដើម្បី​បង្កបង្កើន​ផល​ចិញ្ចឹមជីវិត ។ ម្យ៉ាងទៀត​ក៏​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ និង​កំណត់​តម្លៃ​ឲ្យ​បាន​ច្បាស់​ងាយស្រួល​ដល់​ប្រជា​កសិករ​កុំ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​ទៅ​តាម​អំពើ​ចិត្ត​នោះ ។

តាម​ការ​បញ្ជាក់​របស់​បងស្រី​ជា​ឈ្មួញកណ្តាល​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​នេះ គឺ​គិត​តម្លៃ​ទៅ​តាម​ប្រភេទ​ស្រូវ​ចំពោះ​ស្រូវម្លិះ​ក្រហម ១​គីឡូក្រាម តម្លៃ​១​ពាន់​៨០០​រៀល , ស្រូវ ម្លិះ​ស ១​គីឡូក្រាម តម្លៃ​៧០០​រៀល , ចំពោះ​ស្រូវ​សុទ្ធ​១​គីឡូក្រាម តម្លៃ​៩៥០​រៀល ស្រូវ​ចម្រុះ ១​គីឡូក្រាម តម្លៃ​៨០០​រៀល ។

បើ​យោង​ទៅ​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​បញ្ជាក់​ថា ការ​ប្រមូល​ផល​ស្រូវ​វស្សា​បាន​សរុប​១២៩​ពាន់​៧០៣​ហិ​កតា ទិន្នផល​ជា​មធ្យម​២,១៩៥​តោន​ក្នុង​មួយ​ហិ​កតា បរិមាណ​ផល​សរុប​២៨៤​ពាន់​៨១៣ តោន ។ ក្នុង​នោះ​ដែរ តម្លៃ​ស្រូវ​ក្រអូប​ស្ងួត​១​គីឡូក្រាម​តម្លៃ​១​ពាន់​៥០០​រៀល , ស្រូវ​ក្រអូប​សើ​0​ម ១​គីឡូក្រាម​តម្លៃ​១​ពាន់​៥០​រៀល , ស្រូវ​ចម្រុះ​ស្ងួត​១​គីឡូក្រាម តម្លៃ​៩៥០​រៀល , ស្រូវ​ចម្រុះ​សើម​១​គីឡូក្រាម​តម្លៃ​៨៥០​រៀល ។

តាម​ការ​បញ្ជាក់​របស់​ជំនាញ​កសិកម្ម​លើ​ដំណាំ​ស្រូវ ដើម្បី​ឲ្យ​ស្រូវ​របស់​ប្រជា​កសិករ​មាន​ទីផ្សារ និង​មាន​តម្លៃ​ខ្ពស់​នោះ គឺ​សូម​ឲ្យ​បងប្អូន​ប្រជា​កសិករ​ចេះ​ជ្រើសរើស​គ្រប់​ពូជស្រូវ ដើម្បី​តម្រូវការ​ទៅ​តាម​ទីផ្សារ ព្រមទាំង​ឲ្យ​ចេះ​ចងក្រង​ក្រុម​ក្នុង​ការ​បង្កបង្កើន​ផល​ក្នុង​ការ​ជៀសវាង​ការ​ចម្លង​ពូជស្រូវ​ពី​ស្រែ​មួយ​ទៅ​ស្រែ​មួយ​ដែល​ធ្វើ​ឲ្យ​ស្រូវ​បងប្អូន​មាន​លក្ខណៈ​គ្រាប់ស្រូវ​ចម្រុះ​ដោយ​ក្នុង​តំបន់​វាលស្រែ​នោះ​ធ្វើស្រែ​មានពូជ​ស្រូវ​គ្រប់​ប្រភេទ​ដែល​បង្ក​ឲ្យ​ស្រូវ​បងប្អូន​ក្លាយ​មិន​សុទ្ធ​ដូច​គ្រាប់ពូជ​ដែល​បាន​ធ្វើ​នោះ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ