ហ្វីលីពីន៖ តាមសេចក្ដីរាយការណ៍ពីទីក្រុងម៉ានីលបានឱ្យដឹងថា កីឡាការិនី ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាស១គ្រឿង ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន លើប្រភេទកីឡាតេក្វាន់ដូបន្ទាប់ពីបានប្រកួតឈ្នះម្ចាស់ផ្ទះកាលពីថ្ងៃទី៨ ធ្នូ ។
កីឡាការិនី ស៊ន សៀវម៉ី ជាអតីតម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ឆ្នាំ២០១៧ ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម។ ដូច្នេះ ការឈ្នះមេដាយមាសពីការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីនលើកទី៣០កាលពីថ្ងៃទី៨ធ្នូឆ្នាំ២០១៩ លើកនេះទៀត ជាជ័យជម្នះក្នុងការការពារនូវតំណែងជាម្ចាស់មេដាយមាស។
ស្របពេលជាមួយគ្នានេះដែរ មិត្តរួមជាតិកីឡាការិនី ឈឿង អាលីហ្សា បានប្រកួតចាញ់ម្ចាស់ផ្ទះហ្វីលីពីនក្នុងលទ្ធផលពិន្ទុ១២ ទល់និង៣នៅវគ្គប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។ ចំណែកកីឡាការិនីកូនកាត់អាមេរិក ថិបកាសាន់ ទ្រេនីកូលដណ្ដើមបានត្រឹមមេដាយប្រាក់១គ្រឿងដូចគ្នាបន្ទាប់ពីប្រកួតចាញ់ កីឡាការិនីវៀតណាមនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
តាមការឱ្យដឹងបន្ថែមគិតត្រឹមថ្ងៃអាទិត្យទី៨ធ្នូកម្ពុជាទទួលបានមេដាយជាបណ្ដោះអាសន្តពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន ចំនួន៣៥គ្រឿង ក្នុងនោះ មេដាយមាសចនួន៣គ្រឿង មេដាយប្រាក់ចំនួន៦គ្រឿង និងមេដាយសំរឹទ្ធចំនួន២៦គ្រឿង ៕