មួយគ្រួសារ៤នាក់ បាត់បង់ជីវិត៣នាក់​លើ​ដងវិថី​


​ខេត្តបន្ទាយមានជ័យ ៖ ប្តី​ប្រពន្ធ​និង​កូនប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​កូនស្រី​ម្នាក់​អាយុ​៣​ឆ្នាំ​បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​អភិវឌ្ឍន៍​២៥៦៣ ត្រង់​ចំណុច​ខាងលិច​ផ្លូវបំបែក​ចូល​ទៅ​ភូមិ​សេរីកា​ចម្ងាយ​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា បើ​តាម​សេចក្តីរាយការណ៍​របស់​នគរបាល​ស្រុក​ថ្មពួក​បាន​ប្រាប់​ឱ្យ​ដឹង​ថា គ្រួសារ​រង​គ្រោះ​ខាងលើ​រួម​មាន ប្តី​ឈ្មោះ យិ​ន ម៉េ​ង​ធី អាយុ​៥៦​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ រួម​មាន​ប្រពន្ធ​ឈ្មោះ សា​រឿ​ន អាយុ​៤៥​ឆ្នាំ រីឯ​កូនប្រុស​ឈ្មោះ ធី ចាន់​ធាន អាយុ​៦​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​កូន​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់​ឈ្មោះ ធី ចាន់​ធា ភេទ​ស្រី អាយុ​៣​ឆ្នាំ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក ។ គ្រួសារ​រង​គ្រោះ​នេះ​មាន​ទីលំនៅ​ភូមិ​គោក​រមៀត ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

លោកនាយ​រង​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ភាគី​ខាង​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត ហើយ​សង្ស័យ​អ្នកបើកបរ​ម៉ូតូ​បើក​បុក​រថយន្ត​ធុន​ធំ​ពីក្រោយ​ក្នុង​ទិស​ដៅ​ស្របគ្នា ក្រោយ​ពី​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ ភាគី​ខាង​រថយន្ត​បាន​បើក​គេច​បាត់ បន្សល់​ទុក​តែ​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត និង​រង​របួស​ដេក​រដូករណែល​នៅ​លើ​ដងផ្លូវ​។

លោកនាយ​រង​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ពិនិត្យ សង្ស័យ​ជន​រង​គ្រោះ​បើក​ម៉ូតូ​ក្នុង​ល្បឿន លឿន ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​ពីក្រោយ ទើប​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​បាត់​បង់ជីវិត​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​សាច់ញាតិ​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ