ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​ឆ្មក់២កន្លែង ​ចាប់បានតែ​ម៉ូតូនិង​ឡាន​ចំណែកមនុស្សនាំគ្នារត់បាតជើងសព្រាត

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។ តប​តាម​ការ​ណែនាំ​កម្លាំង សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដោយ​ខុសច្បាប់​ចំនួន​២​កន្លែង​ផ្សេង​គ្នា…

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។ តប​តាម​ការ​ណែនាំ​កម្លាំង សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដោយ​ខុសច្បាប់​ចំនួន​២​កន្លែង​ផ្សេង​គ្នា ក្នុង​នោះ​នៅ​ស្រុក​ជើងព្រៃ និង​ក្រុង​កំពង់ចាម ត្រូវ​បាន​បង្ក្រាប​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​៧ ធ្នូ ឆ្នាំ​២០១៩ ដោយ​រឹបអូស​បាន​ម៉ូតូ​ជា​ច្រើន​គ្រឿង និង​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​១​គ្រឿង ចំណែក​ក្រុម​អ្នក​លេង​ល្បែង​បញ្ជល់មាន់​បាន​នាំ​គ្នា​រត់​បាត​ជើង​ស​ព្រាត​គេចខ្លួន​អស់​។

លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​រាយការណ៍​មក​រូប​លោក​ថា មាន​គេ​លួច​បើក​បញ្ជល់មាន់​ដោយ​ខុសច្បាប់ ហើយ​មាន​មនុស្ស​ជា​ច្រើន​នាក់​ពពាក់ពពូន​ទៅ​ភ្នាល់​ដាក់​លុយ​និង​ស្រែក​ហ៊ោកញ្ជ្រៀវ​នៅ​ជាយក្រុង​កំពង់ចាម​។

លោកស្នងការ​នគរបាល​ខេត្ត​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម នៅ​វេលា​ម៉ោង​៩ និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩ បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​ទាំង​៤ និង​កម្លាំង​ការិយាល័យ​អន្តរាគមន៍​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អុឹង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម ចុះ​បង្ក្រាប​ករណី​លួច​លេងល្បែង​ស៊ីសង​១​កន្លែង​នៅ​ចំនុច​ក្នុង​ព្រៃ​ស្ថិត​ក្រោយ​ភូមិ​បឹង​បា​សាក់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។ ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ ក្រុម​អ្នកលេង​បញ្ជល់មាន់​ឃើញ​សមត្ថកិច្ច​ភ្លាម ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​តែ​ម្តង ដោយ​បន្សល់​ទុក​វត្ថុ​តាង​រួម​មាន រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-៥៤៨៥ និង​ម៉ូតូ​ចំនួន​២១​គ្រឿង មាន់​ជល់​ចំនួន​២​ក្បាល កន្ត្រក​ដាក់​មាន់​ជល់​ចំនួន​៣ និង​កៅស៊ូ​តង់​ព​ទ្ធ័​ជុំ​សង្វៀនមាន់​១​។

លោកស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា ចំពោះ​ករណី​ទី​២-​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ ខែធ្នូ ២០១៩ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប្រាក់ សុខ​គុណ អធិការ​នគរបាល​ស្រុក​ជើងព្រៃ ចុះ​បង្ក្រាប​ទីតាំង​លួច​លេងល្បែង​ស៊ីសង​ខុសច្បាប់​បញ្ជល់មាន់​នៅ​ចំណុច​ព្រៃ​កប់ខ្មោច ស្ថិត​នៅ​ភូមិ​បឹង​ជ្រោយ ឃុំ​សូរ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។​ ដោយ​ស្ថានភាព​ផ្លូវ​ឆ្ងាយ​ពី​ភូមិ​ផ្លូវ​លំបាក​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ស្រាប់តែ​អ្នកលេង​ល្បែង​នាំ​គ្នា​រត់គេច​បាត់​អស់ ដោយ​បន្សល់​ទុក​វត្ថុ​តាង​មួយ​ចំនួន រួម​មាន​ម៉ូតូ​ចំនួន​២៧​គ្រឿង និង​មាន់​ជល់​ចំនួន​២​​ក្បាល ។

ចំពោះ​វត្ថុ​តាង​ទាំងអស់​ខាងលើ​ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​នីមួយ​ៗ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​និង​តាម​ស្រាវជ្រាវ​រក​ម្ចាស់​លួច​លេងល្បែង​បញ្ជល់មាន់​ដែល​ខុសច្បាប់​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោកស្នងការ​នគរបាល​ខេត្ត​សូមស្វាគមន៍​ចាំ​ទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ប្រសិនបើ​ឃើញ​មានការ​បើក​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​នៅ​តំបន់​ណាមួយ សូម​ប្រញាប់​រាយការណ៍​មក​រូប​លោក​ជា​បន្ទាន់​ដើម្បី​មាន​វិធានការ​ចុះ​បង្ក្រាប​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ