ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មេក្របី​១​យប់ ព្រឹក​ឡើង​រក​ឃើញ​នៅ​សាលាសង្កាត់​ចោម​ចៅ​៣

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មេក្របី​២​ក្បាល ត្រូវ​បាន​បុរស​ចំណាស់​ម្នាក់​ចិញ្ចឹម ប៉ុន្តែ​ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃ​មកនេះ គាត់​ឈឺ​ជើង​ពិបាក​ដើរ​ឃ្វាល ឬ​ចងវា​ឲ្យ​ស៊ី​ស្មៅ គាត់​ក៏​ពឹង​ក្មេង​ៗ​ឲ្យ​ជួយ​មើល និង​ដឹក​យក​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ដី​វាល…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មេក្របី​២​ក្បាល ត្រូវ​បាន​បុរស​ចំណាស់​ម្នាក់​ចិញ្ចឹម ប៉ុន្តែ​ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃ​មកនេះ គាត់​ឈឺ​ជើង​ពិបាក​ដើរ​ឃ្វាល ឬ​ចងវា​ឲ្យ​ស៊ី​ស្មៅ គាត់​ក៏​ពឹង​ក្មេង​ៗ​ឲ្យ​ជួយ​មើល និង​ដឹក​យក​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ដី​វាល ស្រាប់តែ​មេក្របី​ទាំង​២​ក្បាល​នេះ​ដើរ​បាត់​រក​មិនឃើញ​ពេញ​១​យប់ លុះដល់​ព្រឹក​ឡើង​ទើប​រក​ឃើញ​នៅ​ក្នុង​សាលាសង្កាត់​ចោម​ចៅ​៣​ទៅ​វិញ​។

ដោយសារ​តែ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ខាង បាន​លើ​ប្រទះ​ឃើញ​មេក្របី​នេះ​ដើរ​តាម​ផ្លូវ ហើយ​ខ្លាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នកដំណើរ ឬ​ដេញ​វ័ធ​អ្នកដំណើរ ទើប​ចាប់ចង​ទុក​មួយ​កន្លែង បន្ទាប់​មក​ទៀត​ដឹក​យក​ទៅ​ចង​ទុក​នៅ​ក្នុង​សាលាសង្កាត់​តែ​ម្ដង​។ មេក្របី​ទាំង​២​ក្បាល​នោះ​ត្រូវ​ប្រជា​ការពារ​ប្រទះ​ឃើញ​កាលពី​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ជិត​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ចំណាស់​ជា​ម្ចាស់​មេក្របី​ខាងលើ​នោះ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ គ្រាន់តែ​ដឹង​ថា គាត់​ស្នាក់​នៅ​ជិត​រោងចក្រ​ដែកគោល ស្ថិត​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​ប្រជា​ការពារ​ម្នាក់​ឲ្យ​ដឹង​ថា ខណៈ​ដែល​គាត់​ជិះ​ម៉ូតូ​ល្បាត​នា​ម៉ោង​៥​ព្រឹក ក៏​បាន​ប្រទះ​ឃើញ​មេក្របី​ទាំង​២​ក្បាល​ខាងលើ​ដើរ​នៅ​លើ​ផ្លូវជាតិ​លេខ​៣ ហើយ​ពេល​នោះ​នៅ​លើ​ដងផ្លូវ​នេះ កំពុង​មាន​អ្នកដំណើរ ទាំង​រថយន្ត និង​ម៉ូតូ​យ៉ាង​មមាញឹក​ផង​ដែរ​។ ភ្លាម​ៗ​នោះ ដោយសារ​តែ​ខ្លាច​ពួក​វា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​តាម​ផ្លូវ ដោយ​ការ​រត់​បុក​រថយន្ត ឬ​ម៉ូតូ​ផង ឬ​ក៏​ដេញ​វ័ធ​មនុស្ស​បណ្ដាល​ឲ្យ​មាន​របួស​គ្រោះថ្នាក់​ដល់​ជីវិត​ផង ទើប​គាត់​ចាប់​វា​ចង​នៅ​ក្បែរ​នោះ​សិន ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ទៅ​ទទួលយក​វិញ​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ក្រោយ​ពេល​ចាប់ចង និង​ប្រកាស​រក​ម្ចាស់​រហូត​ដល់​ម៉ោង​៩​ព្រឹក​ទៅ​ហើយ នៅ​តែ​រក​មិនឃើញ​ទៀត​នោះ ទើប​ដឹក​វា​យក​ទៅ​ចង​ទុក​នៅ​ក្នុង​សាលាសង្កាត់​ចោម​ចៅ​៣​វិញ​។ លុះ​ក្រោយមក​ទើប​ឃើញ​បុរស​ចំណាស់​ម្នាក់​ដែល​ជា​កសិករ​ធ្វើ​ដំណើរ​ទៅ​កាន់​សាលា​សង្កាត់ ហើយ​អះអាង​ថា មេក្របី​ទាំង​២​ក្បាល​នេះ​គឺជា​ក្របី​របស់​គាត់ និង​បាន​សុំ​យក​ទៅ​វិញ​។

បើ​តាម​បុរស​ជា​ម្ចាស់​ក្របី​ខាងលើ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​នោះ​ទេ ហើយ​គាត់​បាន​ប្រាប់​អាជ្ញាធរ​សង្កាត់​ថា គាត់​បាន​ចិញ្ចឹម​មេក្របី​ទាំង​២​ក្បាល​នេះ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​មកនេះ គាត់​ឈឺ​ជើង​ពិបាក​ក្នុង​ដឹក​ក្របី​យក​ទៅ​ចង ឬ​ឃ្វាល​វា​ឲ្យ​ស៊ី​ស្មៅ ទើប​គាត់​ពឹង​ក្មេង​ៗ​ឲ្យ​ជួយ​ដឹក​យក​ទៅ​ចង​។ ប៉ុន្តែ​ពុំ​ដឹង​ថា ក្មេង​ៗ​ចង ឬ​អត់​នោះ​ទេ ស្រាប់តែ​ក្របី​ដើរ​បាត់​ពេញ​១​យប់​រក​មិនឃើញ​សោះ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​នៅ​សាលាសង្កាត់​ទៅ​វិញ ហើយ​គាត់​ក៏​សូម​អរគុណ​ដល់​អាជ្ញាធរ​សង្កាត់ និង​កម្លាំង​ប្រជា​ការពារ ដែល​បាន​ជួយ​ចាប់​ក្របី​ចង​ទុក​ឲ្យ​គាត់​បែប​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ