ខេត្តបាត់ដំបង ៖ ប្ដីដ៏ឡប់សតិម្នាក់បានរឹតកប្រពន្ធរួចលេបថ្នាំតាមក្រោយ បណ្តាលឱ្យបាត់បង់ជីវិតកើតឡើងកាល៧និង៣០នាទីយប់ថ្ងៃទី០៦ ធ្នូ នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ដែលគេងអះអាងថា ផ្ដើមចេញពីភ្លើងប្រចណ្ឌឆាបឆេះរោលរាល ។
លោកផង់ សុភាព អធិការស្រុកថ្មគោលបាននិយាយថា អំពើឃាតកម្មនេះ គឺបង្កឡើងដោយបុរសជាប្ដីឈ្មោះ លុយ សំណាង អាយុ៤០ឆ្នាំ ដែលមានសតិមិនប្រក្រតី រីឯប្រពន្ធដែលត្រូវជនឡប់សតិនេះសម្លាប់ឈ្មោះ លាស់ សុខជា អាយុ៣៩ឆ្នាំ ។ លោកថា ជននេះបានយកកន្សែងពោះគោ រឹតកប្រពន្ធរហូតដាច់ខ្លួនស្លាប់ ខណៈកូនៗមិននៅ។ ក្រោយពីសម្លាប់ប្រពន្ធ ជននេះបានរត់ទៅយក«ថ្នាំសរសៃប្រសាទ» ដែលខ្លួនសម្រាប់លេបប្រចាំថ្ងៃ លេបអស់ជាច្រើនគ្រាប់រហូតសម្លាប់បាត់ស្មារតី ហើយបុរសនេះក៏បានបាត់បង់ ជីវិតដែរ នៅវេលាប្រមាណជាង២ម៉ោងក្រោយ បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត។
បើតាមការសាកសួរព័ត៌មានបឋមថា ករណីនេះ គឺផ្ដើមចេញពីប្ដីប្រចណ្ឌប្រពន្ធ ខណៈដែលលោកប្ដីរូបនេះកើតរោគសរសៃប្រសាតផង។ ជុំវិញករណីប្ដីសម្លាប់ប្រពន្ធរួចសម្លាប់ខ្លួនឯងជាក្រោយដោយសារភ្លើងប្រចណ្ឌនេះ បើតាមសាច់ញាតិបានប្រាប់សមត្ថកិច្ចថា ពេលនោះ មានតែប្ដីប្រពន្ធ២នាក់នេះប៉ុណ្ណោះដែលនៅផ្ទះ រីឯកូនៗមិនបាននៅទេ។ ប៉ុន្តែក្រោយកើតហេតុបន្តិចទើបបានដឹង ទើបមានការភ្ញាក់ផ្អើលឆោឡោពេញភូមិតែម្ដង។
សាច់ញាតិបានបញ្ជាក់ថា គេមិនដឹងថា បុរសជាប្ដីប្រចណ្ឌប្រពន្ធជាមួយបុរសណា ហើយក៏មិនធ្លាប់ឃើញប្រពន្ធមានទំនាក់ទំនងជាមួយបុរសណាដែរ តែនេះទំនងដោយសារតែការស្រមើស្រមៃអារម្មណ៍គិតរវើរវាយក្ដៅក្រហាយរហូតឈានដល់ការសម្លាប់ប្រពន្ធ និងសម្លាប់ខ្លួនឯងតែម្ដង ។
លោកឧត្តមសេនីយ៏ត្រី ជេត វណ្ណនី ស្នងការរងខេត្តបានមានប្រសាសន៍ថា នេះជាករណីឃាតកម្មរវាងប្ដីនិងប្រពន្ធ តែក្រោយសម្លាប់ប្រពន្ធជនដៃដល់ដែលជាប្ដីក៏បានលេបថ្នាំសម្លាប់ខ្លួនឯងដែរ ។ លោកស្នងការរងបានបញ្ជាក់ថា បើតាមយោងលើការបំភ្លឺនានា ពីសាច់ញាតិ គឺអំពើឃាតកម្មដ៏ព្រៃផ្សៃនេះផ្ដើមចេញពី«ភ្លើងប្រចណ្ឌ» ដែលគ្មានហតុផល ហើយជនដៃដល់ក៏មានសតិមិនប្រក្រតីទៀត។
នេះបើតាមការអះអាងពីក្រុមគ្រួសារដែលថា ជនដៃដល់បានប្រើប្រាស់ថ្នាំសរសៃប្រសាតជាប្រចាំ ។ ទោះយ៉ាងណា លោកស្នងការរងបានបញ្ជាក់បន្ថែមថា សំណុំរឿងនេះត្រូវបានបញ្ចប់ ត្រិមជនរងគ្រោះក៏ស្លាប់ រីឯអ្នកប្រព្រឹត្តក៏ស្លាប់ ហើយអ្នកដែលរងគ្រោះពិតប្រាកដ គឺកូនៗរស់យ៉ាងកំព្រាវេទនាបំផុតទៅថ្ងៃអនាគត។
ចែករំលែកព័តមាននេះ